វិភាគ៖ តើសម្ពាធអន្តរជាតិអាចឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញឬទេ?

ក្រោយពីតុលាការកំពូល បង្គាប់ឲ្យរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃរួចមក គេសង្កេតឃើញ សហរដ្ឋអាមេរិក បា​ន​​ប្រកាសផ្តាច់ជំនួយមក គ.ជ.ប. និង​អនុ​​ម័តច្បាប់មួយចំនួនទៀត បិទផ្លូវមន្ត្រីកម្ពុជាដែលរងការ​ចោទ​ថា​ រំ​លោ​​​​ភ​សិទ្ធិមនុស្ស មិនឲ្យ​ធ្វើពា​ណិជ្ជក​ម្ម​ជា​មួយ។

សហភាពអឺរុបឯណោះវិញ បានគំរាមបង្ក​កកា​រអ​នុ​​គ្រោះ​ពន្ធ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា ដោយថា​ បើរបប​ដឹក​នាំមួ​យនេះ មិនដោះលែង​ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹ​ម សុខា និងបើ​កផ្លូ​វឲ្យ​គ​​ណ​បក្សប្រ​ឆាំ​ង​ដ៏ធំមួយនេះ បានចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០១៨ ដោ​យសេរី ត្រឹមត្រូវ និង​យុត្តិ​ធ​ម៌នោះ។

ការរំលាយបក្ស​ប្រឆាំង​នេះ មិនមែនមានតែសហរដ្ឋអាមេរិក និងសហភាពអឺរុបដែលមានស​មាជិ​ក២៧​ប្រទេសប្រតិកម្មប៉ុណ្ណោះទេ អូស្ត្រាលី សហភាពអន្តរជាតិ IPU ដែលមានស​មា​​​​ជិ​​ក១​៧​៣ និងប្រទេសមួយចំនួនទៀត ក៏បានបង្ហាញក្តីបារម្ភ និងជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាឲ្យបើកលំហ​​​ប្រ​​​ជា​​ធិ​​បតេយ្យធានាដល់ការបោះឆ្នោតដូចគ្នា។ លើកលែងតែ​ប្រទេសចិន​មួយ​គត់ដែលគាំ​ទ្រចំណា​ត់កា​ររដ្ឋា​ភិ​​​បាល។

ចំណែកប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងរាជធា​នីភ្នំ​ពេញកាលពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ថ្លែងតបវិញថា លោក​មិនបារម្ភពីការគំ​រាមផ្តាច់ជំនួយ​រប​ស់​​ស​ហរដ្ឋ​អា​​​​​មេ​រិក​​នេះ​​​ទេ ដោយថា ជំនួយទាំងនោះ អាមេរិក​ផ្តោតលើតែអង្គការសង្គមស៊ីវិលច្រើនជាង​។

បើទោះបីជាលោក ហ៊ុន​ សែន អះអាងបែបនេះក្តី តែសម្រាប់អ្នកតាមដានវិញ ធ្លាប់និយាយថា កម្ពុជា ពេលនេះ នៅមិនទាន់​អាចដកខ្លួនចេញពីប្រទេសលោកសេរី ហើយទៅឱបជើង​មហាអំណាច​ចិនតែ​ម្នាក់បានទេ ដោយ​ថា កំណើន​​សេដ្ឋកិច្ចកម្ពុជា មួយផ្នែកធំពឹងលើទីផ្សារប្រទេសលោកសេរី ពិសេ​សផ្នែក​វិ​ស័​​យកា​​ត់ដេរ ដែលមានទីផ្សារធំនៅអាមេរិក និងសហភាពអឺរុប។

ទីផ្សារកាត់ដេរនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់អះអាងដែរថា កម្មករជិត ១លាននាក់ ទទួលបា​ន​អ​ត្ថប្រយោជន៍ផ្លាល់ពីវិស័យកាត់ដេរ​តាមរយៈធ្វើការទទួលបានប្រាក់ឈ្នួល និងថា ជិត ៣លា​ននា​ក់ផ្សេ​​ង​ទៀត ទទួលបានអត្ថប្រយោជន៍ដោយប្រយោលពីវិស័យនេះ។

បើកម្ពុជានៅទទួលបានប្រយោជន៍ពីប្រទេសលោកសេរីបែបនេះ សំនួរសួរថាតើសម្ពាធអន្ត​រជាតិអា​ចជួយ​​​ឲ្យគ​ណបក្សសង្គ្រោះជាតិរស់ឡើងវិញឬទេ?

អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការរំលាយគណបក្សប្រឆាំងមុនបោះឆ្នោត ហា​ក់​ប​ង្ហាញថា របត់នយោបាយបានងាកចេញពីគន្លងប្រជាធិបតេយ្យ និងនីតិរដ្ឋរួចទៅហើយ។

លោកថា៖ «ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបមួយដែលអាចហៅថា របបយោធាត្រកូលទៅអនា​គ​​ត មានន័យថា​ប្រទេស​កម្ពុជាលែងគ្រប់គ្រងរដ្ឋតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិ​ទ្ធិម​​នុស្ស​ និងនីតិរដ្ឋទៀតហើយ»។

លោក ឡៅ ម៉ុងហៃ វិភាគទៀតថា របត់នយោបាយបែបនេះ គេពិតជាពិបាកនឹងសង្ឃឹមថា គណ​បក្ស​ស​ង្គ្រោះ​​ជាតិ អាចនឹងរស់ឡើងវិញ ហើយបានចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០១៨ បើ​សម្ពាធ​អន្តរជាតិ មា​ន​​ត្រឹមកម្រិ​ត​តិ​ចតួច​ដូ​ចសព្វថ្ងៃនេះ។

លោកថា៖ «ប្រសិនត្រឹមកម្រិតប៉ុនហ្នឹង ខ្ញុំមិនជឿថា មានប្រសិទ្ធិ​ភាពទេ ប្រហែលជាក្នុង​កាលះទេ​សៈនេះ ត្រូ​វឲ្យ​ខ្លាំងមែនទែន ដល់កម្រិតបិទផ្សារផលលិតផលខ្មែរ [ផលិតផលសម្លៀកបំពាក់នាំទៅល​ក់នៅអា​មេរិក​ និងអឺរុប]។ ប៉ុន្តែ ខ្ញុំ​មិន​ជឿថា ​គេឈានដល់ហ្នឹងទេ»។

បើ​តាមលោក ឡៅ ម៉ុងហៃ សម្ពាធពីអន្តរជាតិជារឿងមួយ តែលោកថា បើពល​រដ្ឋខ្មែរភា​គច្រើ​ននៅក្នុ​ងប្រ​ទេស ទទួលយកការវិវឌ្ឍនយោបាយដូចបច្ចុប្បន្ន លោកថា សម្ពាធអន្តរជាតិក៏​មិនអាចស​ង្គ្រោះ​​ប្រជាធិ​បតេ​​យ្យ​​​​នៅកម្ពុជាបានដែរ។

លោកថា៖ «តាមពិតខាងក្នុងហ្នឹងខ្លាំងជាងខាងក្រៅ អាហ្នឹងហើយជាសម្ពាធទៅដល់ថ្នាក់ដឹកនាំ ឧទា​​រណ៍ជា​ក់​ស្តែង វាមានទៅហើយ ដូចជានៅប្រទេសថៃ រដ្ឋប្រហាយោធាមាននរណាធ្វើអី?»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ធ្លាប់វិភាគថា សម្ពាធអន្តរជាតិ ពិតជាមា​នឥ​​ទ្ធិព​ល​មកលើកម្ពុជា បើអ្នកនយោបាយខ្មែរ​ទាំងអស់តម្កល់ប្រយោជន៍ជាតិជាធំ ដោយលោ​កលើក​ឧទា​រណ៍​កិ​ច្ច​ព្រ​មព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ ដែល​បានជំរុញឲ្យភាគីខ្មែរទាំងអស់ ព្រមទម្លាក់អា​វុធ ឈប់​បង្ហូ​រ​ឈា​មគ្នា ​ព្រមប្រកួតប្រជែងអំណាចតាមរយៈការបោះឆ្នោត រហូត​ពេលនេះ។

លោកថា៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ លោកនឹងពិចារណា ប៉ុន្តែ​ បើសិនបើគ្រាន់តែដើម្បីឈ្នះ ដើម្បីតែផលប្រយោជន៍ក្រុមបក្ខពួក របស់លោកនោះ ខ្ញុំគិតថា ​គ្មាន​កា​រពិ​ចា​រណានោះទេ»។

បើតាមអ្នកវិភាគ ប្រទេសលោកសេរី​នៅតែមានឥទ្ធិ​ពល​ក្នុងការជំរុញ​ប្រជាធិបតេ​យ្យនៅកម្ពុជា តា​មកិ​ច្ចព្រ​​​​ម​ព្រៀ​ង​​នានា ប៉ុន្តែ ថាដំណោះស្រាយនយោបាយ ឈានទៅបើកលំហប្រជា​ធិ​​ប​​តេយ្យ និងវត្តមាន​គ​ណ​​​​ប​ក្ស​ស​ង្គ្រោះ​ជាតិក្នុងទីលានប្រកួតការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០១៨ ឬក៏យ៉ាង​ណានោះ ពួ​កគេ​ថា វា​​អា​ស្រ័​យលើ​​​ឆន្ទៈរបស់​មេដឹ​ក​​នាំ​​​​បក្សកាន់អណាចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ