ក្រសួងកសិកម្ម​ថាការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ខ្មែរ​ដូចគ្នាទៅ​នឹង​​ប្រទេស​ជា​ច្រើន​នៅ​អ៊ឺរ៉ុប

ក្រសួង​កសិកម្ម​ថាការ​ធ្វើចំណាកស្រុក​របស់​ពល​រដ្ឋ​ខ្មែរពី​ទីជន​បទ​ ទៅ​ទីក្រុង និង​ក្រៅ​ប្រទេស​គឺ​មិន​មែន​ជា​រឿង​ចំឡែក​នោះ​ទេ ដោយ​ថាមាន​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប និង​អាស៊ី​ក៏​ធ្វើ​បែប​នេះ​ដូច​គ្នា​ដែរ។

ក្នុង​របាយការណ៍ស្រាវជា្រវ​​ដែល​បោះផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ មិថុនា ​ ក្រសួង​កសិកម្ម​រក​ឃើញ​ថា កំលាំង​ពល​កម្ម​ក្នុង​វិស័យកសិកម្ម​របស់​កម្ពុជាបាន​ធ្លាក់​ពី​៨០%នៅ​ឆ្នាំ​១៩៩៣ មក​កាន់​៤០%​ក្នុង​ឆ្នាំ​២០១៧។ ការ​ធ្លាក់​ចុះ​នេះបណ្តាល​មក​ពី​ការ​ធ្វើ​ចំណាកស្រុក​ពី​ទី​ជន​បទ ទៅកាន់​ទីក្រុង ឬ​ក្រៅ​ប្រទេស​ដើម្បី​​រក​ប្រាក់​ចំណូល​បន្ថែម​ក្រៅពីវិស័យ​កសិកម្ម។ ក្រសួង​បាន​បញ្ជាក់​ថាដំណើរ​វិវត្តន៍​នេះ​គឺ​ដូច​គ្នាទៅ​នឹង​បណ្តាប្រទេស​មួយ​ចំនួ​ន​នៅ​សហគមន៍​អឺរ៉ុប និង​ប្រទេស​អាស៊ី​មួយ​ចំនួន​ មាន​ដូច​ជា​អង់គ្លេស ហូឡង់ អ៊ីតាលី បារាំង ថៃ អាមេរិក ចិន​ ឥណ្ឌា ជប៉ុន កូរ៉េ វៀតណាម ភីលីពីន និង​ឥណូនេស៊ី​ជា​ដើម។

ក្រសួង​បាន​បន្ថែម​ថាគោល​នយោបាយ​មួយ​ចំនួន​របស់​កម្ពុជាដែល​មាន​ដូច​ជា ការ​អំពាវនាវ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​អភិវឌ្ឍន៍ទទួល​យក​ពល​ករ​ពីកម្ពុជា ការ​អភិវឌ្ឍវិស័យ​ឧស្សាហកម្ម ការ​ធ្វើ​សម្បទាន​ដី​សេដ្ឋកិច្ចជា​ដើម​គឺ​ត្រឹម​ត្រូវ ក្នុង​ការ​ចែក​រំលែក​ការលំបាក​របស់​ប្រជាពល​រដ្ឋ​កម្ពុជា។

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក ម៉ឿន តុលា យល់​ថាការ​លើក​ឡើង​របស់​រដ្ឋាភិបាល​នេះគ្រាន់​តែ​ជាលេស​របស់​ខ្លួន​ក្នុង​ការ​ការ​ពារ​លំហូរ​ពល​រដ្ឋ​ពី​ក្នុង​ប្រទេ​ស​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ លោក​ថា​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជា​ជន​នៃ​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ ​ជា​ការ​ធ្វើ​ចំណាក​ស្រុក​នៃ​ការ​ងារ​ជំនាញមិន​មែន​ជាពលករ​ដូច​ការ​ធ្វើ​ចំណាកស្រុក​របស់​ពល​រដ្ឋ​កម្ពុជានោះ​ទេ។

លោក​ថា៖ «អញ្ចឹងអ្វីដែលគេ(អឺរ៉ុប) ​ធ្លាប់ប្រើកម្លាំងគ្នាពី២០៣០នាក់ទៅ១០០នាក់អញ្ចឹ គេបែមកប្រើតែម៉ាស៊ីនមួយហើយប្រើតែមនុស្សម្នាក់ពីរនាក់ហ្នឹងគឺបានហើយ អាហ្នឹងជាអ្វីដែលធ្វើឲ្យធ្លាក់ចំនួនអ្នកធ្វើកសិកម្មនៅក្នុងវិស័យកសិកម្មហ្នឹង ហើយកម្លាំងទាំងអស់ហ្នឹងគាត់ងាកមករកវិស័យឧស្សាហកម្ម​​កែច្នៃវិញបច្ចេកវិទ្យាអី។ល។ តែក្នុងស្រុកយើងផ្សេង នៅក្នុងស្រុកយើងគឺដោយសារតែនៅក្នុងកសិកម្មអស់ហ្នឹងគឺ ទីមួយគឺយើងអត់មានទីផ្សារធ្វើកសិកម្មបានហើយយើងអត់មានទីផ្សារសម្រាប់ស្រូបយកផលិតផលរបស់គាត់​»

បើ​តាម​លោក​ ម៉ឿន​ តុលា ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ជាប្រទេស​កសិកម្ម​ហើយ​នៅ​កំពុង​អភិវឌ្ឍន៍​នៅ​ឡើយ លោក​ឲ្យ​ជា​យោបល់​ថា​ទាំង​នេះហើយ​គួរ​តែ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​វិស័យ​កសិកម្ម ដោយ​ជួយ​​​កសិករ​​ឲ្យ​នៅ​តែ​ជាម្ចាស់​ដីរបស់​ខ្លួន ហើយ​ធ្វើ​ការ​ផលិត​មាន​អ្នក​ទិញត្រឹមត្រូវ មិន​គួរ​បណ្តែត​បណ្តោយ​​ឲ្យ​ពល​រដ្ឋ​ខ្លួន​ធ្វើ​ចំណាក​ស្រុក​ ហើយ​ការ​ពារ​ការ​ធ្វើ​ចំណាកស្រុក​នោះ​ថា​ជា​អ្វី​ដែល​ត្រឹម​ត្រូវ​នោះ​ទេ។

វិស័យ​កសិកម្ម​នៅ​កម្ពុជា​ត្រូវបាន​គេ​មើល​ឃើញ​ថានៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយបើ​ធៀប​ទៅ​នឹង​ប្រទេស​នានា​ទៅ​ក្នុង​តំបន់​អាស៊ាន ហើយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ពល​រដ្ឋ​នោះ​ទៀត​សោត​ក៏​ទទួល​បាន​ការ​រិះ​គន់​ជាច្រើនផង​ដែរពី​កំម្សោយ​នៃ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ទៅ​លើការ​រក​កាងារ​ជូន​ប្រជា​ពល​​រដ្ឋ។

ក្នុង​របាយការណ៍​​ក្រសួង​ការ​ងារបាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ឆ្នាំ​២០១៦​នេះ​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​ក្នុង​មួយ​ឆ្នាំ​ពល​ករ​ចំណាក​ស្រុក​ទាំង​នោះ​​អាច​នាំ​ចំណូល​បាន​ជាង​១,៧ពាន់​លាន​ដុល្លា​អាមេរិក​មក​កម្ពុជា ព្រម​ទាំងទទួល​បាន​នូវ​​មុខ​ជំនាញ​វិជ្ជា​ជីវៈ​ក្នុងពេល​កំពុង​ធ្វើ​ការនោះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ