វិភាគ៖ វប្បធម៌​លាប​ពណ៌​ចាក​ចូល​ជ្រៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ​ដល់​ថ្នាក់​មូលដ្ឋាន

វប្បធម៌​លាប​ពណ៌ និយាយ​បង្កាច់​បង្ខូច​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​រង្វង់​នយោបាយ​កម្ពុជា បាន​ចាក​ចូល​ជ្រៅ​ទៅ​ហួស​ពី​រង្វង់​ក្រុម​អ្នក​នយោបាយ​​ធំៗ​ថ្នាក់​ជាតិ​ទៅ​ទៀត។ ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ និង​សង្គម​កម្ពុជា មើល​ឃើញ​ថា ការ​និយាយ​បង្កាច់​បង្ខូច​ ឬ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក ក៏​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​នៅ​ថ្នាក់​មូលដ្ឋាន​ផង​ដែរ ជាពិសេស​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​មក​ថ្មីៗ​នេះ។

អ្នក​ប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​សិទ្ធិ​មនុស្ស និង​អភិបាល​កិច្ច លោក សួន ប៊ុកសក្តិ បាន​បង្ហាញ​នូវ​ការ​សង្កេត​របស់​លោក​ទៅ​លើ​ទិដ្ឋភាព​នយោបាយ​កម្ពុជា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ អ្វី​ដែល​លោក​មើល​ឃើញ​នោះ​គឺ​ថា មេដឹកនាំ​​នយោបាយ​កំពូលៗ​របស់​កម្ពុជា សុទ្ធតែ​មាន​ចំណែក​​មិន​ថា​តិច ​ឬ​ច្រើន​នោះ​ទេ នៅ​ក្នុង​ការ​សាប​ព្រួស​​វប្បធម៌​លាប​ពណ៌ និង​ការ​និយាយ​មូល​បង្កាច់​បង្ខូច​គ្នា​ទៅ​វិញ​ទៅ​មក។

សម្រាប់​ទិដ្ឋភាព​នយោបាយ​កម្រិត​ជាតិ លោក សួន ប៊ុនសក្តិ សង្កេត​ឃើញ​ថា ក្រុម​មេដឹកនាំ​បក្ស​នយោបាយ​មិន​នៅ​ក្នុង​​រដ្ឋាភិបាល​នោះ បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​​មេដឹកនាំ​បក្ស​កាន់​អំណាច​ជាច្រើន​ឆ្នាំ​មក​ថា ពួកគេ​​ជា​ក្រុម “អាយ៉ង​យួន” ឬ​ហៅ​ថា “ក្បាល​យួន ខ្លួន​ខ្មែរ” ជា​ដើម។ លោក​ថា ពាក្យ​ពីរ​ឃ្លា​នេះ​ត្រូវ​បាន​សាប​ព្រួស​ខ្លាំង​បំផុត​អំឡុង​ទសវត្សរ៍​១៩៨០ ជា​ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​គាំ​ទ្រ​ដោយ​កង​ទ័ព​វៀតណាម និង​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី​នៅ​ឯ​ព្រំដែន​ភាគ​ខាង​លិច​ប្រទេស។

លោក សួន ប៊ុនសក្តិ៖ “ប៉ុន្តែ យើង​អត់​ទេ…ដើម្បី​មាន​អំណាច ដើម្បី​មាន​ឱកាស​ធ្វើការ ចេះ​តែ​បង្អាប់គ្នា​ទៅ​វិញ​ទៅម​ក ដៀល​ត្មេះ​ទៅ​វិញ​ទៅ​មក ជួន​កាល​មិន​បាន​គិត​ពី​ភាសា​ថ្លៃ​ថ្នូរ​ប៉ុន្មាន​ទេមែន​ទែ​ទៅ។ យើង​ឃើញតែ​អញ្ចឹង ដើម្បី​អំណាច។ ការពិត​ទៅ គេ​គ្រាន់​តែ​ប្រកួត​ប្រជែង​ផ្នែកគំនិត ផ្នែក​គោល​នយោបាយ ហើយ​ឲ្យ​ប្រជា​ពលរដ្ឋ​ជឿ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​គេ​ផ្ដល់​អំណាច​ដើម្បី​ឲ្យ​គ្រប់​គ្រង​ ប៉ុន្តែ​ យើង​ធ្វើ​ហ្នឹង​ វា​ហួស​ហេតុ​ពេក​ដែរ។ សម្ដី​អ្នក​នយោបាយ​ដូចជា​ហួស​ហេតុក្នុង​ការ​ដែល​គេ​ជជែក​ឆ្លង​ឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក ពោរពេញ​ទៅ​ដោយ​អសុរស​ច្រើន​ណាស់​កន្លងម​ក។ អញ្ចឹង​ហើយ​បាន​ជា​សង្គម​ខ្មែរ​ជំនាន់​ក្រោយ​ ជំនាន់​បច្ចុប្បន្ន​នេះ​ តែង​តែ​មាន​ហឹង្សា​ផ្សេងៗ ដោយសារ​តែ​ឥទ្ធិពល​មិន​ល្អ​ពី​អ្នក​ដែល​មាន​សំឡេង​ខ្លាំង សំឡេង​ទៅ​ឆ្ងាយ សំឡេង​លឺ​ដល់​គ្រប់​ច្រក​ល្ហក​ហ្នឹង​ឯង​មែន​ទែន​ទៅ”។

ដោយសារ​តែ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​នឹង​ប្រទេស​វៀតណាម ក្រុម​មេដឹកនាំ​​គណបក្ស​នេះ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​ចោទ​ប្រកាន់​ជាច្រើន​ឆ្នាំ​មក​ហើយ​ពី​សំណាក់​គណបក្ស​នយោបាយ​មិន​ដឹកនាំ​រដ្ឋាភិបាល​។ ភរិយា​ និង​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​​ប្រឆាំង​ផ្សព្វ​ផ្សាយ​ថា មាន​ជាប់​ឈាម​ជ័រ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម។ ការ​ចោទ​ប្រកាន់​បែប​នេះ​ទៅ​លើ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន បាន​ដុត​កម្ដៅ​នយោបាយ​កម្ពុជា រហូត​ដល់​លោក ហ៊ុន សែន ប្រកាស​មិន​អត់​ឱន​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង ក៏​ដូច​ជា​អ្នក​គាំ​ទ្រ​បក្ស​នេះ​ផង​ដែរ បើ​ទោះបី​ជា​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បដិសេធ​ថា លោក​មិន​ដែល​បរិហា​រឿង​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ក៏​ដោយ។

បើ​ងាក​ទៅ​មើល​ខាង​បក្ស​ប្រឆាំង​វិញ ពួកគេ​ក៏​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយ​ប្រហារ​ជា​ញឹក​ញាប់​ពី​សំណាក់​គណបក្ស​កាន់​អំណាច​ផង​ដែរ។ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​លោក ហ៊ុន សែន ហៅ​ជា​សាធារណៈ​​ទាំង​កំហឹង​ថា “កូន​អ្នក​ក្បត់​ជាតិ”។ ការ​ហៅ​បែប​នេះ​របស់​លោក ហ៊ុន សែន ដោយ​សំដៅ​ទៅ​ដល់​ឪពុក​របស់​លោក សម រង្ស៊ី អតីត​មន្ត្រី​ជាន់​ខ្ពស់​សម័​យ​សង្គម​រាស្ត្រ​និយម ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ចម្រូង​ចម្រាស់​ថា បាន​ក្បត់​អតីត​ព្រះ​មហាក្សត្រ​ នរោត្ដម សីហនុ នៅ​ដើម​ទសវត្សរ៍​១៩៦០។

ក្រៅ​ពី​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​បច្ចុប្បន្ន លោក កឹម សុខា ក៏​ជា​ត្រូវ​បាន​កំណត់​ជា​គោលដៅ​នៃ​ការ​បរិហា និង​ការ​បង្កាច់​បង្ខូចផង​ដែរ។ គេ​អាច​នៅ​ចាំ​បាន​ថា លោក កឹម សុខា ត្រូវ​បានបរិហា​ថាជា​ “ចោរ”​លួច​អង្ករ។ អ្វី​ដែល​សំខាន់​នោះគឺ​ថា រឿង​អាស្រូវ​ដ៏​ចម្រូង​ចម្រាស់​របស់​លោក កឹម សុខា ត្រូវ​បាន​ទម្លាយ​ បើ​ទោះបី​ជា​គេ​មិន​ដឹង​ពី​ចេតនា​ពិត​ប្រាកដ ប៉ុន្តែ គេ​អាច​មើល​ឃើញ​ថា ជា​ការ​បង្កាច់​បង្ខូច​រូប​លោក។

ការ​លាប​ពណ៌ ឬ​និយាយ​បង្កាច់​បង្ខូច​គ្នា ក៏​កើត​មាន​ជាមួយ​គណបក្ស​តូចៗ​ដទៃ​ទៀត​ផង​ដែរ។ កាល​នៅ​ជា​មេដឹកនាំ​បក្ស​សិទ្ធិ​មនុស្ស​នៅ​ឡើយ​នោះ លោក កឹម សុខា ផ្ទាល់ ក៏​ត្រូវ​បាន​គណបក្ស សម រង្ស៊ី ចាស់​​ចាត់​ទុក​ជា​បក្ស “អាយ៉ង” របស់​បក្ស​កាន់​អំណាច​ផង​ដែរ។ សព្វថ្ងៃ​នេះ គណបក្ស​នយោបាយ​តូចៗ​ដទៃ​ទៀត ក្នុង​នោះ​មាន​ទាំង​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ផង​ដែរ ត្រូ​វ​បាន​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ចាត់​ទុក​ជា “អាយ៉ង”​ របស់​បក្ស​កាន់​អំណាច​ផង​ដែរ។

វប្បធម៌​លាប​ពណ៌ និង​បង្កាច់​បង្ខូច​គ្នា​នេះ ត្រូវ​បាន​មើល​ឃើញ​ថា កើត​មាន​ដល់​កម្រិត​មូលដ្ឋាន ជា​ពិសេស​​នៅ​ក្រោយ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​មក​ថ្មីៗ​នេះ វា​បាន​បង្វែរ​មុខ​ព្រួយ​ទៅ​រក​មេដឹកនាំ​ថ្មី​នៅ​តាម​មូលដ្ឋាន នោះ​គឺ​មេឃុំ​ ឬ​ចៅ​សង្កាត់ជាប់​ឆ្នោត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​ឧទាហរណ៍​មួយ​ នៅ​ឯ​​​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ឃុន ចន្ទី​ ចៅសង្កាត់​ដែល​​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​បក្ស​ប្រឆាំង ត្រូវ​បាន​បរិហា និង​បង្កាច់​បង្ខូច​ថា ជា​ជន​ជាតិ​វៀតណាម។

ជា​រួម​មក នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នោះ មេឃុំ ឬ​ចៅ​សង្កាត់​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រង​ការ​បរិហា​ថា គ្មាន​ចំណេះ​ដឹង មាន​កម្រិត​វប្បធម៌​ទាប ជា​អ្នក​ធាក់​ស៊ីក្លូ ជា​អ្នក​លក់​កាហ្វេ ជា​ជន​ជាតិ​វៀតណាម ឬ​ជា​ជន​ពិការ​ជា​ដើម។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និកហ្វិក លោក សំ គន្ធាមី បាន​សង្កេត​ឃើញ​នូវ​ទិដ្ឋភាព​បែប​នេះ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​កន្លង​មក​នេះ ហើយ​លោក​ចាត់​ទុក​យុទ្ធនាការ​វាយ​ប្រហារ​ទៅ​លើ​ចៅសង្កាត់​ជាប់​ឆ្នោត​ថ្មី​មក​ពី​បក្ស​ប្រឆាំង​នោះ​ថា មិន​ត្រឹម​តែ​ប្រមាថ​ទៅ​ដល់​បុគ្គល​ដែល​ត្រូវ​បាន​ពលរដ្ឋ​ជ្រើស​រើស​នោះ​ទេ ប៉ុន្តែ វា​ក៏​ជា​ទង្វើ​ប្រមាថ​ទៅ​លើ​ម្ចាស់​ឆ្នោត​ទាំង​មូល​ផង​ដែរ។

អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​កម្ពុជា​រូប​នេះ យល់​ថា យុទ្ធនាការ​វាយ​ប្រហារ​បង្កាច់​បង្ខូច​ទៅ​លើ​មេ​ឃុំ​ចៅ​សង្កាត់​ថ្មីៗ​ទាំង​នោះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​រើស​អើង​ខាង​នយោបាយ ហើយ​ជាង​នេះ​ទៅ​ទៀត លោក​ថា វា​ក៏​ធ្វើ​ឲ្យ​មិន​មាន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ផង​ដែរ។

សម្រាប់​ថ្នាក់​មូលដ្ឋាន យុទ្ធនាការ​បរិហា​បង្កាច់​បង្ខូច​គ្នា​នេះ លោក សួន ប៊ុនសក្តិ ឯកភាព​ថា ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សាមគ្គីភាព​ក្នុង​សហគមន៍។ សម្រាប់​ទិដ្ឋភាព​នយោបាយ​ថ្នាក់​ជាតិ​វិញ លោក ប៊ុនសិក្តិ វប្បធម៌​លាប​ពណ៌ និង​បង្កាច់​បង្ខូច​គ្នា​នេះ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំង​មូល ពុំ​មាន​វរជន​គួរ​ឲ្យ​គោរព​នោះ​ឡើយ។

ដូច្នេះ វា​គួរ​តែ​ដល់​ពេល​ហើយ​ដែល​ក្រុម​មេដឹកនាំ​នយោបាយ​កម្ពុជា ផ្ដល់​ជា​គំរូ​សម្រាប់​ថ្នាក់​ដឹកនាំ​មូលដ្ឋាន ព្រម​ទាំង​បន្សល់​ទុក​កេរ្តិ៍​ដំណែល​ល្អៗ សម្រាប់​មេដឹកនាំ​កម្ពុជា​ក្មេង​ៗ​ជំនាន់​ក្រោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ