បក្សប្រឆាំងគ្រោងកោះហៅ លោក ស៊ុយ សែម បំភ្លឺពីគម្រោងអគ្គិសនីនៅព្រះសីហនុ

គណៈកម្មការទី២នៃរដ្ឋសភា គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធ​គម្រោងវិនិយោគអគ្គិសនីនៅខេត្តព្រះសីហនុ ដោយថា គម្រោងវិនិយោគនោះមានភាពមិនប្រក្រតីច្រើន។​

អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ប្រាប់អ្នកសារព័ត៌មានក្រោយប្រជុំសភា នៅថ្ងៃនេះថា គណៈកម្មការទី២នឹងដាក់លិខិតកោះហៅ លោក ស៊ុយ សែម ឲ្យមកផ្តល់ព័ត៌មានជាក់លាក់ជុំវិញគម្រោងវិនិយោគផលិត អគ្គិសនីដុតធ្យូងថ្មក្នុងខេត្តព្រះសីហនុ ដោយថា គម្រោងនោះមិនមានការដេញថ្លៃត្រឹមត្រូវ និង មានតម្លៃខ្ពស់ថែមទៀត។

លោកបន្ថែមថា កន្លងមករដ្ឋសភាទទួលបានសំណើរ សុំឲ្យផ្តល់សច្ចាប័នដល់ក្រុមហ៊ុនចំនួន ពីរដែលរកស៊ីផលិតអគ្គិសនីដោយដុតធ្យូងថ្ម ដើម្បីធ្វើការផលិតអគ្គិសនីបន្ថែមក្នុងរាជធានីភ្នំពេញ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម បែរជាផ្តល់សិទ្ធិវិនិយោគទៅឲ្យក្រុមហ៊ុនមួយផ្សេង ទៀតនៅខេត្តព្រះសីហនុដោយមិនមានការដេញថ្លៃឡើយ។

លោកបន្ថែមថា «វាមានករណីគួរឲ្យងើងឆ្ងល់ដែរសេចក្តីស្នើមកថា មូលហេតុដែលនាំឲ្យផ្តល់ សិទ្ធិទៅក្រុមហ៊ុនទាំងពីរនោះគឺដោយសារតែមានសំណើរឬក៏យោបល់ពីអ្នកឯកទេសជប៉ុនថា ត្រូវតែមានការផលិតអគ្គសនីក្បែររាជធានីភ្នំពេញ ដើម្បីធានាកុំឲ្យមានភាពល្អាក់ល្អួលក្នុងការ ផ្តល់ហើយគាត់ហ្នឹង[លោក ស៊ុយ សែម]បានយកគំនិតហ្នឹងទៅឆ្នៃបានជាជំរើសបួនដល់ជំរើស ចុងក្រោយទី៤របស់គាត់ៗទៅទទួលយកអ្នកផលិតអគ្គិសនីនៅកំពង់សោមវិញ ឆ្ងាយម៉ាយោច ទៅទៀត។ ហើយអត់មានដេញថ្លៃអីទេ ហើយទៅទិញសន្យាទិញគេតម្លៃខ្ពស់មែនទែនខុស ថ្លៃដែលយើងទិញពីឡាវជាងពាក់កណ្តាលដូច្នេះខ្ញុំថាករណីពីរហ្នឹងវាកាន់តែធំដែលត្រូវពិនិត្យ»។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីក្រុមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានទេ ដោយទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការសួរដេញដោលទៅលើរដ្ឋមន្រ្តីពាក់ព័ន្ធបញ្ហាអ្វីមួយ វាជាសិទ្ធិរបស់តំណាងរាស្រ្ត ហើយថាដើម្បីផលប្រយោជន៍ជាតិគួរតែមានការឆ្លើយបំភ្លឺគ្នាទៅវិញទៅមកជុំវិញភាពមិនប្រកក្រតីទាំងនោះ។

លោកបន្តថា ការដែលក្រសួងហ៊ានលាតត្រដាងការពិត គឺធ្វើឲ្យមានជំនឿដល់សាធារណជនថាខ្លួនមិនជាប់ពាក់​ព័ន្ធនឹ​ង​រឿងអាស្រូវពុករលួយ។

លោកបន្តថា «ទាំងអស់គ្នាជាបំរើប្រទេសជាតិបំរើប្រជាពលរដ្ឋ អញ្ចឹងការមានចម្លល់អីត្រូវបំភ្លឺ គ្នាទៅវិញទៅមកវាគឺជាវប្បធម៌មួយក្នុងការបំពេញការងាររបស់តួអង្គពាក់ព័ន្ធ អញ្ចឹងការសួរ ដេញដោលគ្នាវាត្រូវតែកើតមាន ហើយការបើកចំហការដេញថ្លៃលើការប្រគួតប្រជែងដើម្បី ធានាបាននូវតម្លាភាពមួយគឺជារឿងចាំបាច់ ហើយប្រសិនបើមានការដេញថ្លៃដោយការប្រគួត ប្រជែងវានឹងជួយដល់ការចំណាយសាធារណៈហ្នឹងកាន់តែមានប្រសិទ្ធភាព ហើយតម្លាភាព និងផ្តល់ផលប្រយោជន៍រដ្ឋាភិបាលច្រើនដែរ»។

បើតាមតំណាងរាស្ត្របក្សសង្រ្គោះជាតិ លោក សុន ឆ័យ ឲ្យដឹងថា គណៈកម្មការទី២នៃរដ្ឋសភាក៍គ្រោងកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម បំភ្លឺបន្ថែមពាក់ព័ន្ធ ការបន្តអាជីវកម្មខ្សាច់ផងដែរ ដោយថា ដើម្បីពង្រឹងគ​ណ​នេ​យ្យភាព ជម្រះមន្ទិលសង្ស័យ និងអំពើពុករលួយព្រមទាំងជៀសវាងកា​រភាន់ច្រឡំផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ