មេដឹកនាំ គ.ជ.ប. ៣​រូប​កូតា​បក្ស​ប្រឆាំង​ប្រកាស​លា​លែង​​ពី​តំណែង

ថ្នាក់​ដឹកនាំ​ ៣​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប. មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​លា​លែង​ពី​តួនាទី​នៅ គ.ជ.ប. តែ ៥​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​គណបក្ស​ប្រឆាំងដ៏​ធំ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ​ចោល។

ក្នុង​លិខិត​ដាក់​ទៅ​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន នៅ​ថ្ងៃ​នេះ អនុ​ប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន សមាជិក គ.ជ.ប. លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង បាន​សម្រេច​លា​ឈប់​ពី​មុខ​តំណែង​របស់​ពួកគេ​ហើយ។

ក្នុង​លិខិត​ដដែល​នោះ មេដឹកនាំ​គ.ជ.ប.ទាំង ៣​រូប បាន​លើក​ឡើង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បែង​ចែក​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​នេះ​ទៅ​ឲ្យ​បក្ស​ផ្សេង​ទៀត ដែល​ពលរដ្ឋ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​នោះ គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ច្បាប់​បោះ​ឆ្នោត និង​បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត និង​បាន​រំលោភ​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង បាន​ប្រកាស​លា​លែង​ពី​តួនាទី​នៅ គ.ជ.ប. តែ ៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​សប្ដាហ៍​មុន ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

ទោះជាយ៉ាងណា សមាជិក​មួយ​រូប​ទៀត លោក ហ៊ីង ធីឫទ្ធិ ដែល​ជា​កូតា​ម្នាក់ទៀត​ជ្រើស​រើស​ដោយ​គណបក្ស​ប្រឆាំង​នោះ មិន​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​លា​លែង​នោះ​ទេ។

សហគមន៍​អន្តរជាតិ បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​នេះ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​​លាន​នាក់​នោះ ត្រូវ​បាន​តុលាការ​កម្ពុជា​សម្រេច​រំលាយ​ចោល ហើយ​មេដឹកនាំ​បក្ស​នេះ ត្រូវ​បាន​ចាប់​ដាក់​ឃុំ ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ