បារាំងផ្តល់ជំនួយពង្រឹងសេវាថែទាំសុខភាពកម្មការិនីនិងកុមារនៅតាមរោងចក្រកាត់ដេរ

កម្មករ-កម្មការិនីរោងចក្រ (រូបភាពពីសហជីព CLUF)

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឧបត្ថម្ភប្រាក់ប្រមាណជិត៣៨ម៉ឺនដុល្លារអាមេរិក មកប្រទេសកម្ពុជា ក្នុងគោលបំណងគាំទ្រ និងលើកស្ទួយវិស័យថែទាំសុខភាពដល់កម្មការិនី និងកុមារតូចៗ ដែលកំពុងធ្វើការនៅរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៩កក្កដាម្សិលមិញ ការផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈការចុះហត្ថលេខាជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍន៍ (PE&D) ដើម្បីដាក់ដំណើរការនូវគម្រោងខាងលើ។ ហើយផែនការនេះ នឹងត្រូវបានដាក់ឲ្យអនុវត្តសាកល្បងនៅតាមរោងចក្រចំនួន១២នៅភ្នំពេញ ព្រមទាំងនៅខេត្តកំពង់ស្ពឺ ដែលវានឹងផ្តល់ផលប្រយោជន៍ដល់កុមារចំនួន១៤០នាក់ និងកម្មករ-កម្មការិនីចំនួន១​២០០នាក់។

សេចក្តីប្រកាសព័ត៌មានដដែល ឲ្យដឹងថា គម្រោងថ្មីនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ដាក់ឲ្យដំណើរការសេវាសង្គមកិច្ចនៅតាមរោងចក្រ ដែលកន្លងមក ប្រទេសកម្ពុជា ក៏មានច្បាប់​ការងារទាក់ទងទៅនឹងសេវាកម្មថែទាំសុខភាពមាតា និងកុមារដែរ ប៉ុន្តែវាពុំទាន់មានប្រសិទ្ធិភាពខ្លាំង ឬនៅមានកម្រិតនៅឡើយ។

ចាប់តាំងពីឆ្នាំ១៩៩៣ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ជំនួយដល់គម្រោងផ្សេងៗ ដែលសរុបទឹកប្រាក់ មានជាង៥០០លានដុល្លារមកហើយ បើគិតមកដល់ពេលបច្ចុប្បន្ន ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ