ថៃចាប់ខ្លួនបុរសកូរ៉េខាងត្បូងម្នាក់ជុំវិញការបោកបញ្ឆោតស្ត្រីថៃឲ្យជួញដូរផ្លូវភេទ

បុរស​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ ក្រោយ​ពី​​ត្រូវ​បាន​ចោទ​ថា​បាន​​បោក​បញ្ឆោត​នារី​ជន​ជាតិ​ថៃ ២០​នាក់ ឲ្យ​បម្រើ​សេវា​ផ្លូវ​ភេទ​ទាំង​បង្ខំ នៅ​ឯ​កូរ៉េ​ខាង​ត្បូង​។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ថៃ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា លោក គីម យ៉ុង ចូន អាយុ ៣៩​ឆ្នាំ ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន ដែល​បាន​បោក​បញ្ឆោត​នារី​ថៃ​ឲ្យ​ចូល​ទៅ​ក្នុង​ជំនួញ​ផ្លូវ​ភេទ​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​ការ​ចាប់​នេះ​កើត​ឡើង​ក្រោយ​ពី​ក្រុង​បាងកក និង​ក្រុង​សេអ៊ូល​ព្យាយាម​កម្ចាត់​ក្រុម​នេះ​ចោល។

តម្រួត​ថៃ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា លោក ចូន បាន​សន្យា​ផ្ដល់​ការងារ​ម៉ាស្សា​ដល់​នារី​ថៃ​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ ពេល​ទៅ​ដល់​ទីនោះ នារី​ថៃ​ទាំង​នោះ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ជា​នារី​ពេស្យាចារ ដោយ​បាន​ដក​ហូត​លិខិត​ឆ្លង​ដែន និង​បាន​បង្ខាំង​ទុក។

តម្រួត​ថៃ​បាន​ឲ្យ​ដឹង​ថៃ បុរស​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាផាតមេន​មួយ​កន្លែង​នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស។

អាជ្ញាធរ​ថៃ និង​កូរ៉េ​ខាង​ត្បូង កំពុង​ស្វែង​រក​ចាប់​ខ្លួន​​ស្ត្រី​ថៃ​ម្នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ជឿ​ថា ជា​អ្នក​សម​គំនិត​ជាមួយ​លោក ចូន ហើយ​ស្ត្រី​ម្នាក់​នោះ​កំពុង​រត់​គេច​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ