ឃ្មឹប បើកឆាករឿងដំបូង ក្រោយបរាជ័យក្នុងជីវិត

តារាសម្ដែងនាង រ៉េន សុធារី ហៅឃ្មឹប (វង្ស សុម៉ាលីន)

ក្រោយពីក្រុមកំប្លែងនាយកុយទទួលអោយចូលកំប្លែងឡើងវិញ គេកត់សម្គាល់ថាតារាសម្ដែងនាង រ៉េន សុធារី ហៅឃ្មឹប ទទួលបានទីផ្សារសម្ដែងគួរអោយកត់សម្គាល់បន្ថែមពីឱកាសដែលគេឃើញនាងបានកំប្លែង និង អញ្ជើញអោយឡើងឆាកទូរទស្សន៍ក្នុងកម្មវិធីកិច្ចសម្ភាសន៍និងលេងហ្គេមសប្បាយៗជាដើម។

អ្វីដែលគេចាប់អារម្មណ៍គឺនាងទើបនឹងបានបើកឆាកសម្ដែងរឿង «សំបុត្រចោលទុក្ខ» ដែលបានប្រកាសឡើងកាលពីថ្ងៃទី១៩ មិថុនា យ៉ាងកាលីបថែមមួយទៀត ខណៈដែលរឿងមួយនេះគឺរឿងដំបូងបន្ទាប់ពីនាងបានត្រលប់មកកាន់សិល្បៈម្ដងទៀតដោយសារការផ្ដល់ឱកាសរបស់នាយកុយ។

នាងឃ្មឹបនិយាយថា បើគិតពីការសម្ដែងតាំងពីមុននាងមិនទាន់ធ្លាក់ខ្លួនមានច្រើនមកហើយ ប៉ុន្តែបើគិតត្រឹមការសម្ដែងរឿងក្រោយពីនាងបានត្រលប់មកវិញ គឺជារឿងទី១ដែលមានផលិតករកុនបានផ្ដល់ឱកាសអោយនាង។

ភាពយន្ដដែលនាងសម្ដែងនេះ ត្រូវបានប្រកាសថារឿងភាគរបស់ទូរទស្សន៍ MY TV ដោយមានចំនួនដល់ជាង១០០ភាគឯណោះ តែបានបែងចែកជាវគ្គៗព្រោះមានសាច់រឿងដាច់ចេញពីគ្នា ហើយនាងត្រូវគេអោយសម្ដែងក្នុងវគ្គទី៥ ដែលជាសាច់រឿងចុងក្រោយ។

ភាពយន្តនេះមានចំណងជើងថា «សំបុត្រចោលទុក្ខ» ដែលនិយាយពី​ប្រអប់សំបុត្រដែលតួអង្គប្រើសម្រាប់រៀបរាប់ទុក្ខសោក ប្រអប់មួយនេះ​បានក្លាយជាឈុតឆាកប្រទាក់ក្រឡាគ្នាពីមួយវគ្គទៅមួយវគ្គដែល ធ្វើអោយអ្នកទស្សនាមិនធុញ។ អ្នកនាងឃ្មឹបបញ្ជាក់ថា ឱកាសសម្ដែងរឿងដំបូងបានជួយអោយនាងមានការចាប់អារម្មណ៍និងសប្បាយចិត្តកាន់តែខ្លាំង ក្នុងពេលដែលតាំងពីនាងត្រលប់មកសម្ដែងក៏មានទីផ្សារហៅនាងអោយកំប្លែងច្រើនឡើង បន្ថែមពីការសម្ដែងក្នុងក្រុមលោក ជួង ជី ហៅនាយកុយ។

ក្នុងរឿង «សំបុត្រចោលទុក្ខ» នាងត្រូវផលិតករកុងត្រាអោយសម្ដែងជាតួអ្នកបម្រើ ប៉ុន្តែមានប្លង់អោយនាងថតច្រើនមិនចាញ់តួសំខាន់ក្នុងរឿងនោះឡើយ ទើបនាងយល់ថាខ្លួននឹងទទួលបានតម្លៃខ្លួនច្រើនគួរសមទម្រាំថតចប់ ដោយសារតែខាងផលិតករមានប្លង់អោយនាងថតច្រើន ហើយផ្ដល់កម្រៃអោយនាងទទួលបានតម្លៃថតតាមថ្ងៃ។

ទោះជាបាត់មុខយូរ ប៉ុន្តែនាងថាការសម្ដែងភាពយន្តមិនមែនជាឧបសគ្គនោះទេ ក្នុងពេលដែលនាងធ្លាប់សម្ដែងភាពយន្តរាប់មិនអស់រួចមកហើយបូករួមទាំងរឿងបែប​កំប្លែងផងតាំងពីមុនធ្លាក់ខ្លួន។ ​

នាងប្រកាសទទួលសម្ដែងរឿងអោយបានកាន់តែច្រើនដើម្បីពង្រីកកេរ្តិ៍ឈ្មោះផងនិងសន្សំលុយផងក្នុងពេលដែលនាងមិនអាចពឹងតែលើសម្ដែងកំប្លែងមួយហើយគ្រប់តម្រូវការសម្រាប់ជីវិតនោះបាន។

ធៀបនឹងពេលមិនទាន់ត្រូវបាននាយកុយអនុញ្ញាតិអោយចូលសម្ដែង នាងថារូបខ្លួនផ្ដើមមានសាច់ឈាមភ្លឺថ្លាខ្លះហើយដោយសារតែមានលុយចាយជាងមុន ហើយមិនសូវស្មុគចិត្ត ថ្វីដ្បិតថានាងនៅតែមានមុខជាំស្រអាប់ធ្វើអោយខាងផលិតករមួយចំនួនយល់ថានាងមុខមាត់ពិបាកអោយសម្ដែង ហើយមិនទាន់ផ្ដល់ឱកាសអោយនាង។

នាងថាសម្រស់គឺជារឿងយ៉ាងសំខាន់សម្រាប់​ ប៉ុន្តែនាងក៏មិនអាចសន្សំលុយគិតតែប្រឹងធ្វើខ្លួនដោយមិនរៀបផែនការសម្រាប់ជីវិត ហើយបណ្ដាលអោយធ្លាក់ខ្លួនជាថ្មីទៀតទេ ដោយនាងបានចាត់ទុកថាឱកាសរបស់មនុស្សមិនអាចមានច្រើនដង។

ក្នុងរឿង «សំបុត្រចោលទុក្ខ» នឹងចេញសម្ដែងនៅអំឡុងចុងខែមិថុនា ដើម្បីអោយរឿងមួយនេះ​អាចថតបញ្ចប់នៅអំឡុងចុងឆ្នាំ ហើយអាចចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ My TV នៅដើមឆ្នាំ២០១៨ខាងមុខ។

នៅក្នុងរឿងនេះនាងសម្ដែងជាតួចេកចូចតាមជំនាញ តែក៏មានឈុតម៉ឺងមាត់និងច្រណែនឈ្នានីសជាមួយតួអង្គមួយចំនួនក្នុងរឿងផងដែរ ទើបនាងយល់ថាការសម្ដែងលើកដំបូងរបស់នាង បន្ទាប់ពីដួលផ្ងារជើងគឺនឹងធ្វើអោយ​អ្នកទស្សនាមើលឃើញសមត្ថភាពរបស់នាង ហើយបន្តហៅនាងអោយសម្ដែងបន្ថែមទៀត។

មកទល់ពេលនេះតារាកំប្លែងអ្នកនាង ឃ្មឹប បានអះអាងថា មិនមានផលិតករដែលបានប្រកាសថានឹងហៅអោយនាងបានសម្ដែងណា មួយទាក់ទងអោយនាងសម្ដែងនោះទេ ប៉ុន្តែនាងថាប្រហែលមកពីផលិតរូបនោះមិនទាន់ធ្វើរឿងនិងជ្រើសរើសតួសម្ដែងនៅឡើយ ទើបគ្រាន់តែមានប្រកាសហើយមិនឃើញចេញលទ្ធផល។

នាងបានបញ្ជាក់ថារវាងនាង និងលោកហុងដា ថ្វីដ្បិតតែធ្លាប់ជាអតីតប្ដីប្រពន្ធ ប៉ុន្តែមិនមានទំនាក់ទំនងណាមួយ​​ខុសប្លែកពីបងប្រុស និងប្អូនស្រីនោះទេ បើទោះជាក្នុងពេលកំប្លែងអ្នកនាងត្រូវនាយកុយអោយសម្ដែងធ្វើជាតួប្រពន្ធនាយហុងដា ដែលនាំអោយមានការភាន់ច្រលំពីទំនាក់ទំនងនៅខាងក្រៅការសម្ដែង។

នាងទទួលស្គាល់ថាវត្តមានរបស់នាងក្នុងក្រុមនាយកុយ អាចប៉ះ​ដល់អារម្មណ៍របស់អតីតស្វាមីតិចតួច ប៉ុន្តែនាងក៏បានកោតសរសើរចំពោះលោកហុងដានោះដែរ ដែលបានបើកឱកាសអោយនាងបានសម្ដែងក្នុងក្រុមដោយនាងបានចាត់ទុកថាបើនាយហុងដា ប្រកែកមិនសម្ដែងជាមួយនាង ក៏នាយកុយពិតជាមិនអាចជ្រើសនាងនាំអោយបែកបាក់ក្រុមបាន។

នាងថាលោកហុងដា នៅតែមានការអាណិតអាសូរចំពោះនាងហើយបើទោះជាលោកនៅមានចិត្តខឹងចិត្តស្អប់ ក៏នាងនៅតែគោរពលោកនិងមិនខឹងចំពោះអ្វីដែលនាយហុងដាមានក្នុងចិត្តនោះដែរ។

នាងថាខ្លួននាយកុយ និងលោកហុងដា គឺអ្នកមានគុណក្រោយពេលដែលធ្លាក់ខ្លួន អ៊ីចឹងហើយទើបនាងមិនដែលតវ៉ាឬទាមទារអ្វីក្រៅពីសុំត្រឹមស្នាមញញឹមរបស់អ្នកទាំងពីរនៅពេលបានលេងកំប្លែង ចំពោះគ្នានៅក្រៅឆាកនោះឡើយ។ នាងប្រកាសទទួលការសម្ដែងគ្រប់ទម្រង់ ប៉ុន្តែនឹងទទួលតែការសម្ដែងណាដែលដាក់ថ្ងៃមិនចំការកំប្លែងរបស់នាងក្នុងវង់នាយកុយ មិនជាន់គ្នាប៉ុណ្ណោះដោយសារតែនាងយល់ថាអាជីពកំប្លែងក្នុងក្រុមគឺជាឆ្នាំងបាយជាក់លាក់ជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ