ពលរដ្ឋថាបទល្មើសព្រៃឈើនៅតំបន់ព្រៃការពារខេត្តព្រះវិហារកើនឡើង

បទល្មើសព្រៃឈើ

ប្រជាសហគមន៍នៅខេត្ដព្រះវិហារឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅព្រៃព្រះរកា នៅតែបន្ដកើតមាន ដោយសារសមត្ថកិច្ចទទួលសំណូកពីក្រុមឈ្មួញ ខណៈតំបន់ព្រៃនោះ ត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ព្រៃការពារ។

ប្រជាសហគមន៍ព្រៃឈើ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក បា ផល ប្រាប់វីអូឌី នៅថ្ងៃទី២០ខែកក្កដាថា​ តំបន់ព្រៃការពារព្រៃព្រះរកា រងការបាត់បង់ជាបន្ដបន្ទាប់ ដោយសារក្រុមជនខិលខូច លួចកាប់បំផ្លាញជារៀងរាល់ថ្ងៃ បើទោះបីព្រៃនោះ ជាព្រៃការពារបស់រដ្ឋាភិបាលក៏ដោយ។​

លោកបន្ដថា បទល្មើសនោះកើតឡើង ដោយសារសមត្ថកិច្ចជាច្រើស្ថាប័ន ទទួលសំណូកពីក្រុមឈ្មួញ និងដាក់លុយប្រចាំខែ ដោយលោកថា បើគ្មានការទប់ស្កាត់ទេនោះ​ ព្រៃការពារព្រះរការ នឹងហិនហោចបន្ថែមទៀត។

លោកបន្ដថា៖ «ប៉ូលិស គេឈចាំតាមផ្លូវ ចាំយកមួយគោយន្ដ ពីរបីម៉ឺនរៀល យកលុយប្រចាំរាល់ថ្ងៃ ប្រចាំខែ រាល់ថ្ងៃ មិនថាយប់ថាថ្ងៃទេ នៅចាំផ្លូវយកលុយ ដល់ពេលយើងចុះព្រៃចឹងវាដាច់ម៉ូយគេ។ មិនអាចទប់ទល់ឈ្នះទេ បើមន្ដ្រីបរិស្ថាននឹងគាត់ឈចាំយកលុយពីគោយន្ដមួយ១លាន»។

ពលរដ្ឋមួយរូបទៀត នៅឃុំស្រយ៉ង់ ស្រុកគូលេន ដែលជាបណ្ដាញសហគមន៍ព្រៃឈើ លោក សែម ឡំ ឲ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងឃើញរថយន្ដយីឌុបដឹកឈើចេញពីខេត្ដព្រះវិហារ មកស្ដុកទុកនៅស្រុកស្វាយលើ ខេត្ដសៀមរាប ប៉ុន្ដែសមត្ថកិច្ចវិញ​គ្មានការទប់ស្កាត់បទល្មើសនោះទេ។ លោកចោទមន្ដ្រីសមត្ថកិច្ចថានេះជាការឃុបឃិតគ្នាជាប្រព័ន្ធ។

លោកបន្ថែមថា៖ «ឈើដូចជាឈើពពេល ឈើផ្ដៀក ឈើត្រាច បើគិតទៅនៅស្រុកស្វាយលើមេព្រៃគេអត់ធ្វើការទេ ព្រោះខ្ញុំខលទៅពួកគាត់គេអត់ធ្វើការផង។ឃុបឃិតគ្នា​បានជាគាត់អត់ធ្វើការផង»។

វីអូឌី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដព្រះវិហារ លោក នង ខេមរិន្ទ អភិបាលស្រុកត្បែងមានជ័យ លោក អ៊ុង វុទ្ធី និងអភិបាលខេត្តព្រះវិហារ ​លោក អ៊ុន ចាន់ដា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា លោកនៅមិនទាន់ដឹងពីព័ត៌មាននេះនៅឡើយទេ ដោយថា លោនឹងទាក់ទងទៅមន្ទីរបរិស្ថានខេត្ត។

មន្ដ្រីតស៊ូមតិ នៃអង្គការពន្លកខ្មែរ ខេត្ដព្រះវិហារ លោក ប៉ឹក សោភណ្ឌ មានប្រសាសន៍ថា ព្រៃព្រះរកាមានទំហំផ្ទៃដីជាង៩៦​ ០០០ហិកតា ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាព្រៃអភិរក្សានៅឆ្នាំ២០១៦ ប៉ុន្ដែតំបន់នោះនៅតែរងការកាប់បំផ្លាញ។ លោកពន្យល់ថា បើសិនរដ្ឋាភិបាលចង់ឲ្យព្រៃនោះនៅគង់វង្សទៅថ្ងៃអនាគត រដ្ឋាភិបាល ត្រូវសហការជាមួប្រជាសហគមន៍ចុះល្បាតរាល់ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ