ការរំលេចខ្សែរឿង «ព្យុះជីវិតចិត្តអ្នកលេង» ក្នុងពេលដែល ភិន សុដាលីស ត្រូវបានឪពុកប្រគល់សិទ្ធិឲ្យធ្វើជានាយកប្រតិបត្តរបស់ផលិតកម្មមហាហង្ស បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងថា នាងបានបំផុសឲ្យយុវវ័យយល់ដឹងកាន់តែច្រើនពីជីវិតស្រឡាញ់ភេទដូចគ្នា ក្នុងពេលដែលរឿងដែលនាងចេញផលិតក្នុងនាមជាអ្នកទទួលខុសត្រូវលើកដំបូង ជារឿងឆ្លុះបញ្ចាំងទាំងស្រុងពីមនុស្សបុរសចរឹកស្រី និងពីនារីចរឹកប្រុស។ ទោះយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកគ្រប់គ្រងផលិតកម្មវ័យក្មេងរូបនេះ បានច្រានចោល។
ភិន សុដាលីស បានទទួលស្គាល់ថា ខ្សែវីដេអូភាគរឿង «ព្យុះជីវិតចិត្តអ្នកលេង» ដែលបានក្រុងពាលីចេញថតកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ពិតជារឿងលើកឡើងពីជីវិតសំបូរបែបរបស់មនុស្សប្រុស និងស្រីស្រឡាញ់ភេទដូចគ្នាប្រាកដមែន។
ប៉ុន្តែនាងថា ការសម្រេចឲ្យចេញថតរឿងនេះ មិនមែនក្នុងបំណងបំផុសអោយសង្គមកម្ពុជាកាន់តែពោរពេញដោយស្ថានភាពមិនប្រក្រតីនោះទេ។
នាងថាខ្សែរឿងភាគមួយនេះ គឺជារឿងដែលនាងបានសហការផលិតឲ្យទូរទស្សន៍បាយ័ន។
ខ្សែរឿងមួយនេះនាងថា ឆ្លុះបញ្ចាំងពីតួអង្គផ្ទុយចរឹកទាំងអស់ ដោយមនុស្សប្រុសសុទ្ធតែមានចរឹកស្រី ហើយបើតួអង្គស្រីសុទ្ធតែមានចរឹកប្រុស។ ប៉ុន្តែនាងថា គោលបំណងនៃការរំលេចរឿងនេះ ដើម្បីឲ្យមានការប្លែកភ្នែកសម្រាប់ការទស្សនា និងដើម្បីកុំឲ្យមានការរើសអើងចំពោះក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា នៅក្នុងសង្គម។
នាងលើកឡើងក្នុងពេលសន្និសីទថារឿង «ព្យុះជីវិតចិត្តអ្នកលេង» អត់មានឈុតឆាកវ៉ៃតប់គ្នាឲ្យស៊ីនឹងចំណងជើងរឿងទេ ប៉ុន្តែក្នុងរឿងទាំងមូលគឹនិយាយពីការតស៊ូ និងពីជីវិតរបស់មនុស្សពីរក្រុម គឺក្រុមស្រីចរឹកប្រុស និងពីក្រុម ប្រុសចរឹកស្រី ដែលនាងយល់ថាសង្គមមិនតិចនៅឡើយនៅតែមិនទាន់អោយតម្លៃដល់មនុស្សក្រុមនេះ។
បើទោះជារឿងទាំងមូលឆ្លុះបញ្ចាំងបញ្ហានេះ ប៉ុន្តែនាងថាមិនបានបំផុសឲ្យសង្គមមានរបត់ទៅរកស្នេហាជាមួយភេទដូចគ្នា ឬ បំផុសអោយឲ្យអ្នកទស្សនាជ្រើសយកអត្តចរឹកដូចគ្នានឹងតួអង្គក្នុងរឿងនោះទេ ផ្ទុយទៅវិញគឺមានតែការអប់រំ។
នាងនិយាយថា៖ «រឿងហ្នឹង បើនិយាយទៅគឺអ្នកខ្លះយល់ថាបំផុស តែតាមពិតបើបំផុសគឺបំផុសឲ្យមានការទទួលស្គាល់ពីពួកគាត់ (មនុស្សប្រុសស្រឡាញ់ប្រុស និងមនុស្សស្រីស្រឡាញ់ស្រី) ទៅវិញទេ។ មហាហង្សសម្រេចធ្វើរឿងហ្នឹង! អត់មានក្នុងន័យបំផុសឲ្យអាក្រក់ទេ! ផ្ទុយទៅវិញ គឺយើងគ្រាន់តែចង់ឲ្យសង្គមយល់ពីពួកគាត់ ហើយក្នុងរឿងហ្នឹង ក៏អប់រំឲ្យពួកគាត់ចេះកែប្រែ ដើម្បីអនាគតរបស់ពួកគេផងដែរ!»។
នាងថាក្នុងរឿង «ព្យុះជីវិតចិត្តអ្នកលេង» ក្នុងពេលដើមវគ្គរហូតដល់ពាក់កណ្ដាលវគ្គ គឺសុទ្ធតែបង្ហាញពីជម្លោះការងារ និងស្នេហា រវាងតួប្រុសៗ ដែលមានចរឹកស្រី ហើយតួស្រីៗ ដែលមានចរឹកប្រុស ប៉ុន្តែនៅពាក់កណ្ដាលរឿងអ្នកនិពន្ធបានតម្រូវឲ្យពួកគេចេះកែប្រែចរឹករបស់ខ្លួនដើម្បីមនុស្សដែលពួកគេស្រឡាញ់វិញ។
គាប់ជួនជាក្នុងរឿងនោះ ក៏មានឈុតឆាកតម្រូវអោយតួបានជួបគ្រោះថ្នាក់រួមគ្នានោះផង ទើបតួចរឹកស្រី និងតួចរឹកប្រុសដែលផ្ទុយពីធម្មជាតិទាំងនោះកែប្រែខ្លួនចេះខ្មាស់ខ្លួនឯង ហើយងាកមកយកប្ដីយកប្រពន្ធ ឲ្យស្របនឹងធម្មជាតិដែលជាការអប់រំវិញ។ ត្រង់ចំណុចនេះហើយ ដែលនាងបញ្ជាក់ថា នោះជារឿដែលមានខ្លឹមសារទូន្មានច្រើនជាងបំផុសគំនិត ដែលនាងយល់ថា ការសម្រេចឲ្យចេញថត គឺមានន័យទាំងសង្គម និងទាំងក្រុមមនុស្សភេទទី៣។
ភិន សុដាលីស ថារឿងនេះ ដំណើរការចេញថតដោយគ្រោងប្រើពេលជាង ៣ខែយ៉ាងតិច ដើម្បីអាចដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័នចាប់ពីដើមខែ១២ចុងឆ្នាំតទៅ។
រឿងនេះនាងថាមាន១២ភាគ ហើយទុនក្នុងការប្រើប្រាស់ក៏ខ្ពស់ណាស់ដែរដោយសារតែគ្រាន់តែតួអង្គធំគឺមានរហូតដល់១៦នាក់ និងសរុបតួក្នុងរឿងគឺមិនតិចជាង៥០នាក់សម្រាប់រឿងនេះ៕