លោក កឹម សុខា៖ មិនចាំបាច់ឱបរឹតគ្នាទេ ត្រឹមចាប់ដៃគ្នាកសាងកម្ពុជាទៅបានហើយ

លោក កឹម សុខា អតីតប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា អ្នក​នយោបាយ​កម្ពុជា មិន​ត្រូវ​កាប់​សម្លាប់​គ្នា ហើយ​ក៏​មិន​ចាំ​បាច់​ឱប​រឹត​គ្នា​ដែរ ផ្ទុយ​ទៅ​វិញ លោក​ស្នើ​ឲ្យ​មាន​ត្រឹម​តែ​ចាប់​ដៃ​គ្នា​ដើម្បី​កសាង​ប្រទេស​កម្ពុជា ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន និង​ផ្ដល់ភាព​រីក​ចម្រើ​នសម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ហើយ។

លោក កឹម សុខា បាន​លើក​ឡើង​បែប​នេះ ជាង ២​ឆ្នាំ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​កសាង​ទំនាក់​ទំនង​ល្អូក​ល្អឺន​នឹង​គ្នា​​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​កាល​ពី​ឆ្នាំ​២០១៥ រហូត​ដល់​អ្នក​ទាំង​ពីរ​បាន​ចូល​រួម​បុណ្យ​អង្គរ​សង្ក្រាន​រួម​គ្នា​នៅ​ឯ​ខេត្ត​សៀមរាប​នៅ​ខែ​មេសា ហើយ​ចុង​ក្រោយ​ក្រុម​គ្រួសារ​នៃ​អ្នក​នយោបាយ​ទាំង​ពីរ​នេះ បាន​ជួប​ជុំ​គ្នា​បរិភោគ​អាហារ​ពេល​ល្ងាច​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​ខែ​កក្កដា។

ទំនាក់​ទំនង​ដ៏​ល្អ​រយៈ​ពេល​ខ្លី​របស់​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​នា​ពេល​នោះ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា កើត​ឡើង​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​ និង​វប្បធម៌​សន្ទនា បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ទោះជាយ៉ាងណា​ក៏​ដោយ ភាព​ល្អូក​ល្អឺន​របស់​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​រូប​នេះ បាន​ឈាន​ដល់​ទីបញ្ចប់ ដោយ​លោក សម រង្ស៊ី ត្រូវបាន​ប្ដឹង​ដោយ​លោក ហ៊ុន សែន និង​មេដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​បក្ស​កាន់​អំណាច ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី បាន​ចោទ​លោក សម រង្ស៊ី ថា ចាប់​ដៃ​ជាន់​ជើង។

នៅលើទំព័រហ្វេសប៊ុករបស់​លោក​​ដែលសរសេររៀបរាប់ភ្ជាប់​ជាមួយរូបភាពនៃការចុះជួបថ្នាក់ដឹកនាំមូលដ្ឋាន​របស់ខ្លួន​ក្នុង ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២០ ខែ​សីហានេះ លោក កឹម សុខា មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​ បាន​ថ្លែង​ថា៖ «ខ្ញុំសង្កេតឃើញថា អ្នកនយោបាយខ្មែរកន្លងមក ពេលត្រូវរ៉ូវគ្នា ធ្វើជាឱបរឹត ស្និទ្ធស្នាលគ្នា ទាំងគ្រួសារ។ ពេលខ្វែងគំនិតគ្នា វាយប្រហារគ្នាស្ទើរតែស៊ីសាច់ហុតឈាមគ្នា។ អាកប្បកិរិយាទាំងនេះ វាហួសហេតុពេកហើយ ព្រោះជាលទ្ធផល វានឹងបំផ្លាញខ្លួនឯង បំផ្លាញសង្គមខ្មែរ និងរហូតដល់បំផ្លាញប្រទេសជាតិយើងទៀតផង» ។

លោក​បន្ថែម​ថា​​ គណបក្ស​សង្គ្រោះជាតិ​មិន​ចង់​ឃើញ​ការ​កាប់សម្លាប់គ្នា​ ឬ​ឱប​រឹត​គ្នា​ទេ​ ប៉ុន្តែ​ លោក​​ថា​ ចង់​ឲ្យ​មាន​ការ​ចាប់​ដៃ​គ្នា​​ដើម្បី​កសាង​​សង្គម​ ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ និង​សេចក្ដីសុខ​ចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​។

លោកក៏លើកឡើងដែរថា អ្នកនយោបាយ ឬ គណបក្សនយោបាយខ្មែរ គូរប្រកួតប្រជែងគ្នាតែទស្សនៈរៀងៗខ្លួន និង​ជៀសវាងការជេរប្រមាថ លាបពណ៌ គំរាមកំហែង និងបង្កការឈឺចាប់​ចំពោះខ្មែរគ្នាឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ