និស្សិតសាកលវិទ្យាល័យ Oxford ទាមទារដកអ៊ុង សានស៊ូជីចេញពីឈ្មោះបន្ទប់

សាកលវិទ្យាល័យOxfordជាសាលាល្បីឈ្មោះលើពិភពលោក​ មានបន្ទប់មួយដាក់ឈ្មោះ អ៊ុង សានស៊ូជី ហើយកាលពីម្សិលមិញនេះ និស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រនៅទីនោះបាននាំគ្នាបោះឆ្នោតលុបឈ្មោះលោកស្រីចេញពីបន្ទប់ដោយសារតែបញ្ហាវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។​

ការបោះឆ្នោតរវាងក្រុមនិស្សិតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្រេចក្នុងការដកឈ្មោះ អ៊ុង សានស៊ូជីចេញពីឈ្មោះបន្ទប់មួយដោយពួកគេថា លោកស្រីបានចូលរួមសកម្មភាពចំពោះការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។​ នេះបើតាមសារព័ត៌មាន​South China Morning Post។​

លោក អ៊ុង សានស៊ូជី ជាពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ១៩៩១ ហើយកាលពីឆ្នាំ២០១២ក្នុងឱកាសខួបកំណើតអាយុ៦៧ឆ្នាំរបស់លោកស្រី សាកលវិទ្យាល័យOxford បានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស។ លោកស្រីធ្លាប់សិក្សាជំនាញ នយោបាយ ទស្សនវិជ្ជា និង សេដ្ឋកិច្ចនៅសាកលវិទ្យាល័យនេះកាលពីឆ្នាំ ១៩៦៤ ដល់ ១៩៦៧។​

មេដឹកនាំប្រទេសមីយ៉ាន់ម៉ារូបនេះ ទទួលរងការរិះគន់កាន់តែខ្លាំង ក្រោយពេលដែលយោធាបើការបង្ក្រាបទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ សកម្មភាពបង្ក្រាបកើតឡើងតាំងពីខែសីហាមក ហើយបានបណ្តាលឲ្យក្រុមជនជាតិភាគតិចនេះប្រមាណកន្លះលាននាក់ចាកចេញពីមីយ៉ាន់ចូលទៅប្រទេសបង់ក្លាដេស ខណៈរាប់រយនាក់ស្លាប់ អ្នកខ្លះរងការធ្វើទារុណកម្ម ការរំលោភផ្លូវភេទពីសំណាក់ពួកយោធាជាដើម។​

កាលពីខែកញ្ញា កន្លងទៅគណៈកម្មការគ្រប់គ្រងសាលាក៏បានសម្រេចដករូបលោកស្រី អ៊ុងសាន ស៊ូជីចេញពីផ្លូវមួយនៃច្រកចូលសាលាដែរ ក្រោយមានការរិះគន់ខ្លាំង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ