នាយករដ្ឋមន្ត្រី​និមន្ត​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ចូលរួម​​វេទិកា​បរិស្ថាន បន្ទាប់​ពី​គាំទ្រ​ចលនា​ការពារ​ព្រៃឈើ​

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ចើញឲ្យចូលរួមក្នុងវេទិកាស្ដីពី«ការការពារ និងអភិរក្សបរិស្ថានធម្មជាតិ» នៅដើមសប្ដាហ៍ក្រោយ បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រកាសគាំទ្រចលនាការពារព្រៃឈើរបស់មហាជន។

យោងតាមលិខិតរបស់ក្រសួងបរិស្ថានចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានក្រសួងបរិស្ថាននិមន្តឲ្យចូលរួមក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សបរិស្ថាន ដែលនឹងរៀបចំធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាសង្ឃសកម្មក្នុងកិច្ចការពារបរិស្ថាន និងពិធីបុណ្យសពលោកបណ្ឌិត កែម ឡី នោះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គថា ព្រះអង្គមានបំណងនិមន្តទៅចូលរួមក្នុងវេទិកានេះ បើទោះបីជាពុំដឹងពីរបៀបវារៈនៃវេទិកានោះក៏ដោយ។

ព្រះអង្គបញ្ជាក់ថា៖ «វេទិកានេះមានលក្ខណៈនយោបាយបន្តិច តែអាត្មាគិតថា ចង់យកឱកាសនេះ និមន្តទៅចូលរួម ដើម្បីជជែកអំពីបញ្ហាមួយចំនួន ទាក់ទិននឹងការបំផ្លិចបំផ្លាញបរិស្ថានធម្មជាតិដ៏ធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្ន ដែលក្រុមការងារបានរកឃើញក្នុងរយៈពេល ៦ខែកន្លងមក ព្រមទាំងបញ្ហាប្រឈមនានាក្នុងការបំពេញការងារ»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ អះអាងថា ព្រះអង្គមានបំណងចូលរួមក្នុងវេទិកានោះ ដើម្បីទាមទារឲ្យមានការប្ដេជ្ញាការពារពីលោករដ្ឋមន្ត្រីបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ឲ្យអនុវត្តនូវគោលនយោបាយការពារព្រៃឈើ និងធនធានធម្មជាតិ ដែលនៅសេសសល់។

ក្រៅពីព្រះសង្ឃអង្គនេះ កញ្ញា ធី សុវណ្ណថា ក៏ត្រូវបានក្រសួងបរិស្ថានអញ្ចើញឲ្យចូលរួមក្នុងវេទិកានេះផងដែ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកក្កដាកន្លងមក បានគាំទ្រដល់ចលនាការពារព្រៃឈើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ