ជិត១ខែ ជំនន់ទឹកភ្លៀងបានបង្កការខូច​ខាត​ដល់ផ្ទះប្រជាពលរដ្ឋនិងដំណាំរាប់ពាន់ហិកតា

ទឹកជំនន់កំពុងគំរាមកំហែងក្នុងសង្កាត់មួយជាយរាជធានីភ្នំពេញ

មន្ត្រីជំនាញគ្រោះមហន្តរាយបានឲ្យដឹងថាអំឡុងពេលជិត១ខែនេះ ជំនន់ទឹកភ្លៀងបានបង្កការខូចខាតធ្ងន់ធ្ងរដល់ផ្ទះប្រជាពលរដ្ឋនិងដំណាំរាប់ពាន់ហិកតានៅក្នុងខេត្តចំនួន៣និងរាជធានីភ្នំពេញ។

ខេត្តដែលរងគ្រោះទឹកជំនន់ទំាងនោះរួមមានខេត្តស្វាយរៀង កំពង់ស្ពឺ កណ្តាល និងខណ្ឌដង្កោ រាជធានីភ្នំពេញ ជាដើម។

នាយខុទ្ទកាល័យនិងជាអនុប្រធានគ្រប់គ្រងព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ប្រាប់វីអូឌីថា ជំនន់ទឹកភ្លៀងចាប់ពីដើមខែតុលាដល់ថ្ងៃទី២០ខែដដែលនេះ នៅក្នុងខេត្តស្វាយរៀងជំនន់ទឹកភ្លៀងបានបង្កឲ្យប៉ះពាល់៥ស្រុកនិងក្រុង រួមទំាងលិចលំនៅឋាន១០៥២ខ្នងផ្ទះ ហើយអាជ្ញាធរបានជម្លៀស៣៧គ្រួសារទៅទីទួលសុវត្ថិភាព និងប៉ះពាល់ដំណាំស្រូវប្រមាណចំនួន១៦៦៥ហិកតា ក្នុងនោះខូចខាតទំាងស្រុង៤១៧ហិកតា ដំឡូងមីខូចខាត៦៧៥ហិកតា។

ចំណែកខេត្តកំពង់ស្ពឺ ប៉ះពាល់៨ស្រុកនិងក្រុងមួយ ដោយលិចផ្ទះ១៨១៤ខ្នង ប៉ះពាល់ដល់ដំណំាស្រូវ២៣៤៦ហិកតា ក្នុងនោះអាចខូចខាត៣១៦ហិកតា។

រីឯនៅខណ្ឌដង្កោ លិចលង់១០សង្កាត់ ប៉ះពាល់ដល់ប្រជាពលរដ្ឋ១៧៤២គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព៣០៩គ្រួសារ និងប៉ះពាល់ដំណាំ១០១៦ហិកតា និងស្រុកកណ្តាលស្ទឹងរងប៉ះពាល់២ឃុំ ប៉ះពាល់ពលរដ្ឋ២៨៣គ្រួសារ ក្នុងនោះជម្លៀសបាន៣១គ្រួសារទៅកន្លែងសុវត្ថិភាព និងដំណាំស្រូវលិចលង់៦៤៩ហិចតា។

ជំនន់ទឹកភ្លៀងនេះ លោក កែវ វី បញ្ជាក់ថាស្ថាប័នពាក់ព័ន្ធបាននឹងកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យនិងត្រៀមជួយពលរដ្ឋរងគ្រោះទំាងនោះ។ តែយ៉ាងណាក៏ដោយ លោកស្នើទៅប្រជាពលរដ្ឋជាពិសេសនៅតំបន់ងាយរងគ្រោះត្រូវប្រុងប្រយ័ត្ន ដោយថាដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីជំនន់ទឹកភ្លៀងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ