ភាពជោគជ័យរបស់ស្ត្រីក្នុងការដឹកនាំនៅថ្នាក់មូលដ្ឋាន

ដោយ VOD Admin​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:07 AM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 27

ស្រ្តីអាយុ ៥២ឆ្នាំម្នាក់ លោកស្រី នួន សុភី រស់នៅក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងនិងខេត្តពោធិ៍សាត់ ធ្លាប់បានបំពេញការងារជាជំនួយការភូមិ​ រហូតគាត់បានជាប់ជាចៅសង្កាត់ ក្នុងអាណត្តិទី ៤នេះ។

ចៅសង្កាត់ស្វាយអាត់ថ្មី លោកស្រី នួន សុភី បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន វីអូឌីថា កន្លងទៅគាត់ធ្លាប់ធ្វើជាជំនួយការភូមិ រហូតដល់ឆ្នាំ ២០១២ គាត់ត្រូវបានតែងតាំងធ្វើជាក្រុមប្រឹក្សាសង្កាត់។ លោកស្រីបានឲ្យដឹងទៀតថា ចាប់តាំងពីបំពេញការងារជាជំនួយការភូមិ រហួតដល់ក្រុមប្រឹក្សាសង្កាត់ នាពេលកន្លងមក គាត់បានជំរុញឲ្យពន្លឿនការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដោយមិនរើសអើង​ និងមិនយកតម្លៃសេវាលើសពីច្បាប់កំណត់ឡើយ ។ អ្នកស្រីបញ្ជាក់ថា ​«ភាពងាយស្រួល របស់ខ្ញុំក្នុងការបំពេញតួនាទីរយៈកាលកន្លងមក ក៏ដូចជាពេលនេះគឺដោយសារតែក្រុមប្រឹក្សាមានការឯកភាព និងសហការគ្នាបានល្អ មានការយោគយល់គ្នា និងមានការជ្រោមជ្រែងនិងលើកទឹកចិត្តពីក្រុមគ្រួសារផងដែរ » ។

ពលរដ្ឋម្នាក់រស់នៅ​ ភូមិរ៉ា អ្នកស្រី នួន ខាន់​ បាន​និយាយថា «ទោះបីលោកស្រី នួន សុភី មិនជាប់ជាមេឃុំក៏ប្រជាពលរដ្ឋនៅតែស្រលាញ់គាត់ដែរ ព្រោះគាត់មិនចេះស៊ីលុយស៊ីកាក់»។

​ពលរដ្ឋម្នាក់ទៀត លោក ទូច​ ជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងភូមិខាងលើ បានលើកឡើងប្រហាក់ប្រហែលគ្នាថា អ្នកស្រី នួន សុភី ដែលទើបនិងជាប់ឆ្នោតជាចៅសង្កាត់ថ្មីនេះ ​ ជាមនុស្សសកម្មក្នុងការចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយមិនរើសអើង។ ​លោកបន្តថា អ្នកស្រី នួន សុភី ជាស្ត្រីម្នាក់ដែលគួរឲ្យគោរពស្រលាញ់ ទើបគាត់ក៏ដូចជាអ្នកភូមិផ្សេងទៀត បោះឆ្នោតគាំទ្រឲ្យធ្វើជាថ្នាក់ដឹកនាំប្រចាំឃុំនេះ ដើម្បី​បន្តអភិវឌ្ឍន៍ឃុំ​សង្កាត់ឲ្យកាន់តែរីកចំរើនថែមទៀត។

​ដោយពលរដ្ឋសារពត៌មានខេត្តពោធិ៍សាត់ លោកព្រំ ចាន់ដេង និងលោក មឿន ឈឿន

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required