បក្សប្រឆាំង​ទូល​ព្រះ​មហាក្សត្រ​​កុំ​ឲ្យ​ឡាយ​ព្រះ​ហស្តលេខា​លើ​ច្បាប់​ថ្មីស្តីពីបក្ស​នយោបាយ

គណបក្សសង្គ្រោះ​ជាតិ​សម្រេច​ដាក់​លិខិត​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​សុំ​កុំ​ឲ្យ​ព្រះ​អង្គ​ឡាយ​ព្រះ​ហស្ត​លេខា​​ទៅ​លើ​ច្បាប់ស្តីពី​គណបក្ស​នយោបាយដែលត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាចកែប្រែជាលើកទី២ ដោយ​ថាច្បាប់​នេះ​កំពុង​តែបំបិទ​សិទ្ធ​សេរីភាព​នយោ​បាយ​ និង​បំពាន​ទៅ​លើ​លិទ្ធិ​ប្រជា​ធិបតេយ្យ​​។

វិសោធនកម្ម​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​ដែលធ្វើឡើងតាមសំណើលោក ហ៊ុន សែន បាន​ឆ្លង​កាត់​ស្ថាប័ន​នីតិ​បញ្ញត្តិ​រួចរាល់​ហើយក្នុង​សប្តាហ៍​នេះ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោកស្រី មូ សុខហួរ បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថា​គណបក្ស​នឹង​បញ្ជូន​លិខិត​ទូល​ថ្វាយ​ព្រះ​មហាក្សត្រនៅរសៀល​ថ្ងៃ​ទី​២០ កក្កដា​នេះ​​ ​សុំ​កុំ​ឲ្យ​ព្រះ​អង្គ​ឡាយ​ព្រះ​ហស្តលេខា​លើ​ច្បាប់នេះ​​។ លោក​ស្រី​ថា​ច្បាប់​នេះ​មិន​បាន​ធ្វើ​ឲ្យ​លិទ្ធិ​ប្រជា​ធិប​តេយ្យសេរីពហុបក្សនៅ​កម្ពុជា​រី​ចំរើន​នោះ​​ទេ មាន​តែ​បិទ​សិទ្ធិ​សេរីភាព​គណបក្ស​នយោបាយ គ្មាន​ផល​ប្រយោជន៍​ដល់​ប្រទេស​ជាតិ និង​ប៉ះពាល់​ដល់​ការ​បោះឆ្នោតនៅ​កម្ពុជា។

លោក​ស្រីមាន​ប្រសាសន៍ថា៖ «ក្នុង​តួនា​ទី​យើ​ងជា​អ្នក​តំណាង​រាស្ត្រ​យើ​ងត្រូ​វជ្រើសរើស​យក​យន្តការ ដែល​យើង​អាច​ប្រើ​បាន​ដើម្បី បង្ហាញ​ជំហរ​របស់​យើងដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ប្រទេស​ជា​តិ ជា​ពិសេស​ការពារ​សិទ្ធិ​សេរីភាព ប្រជា​ពល​រដ្ឋ​យើង។ ហើយ​សំខាន់​ជាង​នេះសិទ្ធិ​នយោបាយ​ ជា​មួយ​គ្នា​នេះដែរ​លើ​ក​ស្ទួយ​លិទ្ធ​ប្រជាធិ​បតេយ្យ។ ហើយ​ក្នុង​នោះ​យើង​បាន​បង្ហាញ​ជំហរ​របស់​យើង​ក្នុង​នាម​ជា​គណបក្ស ដោយ​មាន​ចេញ​សេចក្តី​ថ្លែង​ការ​រួច​ទៅ​ហើយ»។

អ្នក​នាំពាក្យ​រដ្ឋ​សភាកម្ពុជាលោក ឡេង​ ប៉េង​ឡុង មាន​ប្រសាសន៍​ថា​​ រដ្ឋសភាបាន​បញ្ជូនច្បាប់នេះ​ទៅ​កាន់ក្រុម​ប្រឹក្សាធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ពីធម្មនុញ្ញ​ភាព​ហើយ​​កាល​ពី​ម្សិល​មិញ។ តែលោក​មិន​ទាន់​អាច​បញ្ជាក់​​ទេ​ថា ពេល​ណាដែល​ច្បាប់នេះ​នឹង​ត្រូវបញ្ជូន​ទៅ​កាន់​ស្ថាប័ន​ព្រះ​មហាក្សត្រនោះ។

លោកមាន​ប្រសាសន៍​ថា៖ «អូ! មិន​ទាន់​ដឹង​ផង ក្រុមប្រឹក្សា​ធម្មនុញ្ញ​គាត់​មិន​ទាន់​ធ្វើ​អី​ផង។ មិន​ដឹង​ថា​គាត់​ធ្វើ​អី​ហើយ​នៅ​ថ្ងៃ​ណា​យើង​ក៏​មិន​ដឹង​។ … (បន្ទាប់ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​រួច) បញ្ជូនមក​រដ្ឋ​សភាវិញ​ រដ្ឋសភា​នឹង​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល រាជ​រដ្ឋាភិបាល​នឹងគោរព​ស្នើ​សុំ​ព្រះ​មហា​ក្សត្រ​ដើម្បី​ប្រទាន​ការ​ប្រកាស​ឲ្យ​ប្រើ»។

គួររំលឹក​ផង​ដែរថាការកែច្បាប់គណបក្សនយោបាយជាលើកទី២នេះធ្វើតាមសំណើផ្ទាល់មាត់របស់លោក ហ៊ុន សែន កាលពីចុងខែ​មិថុនា​កន្លង​ទៅ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៦៦ឆ្នាំ នៃការបង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា។

គណ​​បក្ស​ប្រជា​ជនអះអាងថា ច្បាប់នេះនឹង​រា​រាំង​​មិនឲ្យ​មាន​ការ​ដាក់តាំងរូបលោក សម រង្ស៊ី នៅ​​ពីក្រោយគណបក្សសង្រ្គោះជាតិ​​ដូច​មុន​ៗទេ ដោយលោកបក្សកាន់អំណាចចាត់ទុកលោក សម រង្ស៊ី ជាទណ្ឌិត។ លោក ឈាង វុន  អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និយាយថា ​ច្បាប់នោះក៏​នឹងទប់​ស្កាត់​មិន​​ឲ្យមហា​អំណាច​ណាមួយ​ប្រើ​ឥទ្ធិពល នាំ​លោ​​​ក សម រង្ស៊ី ចូល​ក​ម្ពុ​ជាវិញផងដែរ។

អ្នក​ឃ្លាំ​មើល​​ដំណើរ​ការ​សភា បានហៅថា​ច្បាប់​នេះថា​ធ្វើ​ឡើង​ដោយ​មិន​បាន​បើក​ទូ​លាយ​ឲ្យ​ភាគីពាក់​ព័ន្ធ​បាន​ចូល​រួម​ផ្តល់​យោ​បល់​នោះ​ទេ និង​ថា​ប្រើ​សម្រាប់​តែ​ប្រយោ​ជ​ន៍​បុគ្គល​តែ​ម្នាក់។

ច្បាប់គណបក្សនយោបាយ ដែលបានអនុម័តកាលពីឆ្នាំ១៩៩៧ ត្រូវបានស្នើ​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ម្តង​ហើយ ដោយលោក ហ៊ុន សែន កាលពីចុងខែមករាឆ្នាំ២០១៧ និង​ត្រូវបាន​ចូលជាធរមាន បន្ទាប់​ពីបា​ន​ចុះហត្ថលេខា កាលពីថ្ងៃទី៧ខែមីនា ដោយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភានិង​ជាប្រមុខ​រដ្ឋ​ស្តីទី​ ជំនួសព្រះមហាក្សត្រ ដែលបានយាងទៅចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ