មន្រ្តីបក្សប្រឆាំងគ្រោងដាក់លិខិតទៅក្រសួងការងារឲ្យបំភ្លឺករណីមិនអនុញ្ញាតថ្ងៃឈប់បន្ថែមដល់កម្មករទៅបោះឆ្នោត កាលពីថ្ងៃទី៤មិថុនាកន្លងទៅ បន្ទាប់ពីសាកសួរផ្ទាល់មាត់នៅព្រឹកមិញត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចជំទាស់។
ក្នុងកិច្ចប្រជុំរដ្ឋសភាដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២០ មិថុនា ២០១៧នេះ លោក សុន ឆ័យ តំណាងរាស្ត្រមកពីបក្សសង្រ្គោះជាតិបានទៅសួរទៅតំណាងរដ្ឋាភិបាល ករណីក្រសួងការងារមិនចេញសេចក្តីជូនដំណឹងឲ្យកម្មករឈប់បន្ថែមដូចកាលពីបោះឆ្នោតឆ្នាំ២០០៨ និងឆ្នាំ២០១៣។ លោកថា «ហាក់ដូចជាពេលនេះបន្ទោសគ្នាទៅវិញទៅមក! ថាមិនដឹងជាសមត្ថកិច្ចណាទទួលខុសត្រូវ ហើយរឿងអីបានជាពេលកន្លងទៅនេះមិនមានការអនុញាតជូនដំណឹងច្បាស់លាស់ ដែលធ្វើឲ្យរោងចក្រមួយចំនួនមានការប្រព្រឹត្តខុសឆ្គងដោយបំពានទៀត មានឮថារោងចក្រខ្លះកាត់ប្រាក់បំណាច់ថ្ងៃរហូតដល់៣០ដុល្លារ ជាទឹកប្រាក់ដ៏ធំធេងបែបនេះ»។
ភ្លាមនោះតំណាងរាស្ត្របក្សប្រជាជនកម្ពុជា លោក ស ខេង ឡើងបដិសេធការស្នើសួរនេះ ដោយឲ្យលោក សុន ឆ័យ សួរនៅពេលក្រោយដោយដាក់លិខិត។ លោកថា «ដូចមិនទាន់ដល់ពេលឆ្លើយឬមិនត្រូវឆ្លើយ? ពីព្រោះយើងកំពុងជជែគច្បាប់ហើយទៅសួររឿងហ្នឹង! ខ្ញុំថាឯកឧត្តមគួរដាក់ពាក្យស្នើទៅរដ្ឋាភិបាលដើម្បីឲ្យមកឆ្លើយបំភ្លឺរឿងហ្នឹង មិនមែនថ្ងៃហ្នឹងទេ! សូមអរគុណ»។
ប្រាប់អ្នកសារព័ត៌មានបន្ថែមទៀត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក សុន ឆ័យ បញ្ជាក់ថាមូលហេតុដែលលោកលើកករណីមកជជែកនេះ ដោយសារលោកបានទទួលពាក្យបណ្តឹងចំពោះករណីមិនឲ្យកម្មករឈប់សម្រាកទៅបោះឆ្នោតនេះ ហើយគណកម្មការទី៨ ដែលដឹកនាំដោយ គណបក្សសង្រ្គោះជាតិ នឹងដាក់លិខិត ទៅរដ្ឋមន្ត្រីក្រសួងការងារឲ្យឆ្លើយតបក្នុងសប្តាហ៍នេះ «យើងចង់ទទួលចម្លើយ! ដូចខ្ញុំបានបញ្ជាក់អញ្ចឹង យើងធ្វើការងារពីរដែលយើងសង្ឃឹមថានឹងធ្វើទៅបាន គឺគណកម្មការជំនាញនៃរដ្ឋសភា(គណកម្មការទី៨) នឹងរៀបចំលិខិតហើយ អញ្ជើញគាត់មកឆ្លើយ ហើយខាងក្រុមសភាយើងក៏មានមួយក្រុមដែរនឹងធ្វើលិខិតដើម្បីឲ្យគាត់ឆ្លើយ យ៉ាងហោចណាស់ជាលាយលក្ខណ៍អក្សរមកសិនមក ចង់ដឹងថាវាហេតុផលអី ព្រោះរឿងនេះរឿងចម្លែកដែលមានភាពមិនប្រក្រតី»។
ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិនេះ ក្រសួងការងារមិនបានចេញសេចក្តីសម្រេចឲ្យកម្មករ និយោជិត ឈប់សម្រាកបន្ថែមដើម្បីទៅបោះឆ្នោតដូចកាលពីពេលបោះឆ្នោតលើកមុនៗទេ។
អ្នកវិភាគបាននិយាយថា ការមិនផ្តល់ថ្ងៃឈប់សម្រាកដល់កម្មករទៅបោះឆ្នោត អាចដោយសាររដ្ឋាភិបាលដឹងថាកម្មករភាគច្រើនមិនគាំទ្រខ្លួន៕