លិខិត​មិត្ត​អ្នក​អាន៖ ស្លឹក​ចេក​ខ្ចប់​នំ

ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 8:50 AM | លិខិតមិត្តអ្នកអាន | 0 | 1804 សត្វកង្កែប និង ពស់​ (រូបតំណាងពីអ៊ិនធើណិត)

ស្លឹកចេកជាធាតុមួយដ៏សំខាន់ក្នុងការវេចនំប្រពៃណីរបស់ខ្មែរ មាននំអន្សមចេក អន្សមជ្រូក អន្សមអាំង នំគម នំស្លឹកស្រស់ នំចេកបុក នំល្ពៅ ។ល។ និង ។ល។ ហើយជាពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើង ស្លឹកចេកអាចមានតម្លៃស្មើនឹងមួយភាគបួននៃតម្លៃនំទាំងមូលក៏ថាបាន។ ផ្ទុយទៅវិញ ក្រោយពេលគេចម្អិននំនោះបានឆ្អិនអាចទទួលបានហើយ សម្បកនំជាស្លឹកចេក នឹងត្រូវគេបកគ្រវាត់ចោល ហើយតម្លៃរបស់វាមិនស្មើនឹង ១ភាគ១០០ នៃតម្លៃនំផងទេ។

បើប្រៀបធៀបមកមនុស្សវិញ ជនទាំងឡាយណាដែលព្រមដាក់ខ្លួនធ្វើជាស្លឹកចេកសម្រាប់ឲ្យអ្នកនយោបាយ ជាពិសេសបក្សកាន់អំណាចយកទៅខ្ចប់នំ ក៏គង់នឹងមានវាសនាមិនសូវខុសគ្នាដែរ។ ពេលរដូវកាលបោះឆ្នោតម្តង គេឃើញមានជំពូកមនុស្សស្លឹកចេក (ពោលគឺមនុស្សខ្ជិលច្រអូសនឹងការងារ ឬពុំមានចំណេះដឹងខ្ពង់ខ្ពស់) ជាច្រើនអន្លើ ចេញមកបង្ហាញខ្លួន ដើម្បីបុណក្យសក្តិ ឬលាភសក្ការៈផ្សេងៗ។ មនុស្សប្រភេទស្លឹកចេកខ្ចប់នំ អាចមានពីរប្រភេទ៖

ប្រភេទទី១៖ ជាជំពូកយុវវ័យដែលពុំសូវមានចំណេះដឹងជ្រៅជ្រះ ជាប្រភេទមនុស្សដែលមានតែវោហារ និងមានគេស្គាល់ច្រើន។ នៅចាំបានថា ក្រោយព្រឹត្តិការណ៍បង្ហូរឈាម ៥-៦ កក្កដា ១៩៩៧ នៅកម្ពុជា មានការថ្កោលទោសជាទូទៅ អំពីការដណ្តើមអំណាចនោះ បក្សកាន់អំណាចបានប្រមូលទាហានខ្មែរក្រហមមួយតំបរស្វាដែលកាលនោះ ភុន ភាព ជាមេខ្លោងចេញមកនិយាយបរិហារគូបដិបក្ខថា ជាអ្នកគប់គិតផែនការក្បត់ជាមួយខ្មែរក្រហម។ តើបច្ចុប្បន្ន ភុន ភាព និងបក្សពួកនៅឯណា?

មិនសូវខុសគ្នាប៉ុន្មានទេ នាពេលនេះមានយុវជនធ្លាប់បាក់ឌុប និង និស្សិតក្រៅសាលាមួយ ឬពីរក្រុមកំពុងធ្វើខ្លួនឲ្យក្លាយជាស្លឹកចេកខ្ចប់នំដូច ភុន ភាព ដែរ។ តែគេគួរចងចាំថា បើខ្លួនយើងគ្មានចំណេះដឹង មានតែវោហារប៉ាតណាប៉ាតណី មិនប្រាកដថាជួយទាក់ទាញប្រជាប្រិយភាពបានទេ។ បើលទ្ធផលបោះឆ្នោត២០១៨ បក្សកាន់អំណាចរក្សាបានកៅអីដដែល ឬមានកំណើនខ្លះ នោះក្រុមមមាចទាំងនេះអាចនៅមានតម្លៃប្រើបានទៀត តែបើកាន់តែបាត់កៅអីនោះ វាសនារបស់ពួកនេះអាចមានភាពអណោចអាធមក៏ថាបាន។

ប្រភេទទី២៖ ជាជំពូកអ្នកនយោបាយដែលធ្លាប់ជាអ្នកប្រឆាំងហើយត្រូវគេយកទៅប្រើ ដើម្បីបំបែកកម្លាំងបក្សប្រឆាំង។ មនុស្សជំពូកស្លឹកចេកខ្ចប់នេះប្រភេទនេះ សព្វថ្ងៃមានចំនួនច្រើន កាន់តំណែងធំដុំគ្រាន់បើដែរ តែមិនសូវមានតម្លៃទេ។ បើក្នុងសម័យប៉ុលពត ពួកផ្តាច់ខ្លួនគឺគេហៅថា ពួកសមាជិកត្រៀម ពួកនេះត្រូវធ្វើការទ្វេគុណ ដើម្បីបានការទុកចិត្តពីអង្គការ ទើបអាចដំឡើងជាកម្មាភិបាលពេញសិទ្ធិបាន។ ហេតុនេះ យើងសង្កេតឃើញថា ពួកជំពូកនេះច្រើនកាន់តួនាទីដែលរាស្រ្តស្អប់ រាស្រ្តជេរប្រទេចផ្តាសារ ដូចជា អ្នកនាំពាក្យ ។ល។និង។ល។

ពួកជំពូកនេះជាបន្ទុកមួយរបស់ជាតិដែរ គឺដើម្បីបង្កើនប៉ុស្តិ៍ និងតំណែងដើម្បីរក្សាទុកពួកគេកុំឲ្យបែកឆ្វេង រដ្ឋាភិបាលត្រូវបង្កើនចំណាយថវិកាជាតិ ដោយមិនចាំបាច់។ មានអ្នកខ្លះបានក្លាយជាមន្រ្តីទូតហើយ (ឡើងកប់ពពក) តែទីបំផុតបែរជាមកដេកក្នុងទ្រុងសារិកាទ្រុងសេកសោមទៅវិញ (ធ្លាក់មកជ្រកអាចមន៍ជន្លេន) ដោយសារមិនយល់កាលៈទេសៈ ឬដើរមិនទាន់សភាពការណ៍។

មានបញ្ញវ័ន្តមួយចំនួនដែរ ដែលមិនព្រមធ្វើខ្លួនឲ្យក្លាយជាស្លឹកចេកសម្រាប់ខ្ចប់នំ សុខចិត្តទ្រាំរស់តាមសមាជីវោ បញ្ញវ័ន្តខ្លះទៀតបានកាន់តំណែងធំហើយ តែសុខចិត្តដកខ្លួនមកធ្វើជាអ្នកបច្ចេកទេស (technocrats) ជាជាងធ្វើស្លឹកចេកឲ្យគេយកទៅខ្ចប់នំ។

ក្នុងសង្គមមួយ បើមានពួកស្លឹកចេកច្រើនពេក នោះសង្គមមិនរីកចម្រើនទេ ព្រោះពួកគេដូចជាឈ្លើង ឬដង្កូវប៉ារ៉ាសីត ចាំតែបឺតជញ្ជក់ឈាមរាស្រ្ត។

ពួកនេះក៏គេមិនសូវទុកចិត្តដែរ ព្រោះជាអ្នកនយោបាយឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ (flip-flop)។ វាសនារបស់ពួកនេះក៏រឹងតែវេទនាទៅទៀតត្រង់ថា ពេលជាប់គុកគ្មាននរណាហ៊ានចេញមុខតវ៉ាទាមទារការដោះលែង ហើយមិនស្លាប់វិញ គឺក្លាយជាឧទាហរណ៍អាក្រក់សម្រាប់គេយកទៅនិយាយសើចលេងប៉ុណ្ណោះ។

ពាក្យចាស់មួយឃ្លាតែងពោលថា “ស្លាប់ដូចពស់ រស់ដូចកង្កែប” !!!

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required