ពលរដ្ឋ​ខ្មែរ​៣​នាក់​ក្នុង​ចំណោម​២០​នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​ឥណ្ឌូនេស៊ី

ពលករខ្មែរ៣នាក់ដែលជាជនរងគ្រោះនៃការជួញដូរមនុស្សឆ្លងដែន ត្រូវបានក្រសួងការបរទេសកម្ពុជាប្រកាសថា ត្រូវបានបញ្ជូនត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃម្សិលមិញ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញថា ពលករខ្មែរទាំង ៣នាក់នោះ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដាកន្លងមកនេះ បន្ទាប់ពីបង្ក្រាបទៅលើទូកនេសាទបរទេសមួយ ដែលបានចូលនេសាទក្នុងដែនទឹកឥណ្ឌូនេស៊ី។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី០៧ ខែតុលា ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពលករខ្មែរចំនួន ២០នាក់ កំពុងជាប់ឃុំនៅទីកន្លែងពីរដាច់ដោយឡែកពីគ្នា នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្រសួងការបរទេស បានឲ្យដឹងផងដែរ ពលការិនីខ្មែរម្នាក់ទៀត ក៏គ្រោងនឹងមកដល់ប្រទេសកម្ពុជាវិញនៅល្ងាចថ្ងៃនេះដែរ បន្ទាប់ពីពលការិនីរូបនោះ ប្រឈមនឹងការលំបាកនៅអំឡុងពេលធ្វើការស្របច្បាប់នៅប្រទេសម៉ាឡេស៊ី។

តួលេខកត់ត្រាដោយក្រសួងការបរទេសកម្ពុជា  បានឲ្យដឹងថា ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅឯបរទេស បានជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកប្រទេសកំណើតវិញនូវពលរដ្ឋកម្ពុជារងគ្រោះចំនួន ៥៧៨នាក់ នៅក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០១៦នេះ។ តួលេខនោះបង្ហាញថា ពលរដ្ឋខ្មែរភាគច្រើនបំផុត ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកពីប្រទេសជិតខាងកម្ពុជា ក្នុងនោះមានពលរដ្ឋខ្មែរចំនួន ៥៧នាក់ ត្រូវបានជួយសង្គ្រោះពីប្រទេសឥណ្ឌូនេស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ