អាជ្ញាធរខេត្តសៀមរាបចុះរុះរើផ្ទះពលរដ្ឋ ដោយចោទថា បំពានលើចំណីផ្លូវ

កម្លាំងអាជ្ញាធរនៅខេត្តសៀមរាប នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិបឹងដូនតា សង្កាត់ស្លក្រាម  ដោយចោទប្រកាន់ថា ពួកគេបានសាងសង់ផ្ទះ នៅលើចំណីផ្លូវ ដោយគ្មានការអនុញ្ញាត។

ពលរដ្ឋម្នាក់លោក ជា សំអ៊ែល បាននិយាយថា លោកបានកាន់កាប់ដីនេះជាង ២០ឆ្នាំមកហើយ​ ក៏ប៉ុន្តែលោកនិងប្រជាពលមួយចំនួនទៀត ទើបតែចូលមកសង់ផ្ទះរស់នៅទីនេះ បន្ទាប់មកក៏មានក្រុមអាជ្ញាធរស្រុក ចម្រុះ ចុះមករុះរើដោយចោទថា ពួកគាត់បានសង់លំនៅដ្ឋានលើដីចំណីផ្លូវ។

លោកបញ្ចាក់ថា «ពេលប្រជាពលរដ្ឋខ្ញុំទៅធ្វើផ្ទះ គេបែជាចោទថាពួកខ្ញុំទៅនៅលើដីផ្លូវ »

លោកបន្ថែមថា ប្រជាពលរដ្ឋដែលកាន់កាប់ដីនៅម្តុំនេះទាំងអស់ សុទ្ធតែមានឯកសារបញ្ជាក់ដល់ក្រសួងរៀបចំដែនដី នគរូនីយកម្មសំណង់ និងសុយោដីខេត្ត គ្រប់គ្រាន់។

ចៅសង្កាត់ស្លក្រាមដែលទើបកាន់តំណែងថ្មី លោក ឈន​ គឹមឃន បានឲ្យ VOD ដឹងថា អាជ្ញាធរ និងកម្លាំងចម្រុះមួយចំនួន ពិតជាបានចុះទៅរុះរើ និងបង្ក្រាបទៅលើផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងមែន និងថាកំពុងធ្វើការរុះរើបន្ដទៀត បើគិតមកទល់ពេលនេះ។

លោកបានបញ្ជាក់ថា «បើគេសាលាក្រុង ខ្ញុំឋានៈត្រឹមសង្កាត់ ខ្ញុំមានវិធានការអីទៅទប់ស្កាត់បាន បើគេមក គេបញ្ជារគ្រប់ក្រសួងហើយ គេមានព្រះរាជអាជ្ញាមានអីទៀត យើងឋានៈត្រឹមសង្កាត់និងទៅធ្វើម៉េច»

លោកបន្ថែមទៀតថា លោកមិនបានដឹងច្បាស់ពីមូលហេតុករណីចុះរុះរើលំនៅដ្ឋាននេះនៅឡើយទេ ដោយថា កម្លាំងទាំងនោះ គឺបញ្ជាមកពីថ្នាក់ស្រុក។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។