សង្គមស៊ីវិលគិតថាការបញ្ចូលកងទ័ពជាភ្នាក់ងារសន្តិសុខបោះឆ្នោតជាអាវុធមុខពីរ

អ្នកឃ្លាំមើលការបោះឆ្នោតបង្ហាញការយល់ឃើញថាការដែលរដ្ឋាភិបាលដាក់កងទ័ពជាភ្នាក់ងារសន្តិសុខសម្រាប់ការពារដំណើការបោះឆ្នោត ពួកគេថាអាចជារូបភាពគំរាមកំហែងកាន់តែធ្ងន់ធ្ងរជាងមុន បើ គ.ជ.ប មិនមានអំណាចគ្រប់គ្រាន់នោះ។

អនុក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា រដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ធ្វើជាអនុប្រធាននិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ជាប្រធាននៃគណៈបញ្ជាការអចិន្ត្រៃយ៍សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើការចុះឈ្មោះបោះឆ្នោតពីឆ្នាំ២០១៦ដល់២០១៩។

អនុក្រឹត្យចែងទៀតថា កម្លាំងនរបាល កងរាជអាវុធហត្ថ ឬកងយោធពលខេមរភូមិន្ទត្រូវរៀបចំបំពេញភារកិច្ចជាភ្នាក់ងារសន្តិបោះឆ្នោតក្នុងដែនសមត្ថកិច្ចរាជធានីខេត្តរៀងៗខ្លួន។

រដ្ឋាភិបាលបញ្ជាក់ថាអនុក្រឹត្យនេះមានគោលបំណងធានាដំណើរការចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ដោយរដ្ឋាភិបាលថា ដើម្បីឲ្យប្រព្រឹត្តទៅដោយសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានហិង្សាផ្សេងៗ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិកហ្វិក លោក សំ គន្ធាមី លើកឡើងថាការដាក់បញ្ចូលយោធាទៅជាភ្នាក់ងារសន្តិសុខសម្រាប់ការបោះឆ្នោតនេះអាចជាអាវុធមុខពីរ។

លោក សំ គន្ធាមី ពន្យល់ថាបើកងយោធពលខេមរភូមិន្ទដែលរូមការសន្តិសុខនោះមានក្រមសីលធម៌និងអព្យាក្រឹតដូចមានចែងក្នុងច្បាប់ លោកថាវត្តមានរបស់កងទ័ពពេលនោះបានចូលរួមចំណែកក្នុងការជំរុញឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយស្នើភាពនិងយុត្តិធម៌។

ប៉ុន្តែលោកថា បើកម្លាំងប្រដាប់អាវុធទាំងនោះមានភាពលំអៀងទៅរកភាគីណាមួយ លោកគិតថាវត្តមានកងទ័ព នឹងក្លាយជារូបភាពគំរាមកំហែងកាន់តែធ្ងន់ធ្ងរជាងមុន។

លោកថា៖ «បើសិនជាវត្តមានយោធានិងប៉ូលីសនៅតាមមណ្ឌលចុះឈ្មោះក្តី នៅពេលឃោសនាបោះឆ្នោតក្តី នៅថ្ងៃបោះឆ្នោត ពេលរាប់សន្លឹកឆ្នោតក្តី បើកងកម្លាំងទាំងនោះមានវិជ្ជាជីវៈវាអាចជួយពង្រឹងសន្តិសុខ ប៉ុន្តែបើមិនមានវិជ្ជាជីវៈវិញ អាហ្នឹងវាកាន់តែធ្វើឲ្យបរិយាកាសហ្នឹងវាធ្លាក់ចុះជាងមុនទៀត វាទៅជាលក្ខណៈគំរាមកំហែងធ្ងន់ធ្ងរជាងមុន»។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅកាត់ថា អឺរ៉ា (ERA) លោកមេធាវី សុក សំអឿន លើកឡើងប្រហាក់ប្រហែលដែរថា កម្លាំងប្រដាប់វុធមិនអាចអត់បានក្នុងកាលៈទេសៈបច្ចុប្បន្ន ក្នុងការចូលរួមរក្សាសណ្តាប់ធ្លាប់សង្គម ។

ប៉ុន្តែលោកថា អ្វីដែលព្រួយបារម្ភនោះកុំឲ្យតែពេលចុះអនុវត្តជាក់ស្តែង មន្ត្រីពាក់ព័ន្ធបែរជាចល័តកងទ័ព បញ្ចេញរថក្រោះពីបន្ទាយជាដើម ដែលលោកគិតថារូបភាពនោះទៅជាភាពគំរាមកំហែង។

កន្លងទៅកាសែតក្នុងស្រុកធ្លាប់ដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ មកចុះផ្សាយថាលោកបានចាត់ទុកបក្សប្រឆាំងថា «ជាពួកអមិត្ត» និងបានចាត់ទុកអ្នកដឹកនាំធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិអាដហុក៤និងមន្ត្រី គ.ជ.ប ថាជាជនឱកាសនិយមជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវិលចង់ផ្តួលរលំរដ្ឋាបាលភិបាលនិងបញ្ជាឲ្យទប់ស្កាត់ដោយមិនយោគយល់។

ប៉ុន្តែកាលពីថ្ងៃអង្គារម្សិលមិញ ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រជាធិបតេយ្យលោក Tom Malinowski ប្រាប់អ្នកសារព័ត៌មានថាលោកបានជំរុញរដ្ឋាភិបាលឲ្យដោះលែងនិងទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីសមាគមអាដហុកនិងអគ្គលេខាធិការរង គ.ជ.ប និងបានលើកឡើងទៀតថា ការឃុំខ្លួន ការចោទប្រកាន់សកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង ធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា។

ជាងនេះទៅទៀតមន្ត្រីអាមេរិករូបនោះបានព្រមានផ្តាច់កិច្ចសហការជាមួយកម្ពុជា បើរដ្ឋាភិបាលយកយោធាទៅពាក់ព័ន្ធនៅក្នុងការបង្ក្រាបនយោបាយឬសិទ្ធិមនុស្សណាមួយ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថាការសម្រេចឲ្យមានវត្តមានកងទ័ពទៅការការពារសន្តិសុខកិច្ចការបោះឆ្នោតនេះ លោកថាជាការព្រួយបារម្ភមួយទៀត ខណៈដែលស្ថានការនយោបាយបច្ចុប្បន្នមិនទាន់វិលទៅរកស្ថានភាពដើមវិញនៅឡើយនោះ។

ម្យ៉ាងវិញទៀតលោកថា ស្ថាប័នដែលពាក់ព័ន្ធក្នុងគណៈកម្មាធិការនេះក៏មិនទាន់ធ្វើឲ្យពលរដ្ឋជឿលើភាពឯករាជ្យរបស់ខ្លួនដែរ។

លោកថា៖ «ការចោទប្រកាន់ដាក់ពន្ធនាគារទៅលើសកម្មជននយោបាយ មន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រី គ.ជ.ប ការកោះហៅសមាជិក គ.ជ.ប ហើយនិងចុងក្រោយមានឃាតកម្មទៅលើអ្នកវិភាគល្បីល្បាញលោក កែម ឡី ហ្នឹង សុទ្ធតែលំនាំមួយធ្វើឲ្យបរិយាកាសមុនដំណើការបោះឆ្នោតមកដល់ហ្នឹង មិនមានសុវត្ថិភាពពេញលេញទេហើយរដ្ឋាភិបាលត្រូវតែស្តាស្ថានភាពនេះមកវិញ ឲ្យវាមានសុវត្ថិភាពនិងមានបរិយាកាសល្អឡើងវិញ ដើម្បីឲ្យពលរដ្ឋបានចូលរួមទៅតាមឆន្ទៈដោយសេរីនៅក្នុងការងារចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ»

ទោះជាយ៉ាងណាលោក គល់ បញ្ញា យល់ថាបើ គ.ជ.ប មានអំណាចឯករាជ្យពិតប្រាកដលោកគិតថា កងទ័ពមិនអាចជាការគំរាមកំហែងដល់អ្នកបោះឆ្នោតនោះទេ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថាប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃនិងក្រសួងការពារពារជាតិពីកិច្ចសហការការពារសណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោតនេះ។ប៉ុន្តែលោកមិនទាន់បញ្ជាក់ថាតម្រូវឲ្យកម្លាំងប្រដាប់អាវុធត្រូវនៅចម្ងាយប៉ុន្មានពីការរិយាល័យបោះឆ្នោតនោះទេ។

បើតាមលោក គល់ បញ្ញា នៅប្រទេសភូមាដែលគេបោះឆ្នោតទទួលបានជោគជ័យគ្មានភាពចម្រូវចម្រាស លោកថាភ្នាក់ងារការពារសសន្តិសុខកិច្ចការបោះឆ្នោត គេជ្រើសរើសចេញពីពលរដ្ឋនៅក្នុងមណ្ឌលបោះនោះ យកទៅបណ្តុះបណ្តាលរយៈពេលមួយខែមុន។ លោកគិតថាករណីនេះអាចបង្កើតទំនុកចិត្តដល់ម្ចាស់ឆ្នោតនិងគ្មានរូបភាពគំរាមកំហែង។ ចំណែកឯការបោះឆ្នោតកន្លងទៅ កម្លាំងប្រដាប់អាវុធក៏មិនតម្រូវឲ្យមាននៅជិតមណ្ឌលបោះឆ្នោតដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ