លោក ហ៊ុន សែន កំណត់ចុះជួបកម្មករកម្មការិនីពីរថ្ងៃក្នុងមួយសប្តាហ៍

លោក ហ៊ុន សែន ជួបជាមួយកម្មករនៅកោះពេជ្រកាលពីពេលកន្លងទៅ រូបភាពពីហ្វេសប៊ុក

លោក​នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានកំណត់ពេល​វេលា​ជាក់​លាក់​ពីរ​ថ្ងៃក្នុង​មួយសប្ដាហ៍​ដើម្បី​ជួប​សំណះ​សំណាល និង​​ចុះ​សួរសុខ​ទុក្ខ​កម្មករ​តាមបណ្ដារោងចក្រនានា។ នេះ​បើ​តាមទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក។

ទំព័រហ្វេសប៊ុករបស់លោក បាន​ឲ្យ​ដឹង​បែប​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង ៤២០០​នាក់ នៅ​ឯ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក បាន​រៀបរាប់​ថា៖ «សម្តេចតេជោបាន​កំណត់​យក​រៀងរាល់​ថ្ងៃអាទិត្យ​ ដើម្បី​ជួប​សំណោះសំណាល​ សួរ​សុខ​ទុក្ខ​កម្មករ កម្មការិនី​ ហើយ​នៅ​រៀងរាល់​ថ្ងៃពុធ​ សម្តេច​នឹង​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ កម្មករ​ កម្មការិនី​តាម​បណ្តា​រោងចក្រ​ សហគ្រាស​នានា​»។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្ត​ថា​ ការ​ជួបជុំ​នេះ​ក្នុង​បំណង​ស្វែងយល់​ពី​សុខទុក្ខ​ លក្ខខណ្ឌ​ការងារ​ ការ​ទំនាក់ទំនង​រវាង​កម្មករ និយោជិត​ជា​មួយ​និយោជក​ និង​ទទួល​សំណូមពរ​នានា​ ដើម្បី​សម្រួល​ដល់​កម្មករ​និយោជិត​ឲ្យ​កាន់​តែ​មាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​ចំ​ពិធី​ជួប​សំណេះ​សំណាល​ជា​បន្ត​បន្ទាប់​ជាមួយ​មន្ត្រី​រាជ​ការ​សាធារណៈ ក្រុម​អាជីវករ កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន ហើយ​​ចុង​ក្រោយ​ជាមួយ​ក្រុម​កម្មករកម្មការិនី។

លោក ហ៊ុន សែន បាន​អះ​អាង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​ឆ្នាំ​មុន​ថា ដំណើរ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​មហាជន គឺ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ