ពលរដ្ឋនៅខេត្តពោធិ៍សាត់ថាតម្លៃរូបចម្លាក់មានការធ្លាក់ចុះ

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:03 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 105

មុខរបរចម្លាក់ថ្មកែវ នៅតែមានការកើនឡើងទោះបីជាចំនួនអតិថិជនមានការថយចុះក៏ដោយ។ ជំនាញឆ្លាក់ថ្មកែវ គឺជាស្នាដៃដែលបន្សល់ទុកតាំងពីដូនតាអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងខេត្តពោធិ៍សាត់។ របរចម្លាក់ថ្មកែវនេះ ត្រូវបានប្រជាពលរដ្ឋ មួយចំនួននៅក្នុងខេត្ត យកមកធ្វើជាមុខរបរអាជីវកម្ម ដើម្បីចិញ្ចឹមជីវិត ហើយក៏មានការរីកចម្រើនពីមួយកន្លែង ទៅមួយកន្លែងផងដែរ។

លោក ទិត្យ រស្សី ជាជាងចម្លាក់ថ្មកែវម្នាក់ នៅភូមិបន្ទាយដី ឃុំបន្ទាយដី ក្រុងពោធិ៍សាត់ បាននិយាយថា ចំពោះរូបចម្លាក់ គឺមានទម្រង់ច្រើនផ្សេងៗគ្នា ដូចជារូបចម្លាក់ នាងចេក នាងចម បដិមា និងរូបផ្សេងៗទៀត។

លោកបញ្ជាក់ថា «ការឆ្លាក់រូបវាមានការរីកចម្រើនពិតមែន នៅក្នុងខេត្តពោធិ៍សាត់»។

លោកបន្ថែមទៀតថា រីឯការឆ្លាក់រូបវិញ មានការលំបាកគួរសមដែរ គឺវាអាស្រ័យទៅលើថ្មរឹង ឬថ្មទន់។​

អ្នកស្រី ហ៊ុន សោភិន្ធ ជាគ្រូបង្រៀនចម្លាក់ម្នាក់បានឲ្យដឹងថា​ ដោយសារមានការបង្កើតអាជីវកម្មចម្លាក់រូបច្រើនកន្លែងពេក ទើបបណ្ដាលឲ្យតម្លៃមានការធ្លាក់ចុះ ហើយក៏មានការប្រកួតប្រជែងទីផ្សារជាច្រើនផងដែរ។

អ្នកស្រីបញ្ជាក់ថា «តាមរយៈអាជីវកម្មនេះវាមានបញ្ហាខ្លះដែរ។ ហើយការលក់ដាច់បានរូបខ្លះគឺ វាអាស្រ័យទៅលើកត្តាជីវភាពរបស់ប្រជាពលរដ្ឋដែរ»។

អ្នកស្រីបានបន្តទៀតថា បើទោះបីជាតម្លៃមានការធ្លាក់ចុះ ប៉ុន្តែពួកគាត់នៅតែបន្តមុខរបរនេះបានទៀត។

បើតាមលោកពូ ចំរើន ជាអ្នកជិតខាងម្នាក់ បានឲ្យដឹងថា ចំពោះមុខរបរចម្លាក់នៅម្តុំនេះ គេប្រកបច្រើនគ្នាណាស់ ទាំងគេទាំងលោក។ លោកបន្ថែមថា អ្នកដែលរកស៊ីមុខរបរនេះត្រូវតែយោគយល់ និងចេះជួយគ្នាទៅវិញទៅមកទើបមានការរីកចម្រើន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិសាត់ លោក ទួន ធៀង និងកញ្ញា ហ៊ន សុភារី

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required