លោក ឡៅ ម៉ុងហៃ ថាកិច្ចព្រមព្រៀងក្រុងប៉ារីសមិនទាន់ស្លាប់

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

អ្នកនយោបាយជើងចាស់ម្នាក់លើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកម្ពុជា ជាភាគីហត្ថលេខីនោះ គឺនៅមានជីវិត មិនដូចការលើកឡើងរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន នោះទេ។

ក្នុងកិច្ចប្រជុំពិភាក្សាមួយ​ កាលពីថ្ងៃម្សិលមិញ លោក ឡៅ ម៉ុងហៃ លើកឡើងថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស២៣តុលា ដែលកម្ពុជា ជាភាគីហត្ថលេខីដែរនោះ គឺនៅរស់រានមានជីវីត និងនៅមានសុពលភាព ដែលថា អាចចាប់បង្ខំកម្ពុជា ឲ្យគោរពតាមកិច្ចព្រមព្រៀងនេះ។

លោក ពន្យល់ថា កម្ពុជា មិនដែលផ្ញើលិខិតណាមួយទៅភាគីហត្ថលេខី​ ឬ អតីតសហប្រធានសន្និសីទក្រុងប៉ារីស ដើម្បីបញ្ជាក់ថា ខ្លួននឹងឈប់គោរពតាមកិច្ចព្រមព្រៀងហើយនោះទេ និងថា កិច្ចព្រមព្រៀងនេះ ក៏មិនបញ្ជាក់ថេរវេលា ថាតើ នឹងអស់សុពលភាពនៅពេលណាដែរ។ បន្ថែមលើសនេះ លោកថា ថ្មីៗនេះ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ថែមទាំងបានយោងលើមាត្រាមួយចំនួន នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដោយហាមមិនប្រទេសដទៃ លូកដៃ ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។

លោកថា៖ «ប៉ុន្ដែនេះ នៅរស់ ហេតុអ្វីខ្ញុំថា នៅរស់ ថ្មីៗនេះ មុននឹងសម្ដេចនាយកមានប្រសាសន៍ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្លាប់នោះ គឺឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានយោងកិច្ចកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដើម្បីហាមឃាត់ ឬព្រមាន ប្រទេសទាំងឡាយ ដែលចេះ តែធ្វើអត្ថាធិប្បាយ ឬអន្ដរាគមន៍ អំពីការរំលោភសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។ ទី២ អត់មានចែងនៅក្នុងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស អត់មានចែងថា បញ្ចប់សព្វគ្រប់ នៅថ្ងៃណានោះទេ»

ក្នុងប្រជុំនេះដែរ ក្រុមអង្គការសង្គមស៊ីវិលយល់ថា កម្ពុជា ហាក់ប្រាស់ចាកពីគោលការណ៍មួយចំនួន ដែលមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ដូចជា បញ្ហាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងការគំរាមកំហែងជាបន្ដបន្ទាប់ លើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សាព្វផ្សាយឯករាជ្យ នៅមុនការបោះឆ្នោតឆ្នាំ២០១៨។

ពួកគេ ក៏អំពាវនាវ ដល់ម្ចាស់ហត្ថលេខី និងអតីតសហប្រធានសន្និសីទក្រុងប៉ារីស រួមមាន ប្រទេសបារាំង និងឥណ្ឌូនេស៊ី ឲ្យកោះប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា បន្ទាប់ពីបានចុះហត្ថលេខា អស់រយៈពេល២៦ឆ្នាំមកហើយ។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានស្លាប់ទៅហើយ និងថា ការប៉ុនប៉ងជំរុញឲ្យមានកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា មិនអាចទៅរួចនោះទេ។

លោកថ្លែងថា៖ «សុំកុំស្រមើស្រម៉ៃថា កោះប្រជុំសន្ធិសីទប៉ារីស ឡើងវិញនោះ។ ព្រោះ សន្ធិសីទអន្តរជាតិប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយ ក្លាយជារដ្ឋ មិនដឹងប៉ុន្មាននោះ។ សូម្បីតែ ប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ដែរ វាមាននៅសល់អីទៀតៗ»។

ប៉ុន្ដែ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ អាចធ្វើទៅរួច ប្រសិនបើភាគីហត្ថលេខី និងអតីតសហប្រធានសន្និសីទ យល់ថា កម្ពុជាបានបំពានធ្ងន់ធ្ងរ ទៅនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស និងការដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ។

លោក ឡៅ ម៉ុងហៃ ព្រមានថា​ ប្រសិនបើស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ នៅមុនការបោះឆ្នោត លោកថា សហគមន៍អន្ដរជាតិ នឹងបន្ថែមគំនាប ឬដាក់ទណ្ឌកម្ម លើកម្ពុជាជាក់ជាមិនខាន។

លោកថា៖ «ដូចសព្វថ្ងៃអញ្ចឹង ដូចជាប្រទេសកម្ពុជាសន្យាថា អនុវត្តលទ្ធិប្រជាធិបតេយ្យ ឥឡូវនេះ លទ្ធិប្រជាធិបតេយ្យ វាអត់មានដំណើរការ ដូចការគោរពសិទ្ធិមនុស្ស គឺអត់មានដំណើរការនេះទេ ដូច្នេះ គឺប្រទេសហត្ថលេខី អាចប្រជុំគ្នា ពីរឿងសិទ្ធិមនុស្ស។ ខ្ញុំថា អាចទៅរួច ខ្ញុំមានសង្ឃឹម បើសិនតែគេ ទី១ យល់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យល់នូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅប្រទេសកម្ពុជា និងទំនោរទៅរកអំណាផ្ដាច់ការ នៅក្នុងប្រទេសកម្ពុជា ហើយនិងផលវិបាកទាំងឡាយ នៅក្នុងរបបផ្ដាច់ការ»។ 

អស់រយៈពេល២៦ឆ្នាំហើយ ចាប់ពីតាំងពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស កាលពីថ្ងៃទី២៣ តុលា ១៩៩១ ដែលមានភាគីហត្ថលេខីចំនួន១៨ប្រទេស រួមទាំងប្រទេសមហាអំណាចចំនួន៥ផង បានទទួលដឹងឮ ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងកសាងសន្ដិភាពពិតប្រាដកនៅកម្ពុជា។ ប៉ុន្ដែ ក្រុមអ្នកតាមដានសង្គម និងអង្គការអន្ដរជាតិ យល់ថា កម្ពុជា ហាក់មិនសូវអើពើ និងអនុវត្តតាមកិច្ចព្រមព្រៀងនេះ ឲ្យបានពេលលេញនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ