ពលរដ្ឋនៅតាមផ្លូវដែកជំរុញទៅអភិបាលក្រុងថ្មីពន្លឿនដោះស្រាយផលប៉ះពាល់

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ជំរុញទៅអភិបាលក្រុងថ្មីបញ្ជាក់ពីការផ្ដល់សំណងឲ្យពួកគេ ដោយបារម្ភ​ខ្លាច​​មានការបណ្ដេញចេញទាំង​បង្ខំ​ដូច​សហគមន៍ផ្សេងៗទៀត។

ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងនៅថ្ងៃទី២០កក្តដាឆ្នាំ២០១៧នេះ បានដាក់ញត្តិជាថ្មីទៀតទៅ សាលារាជធានីភ្នំពេញដើម្បីសុំឲ្យអភិបាលក្រុងថ្មីគឺលោក ឃួង ស្រេង ផ្តល់ព័ត៌មានជាក់លាក់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង និងដោះស្រាយផលប៉ះពាល់ជូនពួកគេឲ្យបានឆាប់។ ការទាមទារនេះធ្វើឡើង បន្ទាប់ពីអភិបាលក្រុងចាស់គឺលោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងចុះដោះស្រាយក្រោយបញ្ចប់ការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

លោក ស៊ីម វីរៈ ដែលអះអាងថា តំណាងសហគមន៍ផ្លូវរថភ្លើងទួលសង្កែ A ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស សន្យាថានឹងចុះដោះស្រាយផលប៉ះពាល់ជួនពលរដ្ឋទាំងអស់ ដោយមិនឲ្យពលរដ្ឋណាម្នាក់ស្រក់ទឹកភ្នែកឡើយ ប៉ុន្តែលោកថា រយៈពេល៧ខែហើយពួកគាត់​មិនទាន់ទទួលបានព័ត៌មានអំពីដំណោះស្រាយនោះទេ។

លោកបន្ថែមថា «ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញគឺបានសន្យាជូនប្រជាពលរដ្ឋនៅថ្ងៃទី ២០ខែឆ្នូឆ្នាំ២០១៦ ដោយកាលណោះគាត់និយាយថា ដរាបណាសំណងមិនទាន់ជូនប្រជាបលរដ្ឋទេ គាត់មិនឲ្យមានការរុះរើទេ ហើយគាត់នឹងផ្តល់ដីជូនប្រជាពលរដ្ឋធ្វើអភិវឌ្ឍន៍នឹងកន្លែង ដោយអនុវត្តតាមយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នាមានន័យសាលារាជធានីភ្នំពេញក៏ឈ្នះប្រជាពលរដ្ឋខ្ញុំក៏ឈ្នះ ដល់លឺអញ្ចឹងប្រជាពលរដ្ឋខ្ញុំគាត់សប្បាយចិត្ត ប៉ុន្តែបើយើងគិតពីអាយុកាលរហូតមកដល់ពេលនេះគឺ៧ខែហើយ អត់ទាន់មានពន្លឺសុទ្ធម៉ង ហើយគេនិយាយទៀតថា បងប្អូនកុំភ័យចាំបោះឆ្នោតឃុំសង្កាត់សិនឥលូវនេះ បោះឆោតឃុំសង្កាត់រួចហើយជិតបោះថ្នាក់ជាតិទៀតហើយ នេះហើយធ្វើឲ្យពលរដ្ឋខ្ញុំគាត់ចេះបារម្ភ ដោយសារសម្តីដែលនិយាយចេញមកហើយអត់អនុវត្តតាមអាហ្នឹងដែលប្រជាពលរដ្ឋខ្ញុំព្រួយបារម្ភ»។

តំណាងពលរដ្ឋម្នាក់ទៀតអ្នកស្រី កែវ បុប្ផា និយាយថា ការពន្យាពេលមិនដោះស្រាយនេះធ្វើឲ្យពួកគាត់ បារម្ភខ្លាចមានការបណ្ដេញចេញទាំង​បង្ខំដូចសហគមន៍ដទៃទៀត ហើយថា ប្រសិនបើមានការបណ្តេញ ចេញមែននោះ ពលរដ្ឋប្រឈមនឹងការបាត់បង់មុខរបរ កូនៗបាត់បង់ការសិក្សាជាដើម។

អ្នកស្រីបន្ថែមថា «ខ្ញុំធ្លាប់ឃើញបុរីកីឡា សន្យាថាឲ្យ១០អាគារតែឲ្យ៨អាគារ នេះហើយជាគោលដៅធ្វើ ឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអញ្ចឹងវាមានមេរៀនរួចហើយកុំឲ្យវាជន់មកលើពួកខ្ញុំទៀត ពួកខ្ញុំព្យាមធ្វើ តវ៉ានេះដើម្បីឲ្យគាត់ស្វែងរកយុត្តិធម៌ជួនពួកខ្ញុំទាំងអស់គ្នា ពួកខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍន៍ទេ ប៉ុន្តែសុំ ឲ្យការអភិវឌ្ឍន៍នោះឲ្យមានតម្លាភាពសុំឲ្យប្រជាពលរដ្ឋរស់នៅបាន ហើយកុំយកពាក្យថា ពួកយើងរស់ នៅខុសច្បាប់លើដីរដ្ឋមកប្រើអី ព្រោះថា អ្នកណាក៏រស់នៅលើដីរដ្ឋដែរប៉ុន្តែរដ្ឋាភិបាលត្រូវតែរកដំណោះស្រាយជូនពួកគាត់។[…]បើមានការបណ្តេញចេញប៉ះពាល់ខ្លាំងកូនៗខ្ញុំមុនគេ កាលណាបណ្តេញចេញ កូនប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់អស់ជំរុកហើយកូនចៅក៏ខានសិក្សារដែរ ទី២គឺសេដ្ឋកិច្ចគ្រួសារប៉ះ ពល់ខ្លាំងបំផុត»។

បើតាមតំណាងពលរដ្ឋឲ្យដឹងថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងក្នុងរាជ ធានីភំ្នពេញទាំងអស់មានចំនួនជាង១០០០គ្រួសារ ហើយថា ភាគច្រើនពួកគេចង់បានដំណោះស្រាយ ដោយសុំធ្វើការអភិវឌ្ឍនៅនឹងកន្លែង។

វិអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចំពោះបញ្ហានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ តែទោះយ៉ាងណា អភិបាលរងខណ្ឌឬស្សីកែវលោក ប្រាជ្ញ សីហា ដែលឃ្លាំមើលការដាក់ញត្តិរបស់ពលរដ្ឋ បានប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យមានការបារម្ភ ដោយថា រដ្ឋាភិបាលមិនធ្វើការអភិវឌ្ឍន៍ណាដែលពលរដ្ឋមិនពេញចិត្តនោះឡើយ។

លោកបន្ថែមថា «ដូចខ្ញុំនិយាយម៉ិញឯកឧត្តមអភិបាលមានប្រសាសន៍ថា បើការអភិវឌ្ឍទៅធ្វើឲ្យធ្វើឲ្យ បងប្អូនទឹកភ្នែកគាត់មិនធ្វើទេ អញ្ចឹងភាសានេះបើគាត់មិននិយាយប្រាប់ខ្ញុំ គឺខ្ញុំមិនហ៊ាននិយាយប្រាប់បង ប្អូនទេ ព្រោះមានសារព័ត៌មានគេផ្សាយ អញ្ចឹងបើមិនមានពាក្យហ្នឹងណែនាំមកខ្ញុំអត់ហ៊ាននិយាយទេ»។

កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៦ អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវមួយខ្សែរចាប់ពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវទំនប់ ៧០ ដែលមានប្រវែង ៤៥១០ម៉ែត្រ ទទឹង៧ម៉ែត្រសងខាងផ្លូវដែក ដែលនឹងត្រូវសង់ឲ្យហើយក្នុងរយៈពេល៥ខែ។

កាលណោះ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា សាលារាជធានីភ្នំពេញនឹងដោះស្រាយសំណងជូនប្រជាពលរដ្ឋរួចរាល់ទើបធ្វើការស្ថាបនាផ្លូវតាមក្រោយ ឬផ្តល់ដីជូនពលរដ្ឋឲ្យធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង។

តែយ៉ាងណា លោក ប៉ា សុជាតិវង្ស បញ្ជក់ថា សាលារាជធានីមិនអាចដោះស្រាយឲ្យប្រជាពលរដ្ឋមុនបានទេ ដោយសារ​ពលរដ្ឋខ្លះរងផលប៉ះពាល់តិច និងពលរដ្ឋខ្លះប៉ះពាល់ច្រើន ដូចនេះរងចាំ​ក្រុមការងារ​សាលារាជធានីភ្នំពេញចុះសិក្សានៅតាមសហគមន៍នីមួយៗសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ