កម្មកររោងចក្រមួយក្នុងខេត្តកណ្តាលនាំគ្នាបិទផ្លូវបន្ទាប់ពីគ្មានដំណោះស្រាយរឿងវិវាទការងារ

ក្រុមកម្មកររោងចក្រកាត់ដេរហ្គាវ័ន្តអឹភែរឹល មានទិតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើបាតុកម្មបិទផ្លូវ ទាមទារអោយថៅកែររោងចក្របើកប្រាក់ខែអោយពួកគេ

ក្រុម​កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាបិទផ្លូវមុខរោងចក្រជិត ៥ម៉ោង បន្ទាប់ពីពួកគេគ្មានដំណោះស្រាយជុំ​វិញ​វិវាទការងារ។

ខណៈ​កំពុងប្រមូលផ្តុំគ្នាបិទផ្លូវ កម្មកររោងចក្រហ្គាវ័ន អ្នកស្រី ប៉េង ទូច បាន​ប្រាប់ថា ក្រុមកម្មករសម្រេចបិទផ្លូវដោយសារតែថៅកែក្រុមហ៊ុនអត់បើកប្រាក់ឈ្នួលឲ្យពួកគាត់។

អ្នកស្រីបន្តថា កម្មករបានតវ៉ារយៈពេលជិត ១០ថ្ងៃហើយ ដោយនាំគ្នាធ្វើកូដកម្មករក្នុងរោងចក្រមិនចេញមកក្រៅនោះទេ ប៉ុន្តែ នៅ​តែ​គ្មានដំណោះស្រាយ ទើបកម្មករសម្រេចនាំគ្នាបិទផ្លូវតែម្តង។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំមានផលលំបាករបៀបនេះជិត ១ឆ្នាំហើយ មិនមានខាងណាជួយដោះស្រាយខ្ញុំចេញទេ ​ខាងមន្ទីរ​មកឡើង​ចង់សិកផ្លូវអស់ហើយ គាត់ជួយដោះស្រាយពួកខ្ញុំបានអត់? កិច្ចសន្យាផ្សេងៗ គាត់ជួយខ្ញុំបានអត់? មិនមែនពួកខ្ញុំនេះចង់មកឈរកណ្តាលថ្ងៃក្តៅ កណ្តាលថ្នល់អញ្ចឹងទេ។ វារយៈពេលជាង ១០ថ្ងៃហើយ គ្មានដំណោះស្រាយទេ បើពួកខ្ញុំមិនធ្វើអញ្ចឹង តើមានអាជ្ញាធរណាចេញមុខមកដោះស្រាយឲ្យពួកខ្ញុំអត់?»។

កម្មករផ្នែកដេរម្នាក់ទៀត អ្នកស្រី ង៉ែត កុម្ភៈ ឲ្យដឹងថា ករណីថៅកែបើកលុយឲ្យកម្មករមិនគ្រប់ និងមិនទៀងទាត់នេះ បានកើតឡើងរយៈពេលជិត១ឆ្នាំហើយ ហើយបានធ្វើឲ្យគ្រួសារគាត់ជួបផលលំបាក ខ្វះលុយបង់ផ្ទះ ទឹកភ្លើង ចាយវាយប្រចាំថ្ងៃ និងគ្មានលុយបង់បំណុលធនាគារជាដើម។

អ្នកស្រីបន្ថែមថា៖ «អ្នកផ្ទះជួលក៏គេលេងចង់ឲ្យពួកខ្ញុំនៅដែរ ព្រោះអត់លុយបង់ឲ្យគេ ហើយពួកខ្ញុំអត់លុយឲ្យកូនទៅរៀន អត់មានលុយទិញអីហូបប្រឆាំថ្ងៃ ដោយសារតែថៅកែហ្នឹង គាត់អត់គិតគូរដោះស្រាយឲ្យពួកខ្ញុំ អញ្ចឹងពួកខ្ញុំអត់ដឹងធ្វើដូចម្តេចមានតែមកបិទផ្លូវ ដើម្បីជំរុញអាជ្ញាធរជួយដោះស្រាយ ដោយឲ្យទៅនិយាយជាមួយក្រុមហ៊ុន ឲ្យបើកលុយឲ្យពួកខ្ញុំ»។

អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណា ដែលទើបឡើងកាន់តំណែងថ្មី បានចុះសម្របសម្រួលសុំឲ្យក្រុមកម្មករបើកវិញ ដោយលោកសន្យាសហការជាមួយមន្ទីការងារខេត្តជួយដោះស្រាយបញ្ហានេះជូនកម្មករ។

លោកបន្ថែមថា៖ «យើងកំពុងធ្វើការដោះស្រាយ ដោយសហការជាមួយជំនាញ ជាមួយថៅកែរោងចក្រ ដោយធ្វើការសម្របសម្រួលរកដំណោះស្រាយ ហើយបើបងប្អូនកម្មករមិនពេញចិត្ត​នឹងការសម្របសម្រួលនេះ យើងនឹងអនុវត្តតាមផ្លូវច្បាប់»។

បើទោះបីមានការសម្របសម្រួលពីអភិបាលក្រុងក៏ដោយ ក៏ក្រុមកម្មករមិនព្រមបើកផ្លូវដែរ ដោយពួកគេបន្តបិទផ្លូវរហូតដល់ម៉ោងជិត ១២ថ្ងៃត្រង់ទើបបើកផ្លូវវិញ បន្ទាប់ពីមានការសន្យាជាថ្មីទៀតពីអាជ្ញាធរថា នឹងជួយដោះស្រាយជូនកម្មករ។

តំណាងរោងចក្រហ្គាវ័ន្តលោក ម៉ៃ និមត្តិ និយាយថា ក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ ដោយសារក្រុមហ៊ុនមានការរាំងស្ទះផ្នែកហិរញ្ញវត្ថុមួយចំនួន ហើយម្យ៉ាងទៀត អ្នកបញ្ជាទិញ មានការថយចុះ ទើបបង្វិលលុយឲ្យកម្មករមិនទៀងទាត់ និងយឺតយ៉ាវបែបនេះ។

លោកបន្ថែមថា៖ «ទី១យើងខ្វះអ្នកទិញ ទី២យើងខ្វះអីវ៉ាន់ធ្វើ ហើយម្យ៉ាងទៀតកន្លងមក ខែមុនៗហ្នឹង យើងបានជួបបញ្ហាហ្នឹង​រួចហើយ ដល់ពេលអញ្ចឹងធ្វើឲ្យយើងបើកលុយឲ្យបងប្អូនកម្មករ​យើងហ្នឹងចេះតែលំបាកបន្តរហូតមក ហើយបងប្អូនកម្មករគាត់ក៏តវ៉ាទាមទារ​ប្រាក់ខែហ្នឹងបន្តដែរ»។

តែទោះយ៉ាណាង តំណាងរោងចក្ររូបនេះអះអាងថា ថៅកែនៅតែបើកប្រាក់ឈ្មួលជូនកម្មករដដែល គ្រាន់តែយឺតយ៉ាវបន្តិចប៉ុណ្ណោះ ហើយដោះស្រាយចំពោះមុខនេះ លោកថា ថៅកែសម្រេចបើលុយឲ្យកម្មករម្នាក់ៗ ៥០ដុល្លារសិនរសៀលនេះ និងបើកឲ្យទាំងអស់នៅថ្ងៃទី២២ខាងមុខនេះ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់មានប្រសាសន៍ថា តាមច្បាប់ស្តីពីការងារថៅកែត្រូវបើកប្រាក់ឈ្នួលឲ្យកម្មករតាមកាលកំណត់ ហើយថា ប្រសិនបើបើកមិនទៀង ឬមិនគ្រប់ទេ វាជាកំហុសធ្ងន់របស់និយោជក។

លោក អាត់ ធន់ មើលឃើញថា កន្លងមករោងចក្រហ្គាវ័ន្ត មានកំហុសមួយចំនួនដូចជា បើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ មិនបង់ថ្លៃសេវាគាំពារសុខភាព (បសស) ដែលបានបង្កផលលំបាក់ដល់កម្មករ។

បើតាមកម្មករ រោងចក្រហ្គាវ័ន្ត អែភភ័ររៀល មានថៅកែជាជនជាតិកូរ៉េខាងត្បូង និងមានកម្មករបំពេញការងារចំនួនជាង ៩០០នាក់ ហើយថា ថៅកែជំពាក់លុយពួកគេម្នាក់ៗចន្លោះពី ១៨០ ទៅ ២៥០ដុល្លារ។

កាលពីខែតុលាកម្មកររោងចក្រនេះ បានទៅប្រមូលផ្តុំគ្នានៅមុខភូមិគ្រឹះ និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ដើម្បីរកកិច្ចអន្តរាគមន៍ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ ដោយចោទថា ថៅកែបើកប្រាក់ឈ្នួលឲ្យមិនទៀងទាត់ និងគ្រប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ