ជនជាតិដើមភាគតិចជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពីជីវភាពរស់នៅ

ប្រជាសហគមន៍ជនជាតិដើមភាគតិចមកពីខេត្តចំនួន៣ ជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ពួកគាត់ ដោយអះអាងថាពួកគាត់កំពុងប្រឈមពីការបណ្ដេញចេញពីលំស្ថានដោយអាជ្ញាធរនិងក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ប្រជាសហគមន៍ជនជាតិដើមភាគតិចមកពីខេត្តព្រះវិហារ ស្ទឹងត្រែង និងមណ្ឌលគិរី បានលើកឡើងប្រហាក់ប្រហែលគ្នាថា បច្ចុប្បន្ននេះពួកគាត់កំពុងប្រឈមការបណ្ដេញចេញទាំងបង្ខំនិងការគំរាមកំហែងពីសំណាក់អាជ្ញាធរ។

ប្រជាសហគមន៍ជនជាតិដើមភាគតិចគួចមកពីខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម លើកឡើងថាអាជ្ញាធរមូលដ្ឋាននិងមន្ត្រីមួយចំនួនទៀតបានឃុកឃិតគ្នាជាមួយក្រុមហ៊ុន ដោយបង្ខំឲ្យពួកគាត់លក់ដីស្រែនិងគំរាមពួកគាត់មិនឲ្យធ្វើការតវ៉ា។

អ្នកស្រីមានប្រសាសន៍ថា៖ “បញ្ហាប្រឈមខ្លាំង គឺការរំលោភសិទ្ធិមនុស្សនិងសិទ្ធិស្ត្រី សមត្ថកិច្ចដូចជាប៉ូលីស ប៉េអឹម មានអភិបាលរងស្រុក បានសុរិយោដី ស្រុកគេ គេចុះទៅគំរាមកំហែងយើងជាពិសេសគឺក្រសួងមានសមត្ថកិច្ចនេះពួកប៉ូលីស ប៉េអឹម ច្រើនតែទៅគំរាមពួកយើងមិនតវ៉ា បើយើងតវ៉ាយើងនឹងជាប់គុក ជាប់ច្រវ៉ា មីងឯករស់នៅលើដីរដ្ឋ មីងលួចដីរដ្ឋធ្វើស្រែ គេប្រមាថតែដាក់គុក ហើយអាការវៃដំគឺជាក់ស្ដែង អ្នកមកនេះក៏គាត់ត្រូវគេវៃដែលជាស្រ្តី។ ហេតុការណ៍ដែលខ្លាំងមែនទេ គឺការបណ្ដេញចេញ ការរុះរើផ្ទះ ការលុបស្រែចម្ការរបស់យើង ការបណ្ដេញឲ្យចាកចេញពីលំនៅឋាន“។

អ្នកស្រី ខុម រ៉ានី អះអាងថា អាជ្ញាធរវាយអ្នកស្រីនិងបងស្រីខ្លួន បន្ទាប់ពីពួកគាត់ទៅរារាំងអាជ្ញាធរមិនរុះរើផ្ទះ កាលពីថ្ងៃទី១៥ ខែតុលា ដោយថាអាជ្ញាធរបានចោទពួកគាត់ថារស់នៅលើដីរដ្ឋខុសច្បាប់។ តែអ្នកស្រីថា ពួកគាត់បានរស់នៅទីនោះតាំងពីឆ្នាំ១៩៩៥។

អ្នកស្រីមានប្រសាសន៍ថា៖ “អ្នកកាប់រំលំផ្ទះប្រជាពលរដ្ឋត្រូវច្បាប់ណាស់មែនទេ ហើយច្បាប់នេះមាត្រាប៉ុន្មាន ដល់ពេលហ្នឹងនោះគាត់ខឹង ឲ្យគេចាប់ដាក់ឡាន យកទៅដាក់គុកមនុស្សខុសច្បាប់ សងផ្ទះ រុករានព្រៃខុសច្បាប់ ប្រជាពលរដ្ឋរុករានព្រៃខុសច្បាប់ គាត់ថាចាប់ដាក់ឡាន។ ដល់ពេលនេះ ឪពុកម្ដាយនិងបងស្រីខ្ញុំមកជួយ ហើយក៏មានការប្រតាយប្រតប ហើយគាត់បានវាយខ្ញុំត្រូវពីរដៃ ចំមាត់ ហើយបងស្រីខ្ញុំគ អត់ចេះនិយាយអីទេ ហើយគាត់ហ៊ានលើកដៃវៃបងស្រីខ្ញុំនិងយកទូរសព្ទអស់ពីរគ្រឿង“។

ជនជាតិពូនងម្នាក់មកពីស្រុកសេសាន ខេត្តស្ទឹង ដែលសិ្ថតនៅក្នុងអាំងស្តុបទឹកទំនប់វារីអគ្គិសនីសេសានក្រោមពីរអះអាងថា ពួកគាត់មិនព្រមចេញពីកន្លែងរស់បច្ចុប្បន្ននេះឡើយ។ អ្នកស្រីមានប្រសាសន៍ថា៖ “ដីដែលពួកគាត់ធ្លាប់រស់នៅ គឺល្អបំផុតសម្រាប់ការប្រកបមុខរបរចិញ្ចឹមកូនចៅជំនាន់ក្រោយ។ ទីទួលសុវត្តិភាព រដ្ឋថាដីរបស់រដ្ឋ ហើយពួកគាត់ជាម្ចាស់ដែនដីកំណើតនៅទីនោះ ប្រហែលជារស់នៅលើដីរដ្ឋព្រាបដូចជាសត្វស្វា“។

ក្រុមជនជាតិដើមភាគតិចទាំងនោះអះអាងថា ពួកគាត់កំពុងជួបការលំបាកពីជីវភាពរស់នៅ ហើយអំពាវនាវឲ្យរដ្ឋាភិបាលពិនិត្យមើលចំពោះមន្ត្រីអាជ្ញាធរថ្នាក់ក្រោមនិងធ្វើការសិក្សាឲ្យច្បាស់ជាមុនសិន មុនផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនធ្វើការវិនិយោគ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងដែនដីបានទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។

នាយកប្រតិបត្តិអង្គការគាំទ្រជនជាតិដើមភាគតិច លោក សៅ វ៉ាន់សី មានប្រសាសន៍ថា អាជ្ញាធរគួរតែធ្វើការដោះស្រាយបញ្ហានេះដោយសន្តិវិធី មិនមែនធ្វើការគំរាមប្រជាពលរដ្ឋនិងបណ្ដេញពួកគេចេញទាំងបង្ខំឡើយ លោកចាត់ទុកការគំរាមទាំងនោះថាជាការរំលោភសិទ្ធិលំនៅសា្ថនរបស់ពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនគាំទ្រទៅលើអំពើទាំងអស់នោះទេ ហើយស្នើសុំភាគីពាក់ព័ន្ធទាំងអស់ ទាំងឯកជន ទាំងរាជរដ្ឋាភិបាល ទាំងអង្គការសង្គមស៊ីវិល ជាមួយសហគមន៍ រួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី។ អនុវត្តច្បាប់របស់រដ្ឋហើយនិងគោលនយោបាយជាតិស្ដីពីការចុះបញ្ជីសមូលហភាពជនជាតិដើមភាពតិច ជាពិសេសការអនុវត្តអនុក្រឹត្យលេខ៨៣របស់រាជរដ្ឋាភិបាលជាមួយការណែនាំថ្មីៗទៅលើសរាចរណ៍ឬក៏ការណែនាំថ្មីៗរបស់រាជរដ្ឋាភិបាល ដែលមានឆន្ទៈក្នុងការដោះស្រាយជម្លោះដីធ្លីនិងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា“។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែតុលា បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចំនួន១០ថ្ងៃ លោកស្រី រ៉ូណា ស្មីត បានលើកឡើងពីបញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចទាក់ទងការរំលោភដីធ្លីនិងសិទ្ធិលំនៅឋាន។ លោកស្រីស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវច្បាប់និងគោលនយោបាយដែលមានស្រាប់ ដើម្បីបំពេញទៅតាមសេចក្ដីប្រកាសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិចនិងធានាឲ្យមានការផ្សព្វផ្សាយនិងការអនុវត្តនៅកំរិតមូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ