អ្នកឃ្លាំមើល៖ បើអន្តរជាតិផ្តាច់ជំនួយ ​នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ក្រុមអ្នកឃ្លាំមើល រួមមានអង្គការសង្គមស៊ីវិល និងសហជីប អះអាងប្រហាក់ប្រហែលគ្នា​ថា បើអន្តរជាតិឈប់ផ្តល់​ជំនួយ​ដល់​កម្ពុជា ពួកគេថា ​នឹងធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋក្រីក្រ និងគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋាភិបាល​។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពី​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កាលពីម្សិលមិញ ជំរុញទៅ​អាមេរិកឲ្យ​កាត់ជំនួយ​ទាំង​​អស់ ដោយ​ថា ការ​កាត់​ជំនួយ​នេះ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់អង្គការ​ក្រៅរដ្ឋាភិបាល ​ដែលស្ថិត​នៅក្រោម​ការ​ឧបត្ថ​ម្ភ​​ពីអាមេរិក។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានបញ្ជាក់​ថា​ អាមេរិក បាន​ផ្តល់ជំនួយដល់កម្ពុជា ​មានពីរផ្នែក គឺមួយផ្នែក ផ្តល់​ឲ្យ​រដ្ឋាភិបាលក្នុង​ការអភិវឌ្ឍន៍​អភិបាល​កិច្ច ធនធានធម្មជាតិ សុខភាព កសិកម្ម កំចាត់មីន និងលើក​កម្ពស់​សិទ្ធិមនុស្សនៅកម្ពុជាជាដើម។

ករណីនេះ លោក សន ជ័យ យល់​ថា បើអាមេរិក សហភាពអឺរ៉ុប និងប្រទេស​ផ្សេងៗ​ទៀត​ ឈប់ផ្តល់ជំនួយមក​កម្ពុជា លោកថា នឹងធ្វើឲ្យប៉ះពាល់​ដល់​គម្រោងអភិវឌ្ឍន៍ និងពលរដ្ឋក្រីក្រ​។

លោកនិយាយថា «អ្នកដែលប៉ះពាល់មុនគេ គឺអ្នកដែលមានចំណូលទាប​ ក្រុមអ្នក ដែលរកមួយខែ ​ស៊ីមួយខែ​ សុទ្ធតែយើង​ អ្វីដែលយើងអាចព្យាករ ​ទុកបានថា យើងនិងជួបការលំបាកអ្វីខ្លះ​ បើសិនជាទំនាក់​ទំនងអន្តរជាតិ រវាងកម្ពុជា ​និងអាមេរិក និងបណ្តា​ប្រទេស​អឺរ៉ុបមួយចំនួន ​ដែលជាប្រទេសផ្តល់ជំនួយ​ធំមកកម្ពុជា​ គេហៅថា មានភាពល្អក់កករកាន់តែខ្លំាង​ ហើយវាអាច​ឈាន ទៅដល់ការផ្តាច់ជំនួយណាមួយនោះ​​​​»។

ចំណែក ប្រធាន​សហភាព​ការងារ​កម្ពុជា លោន អាត់ ធន់ យល់​ថា ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ លោកថា ​គ្រាន់តែចង់ឈ្នះ ដៃគូប្រកួតនយោបាយ​របស់​ខ្លួន។ លោកថា បើម្ចាស់ជំនួយឈប់ផ្តល់​ឲ្យកម្ពុជា លោកថា គម្រោងអភិវឌ្ឍន៍ និងចរន្តសេដ្ឋកិច្ច ជៀសមិនផុតពីការប៉ះពាល់នោះទេ​​។

ករណីនេះ លោក អាត់ ធន់ បាន​ផ្តល់ជាអនុសាសន៍ថា ដើម្បីកុំឲ្យកម្ពុជា​ជួបបញ្ហា​ប្រឈម លើគម្រោង​អភិវឌ្ឍន៍ និង​ផ្នែកសេដ្ឋកិច្ច លុះ​ត្រាតែអ្នកនយោបាយ​យកបញ្ហា​ជជែកគ្នា​ ឬមាន​ការ​ជួយអន្តរាគមន៍ពី​​អន្តរ​ជាតិ ទើប​នាំនាវាកម្ពុជា​ ឈានទៅរកផលវិជ្ជមាន និងរីកចំរើន​។

លោកផ្តល់ជាអនុសាសន៍ថា «ត្រូវ​បន្ថយកម្តៅនយោបាយ​ ហើយជជែកគ្នា​រកចំណុចរៀងខ្លួន​ ហើយខ្ញុំគិត​ថា ​វាជៀសមិនផុតទេ ​ការយកឥទ្ធិពលគ្នាទៅវិញទៅមក!​ ក្របខ័ណ្ឌមួល ដែលអាច​និយាយ​គ្នា​បា​ន កម្រិតណា បើមិនអាច​ទៀត មានន័យថា ទាល់តែមានការជ្រុំជ្រែង ​អ្នកដែលមានឥទ្ធិពល​ ពីព្រោះការ​ផ្សះផ្សារវិ​វាទ ការដោះស្រាយវិវាទ ​​គឺវាមានច្រើននីតិវិធី ដោះស្រាយខ្លះ ដោះស្រាយ​ដោយគូភាគី នៅពេល ដែលគូភាគីមិនអាច​ត្រូវ​គ្នា​គេត្រូវ​រកអាជ្ញាកណ្តាល​ ហើយបើនៅមិនត្រូវ​គ្នាទៀត​ទាល់តែមានអ្នកកាត់ក្តី​ ហើយបើកាត់ក្តីមិនត្រូវ​គ្នាទៀត​ទាល់តែមានវិធានការ​គឺជានីតិវិធីដំណើរការដោះស្រាយ​វិវាទ​ជាទូទៅ​ទំាង​នយោបាយ ទំាងការងារ»

ទោះជាយ៉ាងណា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ម្សិលមិញ ​ថា លោកមិនខ្លាចនឹង​ការគម្រាម​ដាក់​ទណ្ឌកម្មលើការបញ្ជារ​ទិញទំនិញ​ពី​កម្ពុជា​នោះទេ ដោយ​សារចំនួនអ្នកបញ្ជាទិ​ញ​មាន​ខ្ពស់​ជាង​ឆ្នាំមុន ហើយ​​​លោក​ថា អ្នក​ដែល​គម្រាម​បិទ​បញ្ជា​ទិញ​នោះ ​នឹងប្រឈម​មុខ​ជា​មួយ​វិស័យ​ឯក​ជន​របស់​ខ្លួន ​​ដែល​បាន​ចុះកិច្ច​សន្យា​ជាមួយ​កម្ពុជារួចហើយ។

ឯកសារចំនួន១៥ទំព័រស្ដីពីថវិការបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានចេញផ្សាយដោយគេហទំព័រ «គោលនយោបាយការបរទេស» កាលពីថ្ងៃទី២៤មេសាឆ្នាំ២០១៧ បង្ហាញថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងកាត់ផ្ដាច់ជំនួយធំៗចំនួន២ ដែលតែងផ្ដល់ឲ្យកម្ពុជា គឺផ្ដាច់ «ជំនួយអភិវឌ្ឍន៍» ដល់កម្រិតសូន្យនៅឆ្នាំ២០១៨ ដែលធ្លាក់ចុះពីចំនួន ៣៤,៥លានដុល្លារនៃកម្រិតចំណាយពិតប្រាកដ នៅឆ្នាំ២០១៦។ ចំណែក «មូលនិធិគាំទ្រសេដ្ឋកិច្ច» ក៏ត្រូវបានកាត់ផ្ដាច់ពីកម្ពុជាមួយរយភាគរយផងដែរ គឺធ្លាក់ចុះពី៨លានដុល្លារ នៅឆ្នាំ២០១៦។ បើតាមឯកសារដដែលនោះ ចំពោះ «កម្មវិធី​សុខភាព​ពិភព​លោក» ដែលគាំទ្រដោយក្រសួងការបរទេសអាមេរិក ក៏ត្រូវបានកាត់បន្ថយ១៨,៣ភាគរយ ខណៈជំនួយគាំទ្រដោយ USAID ក៏ត្រូវបានកាត់បន្ថយ ៣៧,៤ភាគរយ តាំងពីឆ្នាំ២០១៦។

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​​កម្ពុជា បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នោះ បាន​លើក​ឡើង​ថា កម្ពុជា​កំពុង​ឃ្លាត​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​រំលោភសិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែប្រទេសមហា​អំណាច​ចិន បាន​គាំ​ទ្រ​ជំហរ​របស់​កម្ពុជា ដោយ​ថា ដើម្បី​រក្សា​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ