ក្រុមយុវជនទទូចឲ្យលោក វ៉ា គឹមហុង បញ្ជាក់ពីទំហំដីដែលបាត់បង់ទៅវៀតណាម

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង

សមាគមយុវជនមួយអះអាងថា ប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់ព្រំដែន ថាពួកគេបានបាត់បង់ដីភូមិករណ៍ បន្ទាប់ពីរដ្ឋាភិបាលបានធ្វើការដោះដូរទៅវិញទៅមក នូវភូមិចំនួន២របស់កម្ពុជា ជាមួយវៀតណាម។

ប៉ុន្តែមន្រ្តីរដ្ឋាភិបាលចាត់ទុកការរកឃើញរបស់ក្រុមយុវជននោះថាជារបាយការណ៍ «ឡប់ឡែ»។

ក្នុងរបាយការណ៍បឋមសម្រាប់រាត្រី៣២និង៣៣ ដែលមានចំណងជើងថា «អយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា ក្នុងកន្លែងដោះដូរភូមិ ជាមួយវៀតណាម» សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ ឬ “ក្រុមការងារ១០០រាត្រី” អះអាងថា បន្ទាប់ពីបានជួបសម្ភាសន៍ជាមួយពលរដ្ឋ រស់នៅភូមិចំនួន២ គឺភូមិថ្លុកត្រាច និងភូមអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពលរដ្ឋអះអាងថា អាជ្ញាធរវៀតណាមបានហាមឃាត់មិនឲ្យពួកគេធ្វើស្រែចម្ការនៅទីនោះទៀតឡើយ។

បើតាមរបាយការណ៍ ក្រុមការងារ១០០រាត្រី បានចុះសិក្សាស្រាវជ្រាវក្នុងភូមិចំនួន២ខាងលើ ដោយក្រុមប្រជាពលរដ្ឋទីនោះសុទ្ធតែអះអាងថា ខ្លួនបានបាត់បង់ដីស្រែចម្ការទៅវៀតណាម នៅក្នុងភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាចភាគខាងកើត ដោយថា ករណីនេះ កើតឡើងដោយសារការបោះបង្គោលព្រំដែនថ្មី ឆ្នាំ២០០៨។​ ក្រុមការងារ១០០រាត្រី ពន្យល់ថា បើទោះបីជាវៀតណាមព្រមប្រគល់ភូមិទាំងពីរនេះមកកម្ពុជាវិញ ប៉ុន្ដែទំហំដី ដែលផ្ដល់មកនោះ គឺមិនស្មើនឹងទំហំដីកាលពីមុននោះទេ។

តាមការលើកឡើងរបស់ក្រុមការងារ១០០រាត្រី ប្រជាពលរដ្ឋនៅទីនោះថា ពួកគេមិនបានទទួលព័ត៌មានអំពីការដោះដូរភូមិទេ និងថែមទាំងមិនបានចូលរួម ក្នុងការសម្រេចចិត្តទៀតផង។

ក្រុមការងារ១០០រាត្រី បន្ថែមថា កម្ពុជាក៏បាត់បង់វត្តមួយឈ្មោះ «វត្តត្នោត» ដែលមានចម្ងាយពីបង្គោលព្រំដែនលេខ១២៧ ប្រមាណជាង២គីឡូម៉ែត្រ ដោយថា តាមពិត វត្តនេះ ស្ថិតក្នុងភូមិអន្លុងជ្រៃភាគកើត របស់កម្ពុជា។

នៅថ្ងៃព្រហស្បតិ៍នេះដែរ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ បានចេញលិខិតមួយទៀត ដោយស្នើឲ្យប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បញ្ជាក់លម្អិតពីឈ្មោះភូមិ និងទំហំដី ដែលកម្ពុជាដោះដូរជាមួយវៀតណាមនោះ។

​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ លោក មួង សូនី ​ឲ្យដឹងថា បញ្ហាព្រំដែនជាមួយរៀតណាមនេះ គឺរដ្ឋាភិបាលត្រូវបញ្ជាក់ឲ្យច្បាស់លាស់ ដើម្បីឲ្យពលរដ្ឋខ្មែរបានយល់ដឹងផង។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង ឲ្យ VOD ដឹងនៅថ្ងៃព្រហ្បតិ៍នេះថា លោកមិនចាប់អារម្មណ៍នឹងរបាយការណ៍«ឡប់ឡែ»មួយនេះទេ ព្រោះនាំឲ្យខាតពេល។ លោកអះអាងថា ពុំមានការដោះដូរភូមិ ដែលនាំឲ្យកម្ពុជាខាតបង់ទឹកដីនោះទេ ប៉ុន្ដែលោកថា គឺមានតែផលចំណេញដល់កម្ពុជា។

លោកថា៖ «គ្មាននរណា ប្រគល់ភូមិទៅនរណាទេ អាភូមិអន្លុងជ្រៃ ស្រុកត្រាច របស់សម្ដេច ហេង សំរិន នៅតាំងពីដើមមក នៅត្រង់ណា គឺនៅត្រង់ហ្នឹង គ្មានគ្រប់ ឬមិនគ្រប់ មានតែបន្ថែមឲ្យទៀត ដូច្នេះ កុំយកអាការស្រាវជ្រាវឡប់ៗ មកនិយាយជាមួយខ្ញុំ អាហ្នឹង អ្វីជាចម្លើយខ្ញុំ»។

កាលពីថ្ងៃទី១៩មិថុនាឆ្នាំ២០១២ លោក វ៉ា គឹមហុង ធ្លាប់បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ ដោយថា ភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាច ត្រូវបានគេគូសចូលក្នុងផែនទីបារាំងសេស ខ្នាត១លើ១០០ ពាន់ របស់ក្រុមប្រឹក្សាភូមិសាស្ដ្រឥណ្ឌូចិនទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ