បានឡើង​​វគ្គ​​៨នាក់ តែ​ ផន ប៊ុនម៉ៅ ​រងការព្រមាន

ការប្រកួត​ដែលបានធ្វើឡើងយ៉ាង​ស្វិតស្វាញ​នៅប៉ុស្ដិ៍លេខ​​​៥ កាលពីថ្ងៃទី​​​១៨ វិច្ឆិកា គឺការប្រកួត​​​​​​​​​ជម្រុះ​​​១៦នាក់យក​​​៨នាក់ ដើម្បីជម្រើស​យក​អ្នកឈ្នះ​ទៅប្រកួតជម្រុះ​បន្ត​ក្នុង​ជុំទី​៣ ​ដែល​នឹង​ជ្រើសបាន​អ្នកខ្លាំង​​​៤​នាក់​ចុងក្រោយ​នោះ។ ​កីឡាករ​​​ ផន ប៊ុនម៉ៅ គឺ​ជើងខ្លាំង​ម្នាក់ក្នុង​វគ្គជម្រុះ​​​១៦នាក់ហើយបានឡើង​​ទៅវគ្គបន្ត ​​​​បើទោះជា​ជ័យជម្នះរបស់គេ​​ ហាក់មិនសូវមានការគាំទ្រ​​​​​ច្រើនពីអ្នកគាំទ្រ ព្រោះតែគេវាយចេញបាន​តិច ដោយលោកត្រូវបានអ្នករៀបចំការប្រកួតព្រមានថា​បើ​​​​​​​​សិនការប្រកួត​ក្នុងវគ្គបន្ត​​ លោកនៅតែរក្សាថ្វីដៃ​បានត្រឹម​ប៉ុណ្ណឹង គឺមិនមានឱកាស​សម្រាប់ឈានឡើងក្នុងវគ្គបន្តទៀតទេ។

មកទល់ពេលនេះ ការប្រកួត​ជម្រុះជើងឯក​​​ប្រចាំឆ្នាំ​២០១៧​​ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម​​ត្រូវបានដំណើរការ​កាន់តែ​ឈានដល់​​វគ្គសំខាន់​ទៀតហើយ​បន្ទាប់ពី​ការប្រកួត​​​ទាំំង​មូល​បានបើករេញអោយ​កីឡាករមកពីក្លិបផ្សេងគ្នាចំនួន​​៣២​រូប នៅទូទាំងប្រទេស​​​ចាប់គូគ្នា​​ឡើងប្រកួតជម្រុះចុះឡើងៗ ហើយ​មកទល់ពេលនេះគឺ​កីឡាករ​​​​​​​១៦នាក់ដែលបានជោគជ័យ បានបន្តប្រកួតជម្រុះគ្នាពីនាក់​​​១៦នាក់​៨នាក់ ដោយទទួលបានកីឡាករដែលឡើងអង្គុយ​​​​​​​​​​វគ្គ៨នាក់​ចំនួន​​​៦នាក់ហើយ​​គិតត្រឹមការប្រកួតកាលពីថ្ងៃ​ទី​១៨ វិច្ឆិកា។

​ការប្រកួតមួយនេះ​បានដំណើរ​​ការបាន​ជា​ង​​​​២ខែមកហើយ ដោយ​​​ក្នុងមួយសប្ដាហ៍មានការប្រកួត​ជម្រុះចំនួន​​​៤​នាក់ស្មើនឹង​​​២គូ ទើបគេឃើញ​​រៀងរាល់សប្ដាហ៍​តាំង​ពី​​​កម្មវិធីប្រកួត​នេះ​​​​​​លេចចេញរូបរាងនៅសង្វៀន ប៉ុស្ដិ៍លេខ៥ព្រែកកំពិស គឺមានកីឡាករ​​២រូប​ត្រូវបានទម្លាក់ ហើយកីឡាករ​​២រូប​បានឡើងបន្ត ហើយធ្វើអោយអ្នកស្នេហាវិស័យ​ប្រដាល់មានការ​ចាប់អារម្មណ៍។

ជាក់ស្ដែងការប្រកួត​​​​​​​ក្នុងវគ្គ​​​ជម្រើសបា​​ន​កីឡាករ​​​​​ទី​៦ពីការប្រកួតជម្រុះ​​​១៦នាក់ ​​​​​​​​សុទ្ធតែធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍ ​​​​​ដោយកីឡាករ ផន ប៊ុនម៉ៅ ត្រូវបានគេឃើញ​ប្រើអស់សមត្ថភាព ហើយ​កីឡាករម្ខាងទៀតក៏ប្រើអស់សមត្ថភាព​។ នេះជាការប្រកួត​​​​​​ដែលកាន់តែសំខាន់ ហើយ​នៅសល់តែ​មួយសប្ដាហ៍​ទៀត​ប៉ុណ្ណោះ ការប្រកួត​​ក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នឹងត្រូវកើតឡើង ​ដោយ​​​​​​​​​នោះក៏ជាវគ្គនឹង​​កាន់តែមានពន្លឺ​នូវម្ចាស់ជើង​​ឯកដែល​​​​​​​ត្រូវបាន​​​​អ្នករៀបចំកម្មវិធីថា​​​គឺជាធនធាន​​​​​របស់ព្រឹត្តិការណ៍​ស៊ីហ្គេម​​​២០២៣ ក្នុងពេលដែល​កម្ពុជាធ្វើជាម្ចាស់​ផ្ទះ​ផងដែរ។

លោកថា​ការប្រកួត​​​ដែល​បានធ្វើឡើងនេះ គឺនឹង​ជម្រើសរក​ជើងខ្លាំង​​ទៅ​​ត្រៀមនៅក្នុងព្រឹត្តិការណ៍​​​​ស៊ីហ្គេម​​២០២៣ ដោយសារតែព្រឹត្តិការណ៍​នោះ​​​​ប្រទេសកម្ពុជានឹងមានវិញ្ញាសារប្រដាល់ជាអាទិភាព​​។ ​ការប្រកួតក្នុងវគ្គ​បន្ត​​​គឺ​ជាការកំណត់អោយ​អ្នកឈ្នះទាំង​​​៨​នាក់ ​បន្ត​ចាប់គូ​គ្នា​ប្រកួត​ចាញ់ធ្លាក់​​ៗ​​ដដូច​​​ក្នុងជុំទី​១ទៀត ​ដោយ​​តម្រូវអោយ​កីឡាករ​​​​​២នាក់​​​ប្រកួត​គ្នា​​​​​​​​​​​​​​ហើយអ្នកឈ្នះ​​នឹង​​​​បន្ត ឡើងអង្គុយកៅអី៤នាក់​​​​​ឆ្ពោះទៅរក​​ការប្រកួតជម្រុះ​​​​​ដដែលជាដដែល ​ដើម្បីកំណត់អោយកីឡាករ​​ដែល​​បន្ត​​បានឈ្នះប្រកួត​​គ្នា​​​​​ជម្រុះ​​​​​​​បែបហ្នឹងរហូត​នៅដល់តែ​ម្នាក់ចុងក្រោយ ដើម្បីអោយក្លាយជាម្ចាស់ពានជើងឯក។

ការប្រកួត​មួយនេះ​សម្រាប់​អ្នក​ក្លាយជាម្ចាស់ជើងឯក គឺមានន័យថា​ជាកីឡាករដែលមិនធ្លាប់ចាញ់ទាល់តែសោះក្នុងចំណោមការប្រកួត​ដែលបានធ្វើ​ឡើងក្នុងវគ្គជម្រុះ​ពីមួយដំណាក់​ទៅដំណាក់​កាល អ៊ីចឹងហើយ​​​​ទើប​​អ្នកដែលមាន​សំណាងបានឡើងទៅកាន់​វគ្គ​បន្តរមែងទទួលបានការ​សរសើរ ប៉ុន្តែក៏មាន​អ្នកខ្លះ​ចោទ​ថា​​​បានឡើងដោយ​សារតែមានការ​​​កាន់ជើងពី​​លោកអាជ្ញាកណ្ដាល និង​ការ​ផ្ដល់ពិន្ទុ​​បែប​​​យិតយោងបន្តិចបន្តួច នៅពេលការប្រកួតរយៈពេល​​៣​ទឹក​​​មាន​ពិន្ទុប្រហាក់ប្រហែលគ្នានោះផងដែរ។

​អ្នក​​​​ទស្សនា​ខ្លះរមែង​យល់ថាអ្នក​​​​​ទទួល​បានពិន្ទុឈ្នះ​ក្នុងពេល​​​​ការប្រកួតមិនស៊ីសងគ្នា គឺ​ដោយសារតែ​កីឡាករ​​រូបនោះមានសំណាង​​​​​​ឬមាន​គ្រូបង្វឹក​របស់ខ្លួន​​​​​មានទំនាក់ទំនង​​នៅពីក្រោយ​​​​ជាមួយ​​ចៅក្រមផ្ដល់​​ពិន្ទុ​។ យ៉ាងណា​មិញ គេនៅតែ​ចាត់ទុកថា​​អ្នកដែលបាន​​​​បន្តឡើង​ទៅកាន់វគ្គ​បន្ទាប់​​​គឺ​​​​ផ្ដើម​ចេញពីសមត្ថភាព​​ ដោយសារតែភាពជាក់ស្ដែង​គឺ​ការប្រកួតរបស់កីឡាករនីមួយៗ គឺមានការ​​វិនិច្ឆ័យពីអ្នកទស្សនា​​ដែល​ចេះ​​​​មើលពីការកំណត់​ពិន្ទុ​ភាគច្រើន​ ដែល​​សឹងតែអាចនិយាយបានថា​មិនមានការ​ផ្ដល់ពិន្ទុ​ចំពោះ​អ្នកឈ្នះណាម្នាក់​​​​​មាន​​​​​ លទ្ធផល​មិនត្រូវ​ចិត្ត​​​អ្នកគាំទ្រនោះទេ។

ការប្រកួតដណ្ដើម​កៅអី​​៨នាក់ ដែលទើបជម្រើស​បាន​៦នាក់ ​​​ដែលបានធ្វើឡើងគឺ​មាន​ការ​​ចម្រូងចម្រាស់ពីភាគី​អ្នកគាំទ្រម្ខាង​​​គួរ​សមដោយសារតែអ្នកកាន់ជើង​ខាង ផន ប៊ុនម៉ៅ និង​​ ង៉ែត រដ្ឋា ដែល​បាន​​ឡើងអង្គុយ​កៅអី​ទី៥ និងទី​៦ សុទ្ធតែត្រូវបានគេមើលឃើញ​ថាមាន​​​សមត្ថភាពមិនធម្មតា បើទោះជា​​​កីឡាករ ផន ប៊ុន​ម៉ៅ ត្រូវគេអះអាងថា​ប្រកួតមិនសូវ​ល្អ តែបែរជាឈ្នះ​ក្នុងចំណោមអ្នកតាមដាន​។

​​​​​​ឆ្លើយ​តប​នឹង​ករណីនេះ លោក សេង កដិកា បញ្ជាក់ថា ​​​គឺបណ្ដាលមកពី​លោកវាយត្រូវចំណុចសំខាន់​​​​​​​ច្រើនជាងភាគីម្ខាងទៀត ទើប​លោក​​ទទួលបានជ័យ​ជម្នះ​ នៅក្នុងស្ថានភាព​ដែលគូប្រកួតរបស់​គេ​​​វាយចេញបាន​ច្រើន​​ក៏ដោយ។ យ៉ាងណាមិញ​លោកនៅតែអះអាងថា ​ផន ប៊ុនម៉ៅ ​ប្រកួតមិនសូវបានល្អដូច​ជាពេលដែល​គេមិនទាន់បាត់មុខនោះទេ ទើបលោកបញ្ជាក់ថា​​​​​​​​​​​សំណាងរបស់គេ​​ទៅកាន់វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹងមិនមានតែម្ដង បើគេមិនប្រឹង​ប្រកួត​អោយបានល្អជាងនេះ ខំហ្វឹកហាត់អោយល្អជាងនេះ ​​​​​​​​​​​​នៅពេលការប្រកួត​ជម្រុះ​​៨នាក់យក​​​៤នាក់ចាប់​ផ្ដើម។​

លោក​ សេង កដិកា និយាយថាក្នុងចំណោមការប្រកួត​​​​​១៦នាក់​​​ជម្រុះយក​​៨នាក់ លោកចាត់ទុកថា ​រវាង​បង្គោលក្រហម ​ផន ប៊ុនម៉ៅ និងបង្គោលខៀវ ​រ័ត្ន ដារ៉ា ​​សុទ្ធតែវាយ​ចេញ​ល្អ ហើយហេតុផលដែល​គណកម្មការ​​សម្រេចអោយ​​​អ្នកវាយចេញតិច​បានឈ្នះ​​ទៅកាន់វគ្គ​​​៨នាក់ គឺ​មិនមានអ្វីក្រៅពី​​គេ​​វាយត្រូវ​គោល​ដៅចំជាង​ដែលជាចំណុច​ត្រូវទទួលបានពិន្ទុនោះទេ។

លោកថាអ្នកទាំង​ពីរ​ត្រូវបាន​គណៈកម្មការ​​ផ្ដល់​​​អោយឈ្នះ​​ចាញ់​​ពិន្ទុមិនឯកច្ឆ័ន្ទនោះទេ ដោយសារតែ​​ ​ផន ប៊ុនម៉ៅ បង្គោលក្រហម ដ្បិតថា​ត្រូវបាន​ចៅក្រម​​​៣នាក់​អោយឈ្នះពិន្ទុក្នុងចំណោម​​ចៅក្រម​​ទាំង​​៥មែន ប៉ុន្តែបើនិយាយពី​ពិន្ទុ​ចាញ់ឈ្នះ​គឺ​គេឈ្នះ​​​ដោយ​​​​​​លទ្ធផល​​នាំមុខ​​​យ៉ាង​តិច​បំផុត។ ​​លោកនៅតែមានអារម្មណ៍សោកស្ដាយ​នៅពេលកីឡាករ រ័ត្ន ដារ៉ា ត្រូវបាន​ទម្លាក់​ ​​ដោយសារតែគេ​ក៏ជា​ជើងខ្លាំង​​​វ័យក្មេង​និង​​​​​កំពុងឡើងកូដ​​​​នាពេលចុងក្រោយផងដែរ។ លោក​បានព្រមាន​ថា​​ កីឡាករ ​ផន ប៊ុនម៉ៅ ដែលបានឡើងអង្គុយកៅអី​​៨នាក់កាលពីថ្ងៃទី​​​១៨ វិច្ឆិកា បើនៅតែ​ប្រកួតត្រឹមតែប្រហាក់ប្រហែល​នឹង​​​​ជ័យជម្នះដែល​បានធ្វើ​ឡើងជាមួយកីឡាករ រ័ត្ន ដារ៉ា គឺគេពិតជា​​ទៅ​មិនរួចជាមួយគូប្រកួត​​​សម្រាប់ឆ្លង​ទៅកាន់វគ្គ​​​៤នាក់​​ដែលជាវគ្គសំខាន់នោះទេ ដោយសារតែក្នុងវគ្គនោះ​​គឺ​សុទ្ធតែជា​កីឡាករ​ល្អៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ