អតីតមេដឹកនាំអាមេរិក២រូបបារម្ភពីនយោបាយ​បែកបាក់សង្គម

អតីប្រធានាធិបតីអាមេរិក​លោក Barack Obama និង លោក​George W Bush បានលើកឡើងពីក្តីបារម្ភរបស់ពួកគេចំពោះស្ថានភាពនយោបាយអាមេរិកពេលបច្ចុប្បន្នថា អាចនាំឲ្យមានការបែកបាក់ផ្ទៃក្នុងរបស់អាមេរិក​ដូចនយោបាយកាលពីអតីតកាល។​

លោក Obamaថ្លែងជំរុញឲ្យប្រជាជនអាមេរិក​បដិសេធចោល​នយោបាយ«បំបែកបំបាក់ និង នយោបាយបំភិតបំភ័យ» ខណៈលោកBush រិះគន់ថាបច្ចុប្បន្នកំពុងតែមាននយោបាយ«គំរាមកំហែង និង ការរើសអើង» នៅក្នុងសង្គម។​

អតីតមេដឹកនាំទាំងពីរថ្លែងក្នុងពេលផ្សេងៗគ្នាដោយមិនបញ្ជាក់ថា បញ្ហាទាំងនេះកើតឡើងដោយសារតែការដឹកនាំរបស់លោកត្រាំនោះទេ។ នេះបើតាមសារព័ត៌មានBBC។​

ថ្លែងនៅក្នុងយុទ្ធនាការប្រជាធិបតេយ្យមួយនៅក្នុងរដ្ឋNew Jersey លោក Obamaថ្លែងថា ប្រជាពលរដ្ឋអាមេរិក​កាំង គួរតែនាំគ្នាផ្ញើសារទៅកាន់ពិភពលោក​ថា ពួកគេមិនទទួលនយោបាយបំបែកបំបាក់ និង នយោបាយ​បំភិតបំភ័យនោះទេ។​ លោកបន្តថា​ អ្វីដែលធ្លាប់កើតមានក្នុងស្ថានភាពនយោបាយជំនាន់៥០ឆ្នាំមុន​ធ្វើឲ្យមានការបែងបាក់​ មិនគួរកើតមានទៀតទេ។​

លោក W Bush ថ្លែងនៅក្នុងទីក្រុងNew York ថានយោបាយដែលមានលក្ខណៈបំភិតបំភ័យគឺធ្វើឲ្យមានភាពងាយរងគ្រោះក្នុងសង្គម ងាយបែកបាក់។​

មិនទាន់មានប្រតិកម្មភ្លាមៗពីមេដឹកនាំអាមេរិកបច្ចុប្បន្នគឺលោកTrumpនោះទេ។ ប៉ុន្តែមុនពេលជាប់ឆ្នោតជាប្រធនាធិបតីលោកTrump ធ្លាប់បានរិះគន់លើការដឹកនាំរបស់អតីតមេដឹកនាំអាមេរិកទាំងនេះថា អាចនឹងបាត់ឈ្មោះក្នុងប្រវត្តិសាស្ត្រអាមេរិក​ដែលមិនអាចធ្វើឲ្យប្រទេសខ្លាំងក្លាបាន។​

ចាប់តាំងពីលោកTrump ឡើងកាន់តំណែងកាលពីខែមករាមកមានបញ្ហាមួយចំនួន​ដូចជា ការមានទំនាស់ជាមួយប្រទេសកាន់សាសនាឥស្លាម ការប្រឆាំងកិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស ការសាងសង់ជញ្ជាំងតាមព្រំដែនជាមួយជាមួយប្រទេសប៊ុកស៊ិក គំរាមដល់ប្រព័ន្ធផ្សព្វផ្សាយ និង ដកតំណែងមន្ត្រីរបស់លោក​ញឹកញាប់ជាដើម​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ