តៃវ៉ាន់​តវ៉ា​ជំទាស់​នឹង​សាលក្រម​តុលាការ​អន្តរជាតិ​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

(រូបភាពពី AFP)

ក្រុមសមាជិកសភានិងអ្នកនេសាទតៃវ៉ាន់កំពុងតែធ្វើដំណើរទៅកោះមួយស្ថិតក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងនៅថ្ងៃពុធនេះ ដើម្បីតវ៉ាជំទាស់ទៅនឹងសាលក្រមរបស់តុលាការអន្តរជាតិមួយ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាម្ចាស់របស់កោះតៃវ៉ាន់នៅទីនោះ។

ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថាសមាជិកសភា៨រូបមកពីគណបក្ស DPP និងគណបក្សជំទាស់គួមីងតាង បានធ្វើដំណើរតាមយន្តហោះយោធាមួយនៅព្រឹកថ្ងៃពុធនេះទៅកោះតៃប៉ីងដែលគ្រប់គ្រងដោយតៃវ៉ាន់ស្ថិតនៅតាមជួរកោះ Spratly។

នៅព្រឹកថ្ងៃពុធនេះដែរទូកនេសាទ៥គ្រឿងក៏បានធ្វើដំណើរចេញពីភាគខាងត្បូងស្រុកប៉ីងតុងសំដៅទៅកោះតៃប៉ីង បន្ទាប់ពីពួកគេយល់ថាជីវភាពរបស់អ្នកនេសាទរងការគំរាមកំហែង។ ទូកនេសាទទាំងនោះនឹងទៅដល់កោះនោះ៥ថ្ងៃក្រោយ។

ការតវ៉ារបស់តៃវ៉ាន់បានកើតឡើងបន្ទាប់ពីតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅទីក្រុងឡាអេកាលពីថ្ងៃទី១២ ខែកក្កដា បានសម្រេចថាប្រទេសចិនគ្មានសិទ្ធិជាម្ចាស់លើជួរកោះទាំង៩ស្ថិតនៅសមុទ្រចិនខាងត្បូងនោះឡើយ ហើយតុលាការនោះបញ្ជាក់ថាចិនបានរំលោភលើសិទ្ធិអធិបតេយ្យភាពហ្វីលីពីននៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនោះ។

សេចក្ដីសម្រេចនេះបានធ្វើឲ្យប៉ះពាល់ដល់ការអះអាងរបស់កោះតៃវ៉ាន់ជាម្ចាស់ទៅលើកោះតៃប៉ីង ដែលជាកោះធំជាងគេនៅក្នុងជួរកោះ Spratly។

តៃវ៉ាន់កាលពីសប្ដាហ៍មុនក៏បានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅសមុទ្រចិនខាងត្បូង ដើម្បីការពារដែនទឹក ដែលតៃវ៉ាន់បានអះអាងជាម្ចាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ