វិភាគ៖ តើ​សារ​ព្រមាន​អ្នក​នយោបាយ​កម្ពុជា​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​ឥរិយាបថ​នយោបាយ​​​របស់​ពួកគេ?

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 2:09 PM | បទវិភាគ | 0 | 1646 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្ថានការណ៍​នយោបាយ​កម្ពុជា​បានវិវត្ត​ជា​បន្ត​បន្ទាប់ ដោយ​ក្រុម​អ្នក​នយោបាយ​ខ្មែរ បាន​ថ្លែង​សារ​ដែល​មាន​លក្ខណៈ​គំរាម​កំហែង សារ​មាន​លក្ខណៈ​ជា​ការ​ព្រមាន ឬ​ជា​ការ​អំពាវ​នាវ ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ផុត​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ទៀត ប្រៀប​បាន​នឹង​អាយ៉ៃ​ឆ្លើយ​ឆ្លង​ដូច្នោះ​ដែរ។ ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​មក​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បង្ហាញ​ក្ដី​រំពឹង​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោក នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ហើយ​ឈាន​ទៅ​រៀបចំ​រដ្ឋាភិបាល​ថ្មី។

ខណៈ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​នឹង​បណ្ដឹង​នានា​នៅ​ក្នុង​តុលាការ​កម្ពុជា​នោះ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ឆ្លៀត​បញ្ចេញ​សារ​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​លើ​គណបក្ស​​ប្រជាជន​កម្ពុជា និង​ជា​ពិសេស​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​គូ​ប្រជែង​នយោបាយ​របស់​លោក។

ក្នុង​សារ​នយោបាយ​នោះ លោក សម រង្ស៊ី ថ្លែង​ថា បុគ្គល ឬ​ក្រុម​ណា​ដែល​មិន​គោរព​ច្បាប់ និង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ឡើងដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ក្រុម​ឧទ្ទាម ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចាត់​ទុក​ថា មិន​មាន​លទ្ធភាព​តតាំង​នឹង​រដ្ឋាភិបាល​ថ្មី​ស្រប​ច្បាប់។

លោក សម រង្ស៊ី ​ថ្លែង​ថា៖ “ពេល​ចាញ់​ឆ្នោត បើ​មាន​ក្រុម​ណា បុគ្គល​ណា មិន​ព្រម​ធ្វើ​តាម​ច្បាប់ គោរព​តាម​បញ្ជា​រដ្ឋាភិបាល​ថ្មី​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត យើង​នឹង​មាន​សិទ្ធិ​ពេញ​លេញ​បង្កើត​​រដ្ឋាភិបាល​ថ្មី។ រដ្ឋាភិបាល​ស្រប​ច្បាប់ មាន​តែ​មួយ​ទេ មិន​អាច​មាន​រដ្ឋាភិបាល​ណាមួយ​ទៀត​ទេ។ [រដ្ឋាភិបាល​ផ្សេង​ទៀត] គឺ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ជា​ក្រុម​ឧទ្ទាម​​វា​ត្រូវ​ជាង។ តើ​ក្រុម​ឧទ្ទាម​មាន​លទ្ធភាព​តតាំង​ជាមួយ​រដ្ឋាភិបាល​ស្រប​ច្បាប់ រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​ទេ? ខ្ញុំ​ថា អត់​មាន​លទ្ធភាព​ទេ ពីព្រោះ​អ្នក​ណា​ទៅ​ភ្ជាប់​វាសនា​របស់​ខ្លួន​ជាមួយ​នឹង​ពួក​ឧទ្ទាម”។

ការថ្លែង​បែប​នេះ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​​ទាំង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ថា សង្គ្រាម​នឹង​ផ្ទុះ​ឡើង ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត។

ខណៈ​ដែល​សារ​គំរាម​កំហែង ឬ​សារ​ព្រមាន ត្រូវ​បាន​មេដឹកនាំ​នយោបាយ​ខ្មែរ​ថ្លែង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​​មក​​ជា​បន្ត​បន្ទាប់​នោះ វា​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​ភាព​ផុយ​ស្រួល​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ពិត​ជា​ឈ្នះ​ការ​បោះ​ឆ្នោត និង​ឡើង​ដឹកនាំ​រដ្ឋាភិបាល ហើយ​គណបក្ស​កាន់​អំណាច​នា​ពេល​សព្វ​ថ្ងៃ​នេះ ក្លាយ​ជា​គណបក្ស​ប្រឆាំង​វិញ​នោះ។

សម្រាប់អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា ថ្វី​បើ​មិន​អាច​ព្យាករ​ថា គណបក្ស​ប្រឆាំង​អាច​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឬ​យ៉ាង​ណា​នោះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ជំនឿ​ថា ការ​ផ្ទេរ​អំណាច​របស់​អ្នក​នយោបាយ​ខ្មែរ នឹង​ត្រូវធ្វើ​ឡើង​ដោយ​សន្តិវិធី បន្ទាប់​ពី​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​គ្នា​តាម​រយៈ​ការ​បោះ​ឆ្នោត​។

លោក គល់ បញ្ញា ប្រាប់​ថា​៖ “គិត​ថា ការ​បោះ​ឆ្នោត ឲ្យ​តែ​សេរី និង​យុត្តិធម៌ ឆ្លុះ​បញ្ចាំង​ពី​មតិ​របស់​ប្រជា​ពលរដ្ឋ វា​មិន​ជា​បញ្ហា​អ្វី​ទេ វា​មិន​បង្កើត​សង្គ្រាម ឬ​បង្កើត​ការ​បះ​បោរ​អ្វី​ទេ។ ផ្ទុយ​ទៅ​វិញ ការ​បោះ​ឆ្នោត​ដោយ​ត្រឹម​ត្រូវ​ហ្នឹង អាច​បង្កើត​ស្ថេរភាព​នយោបាយ និង​សន្តិភាព។ ពី​មុន​មក អត់​មាន​ការ​បោះ​ឆ្នោត យើង​ដណ្ដើម​អំណាច​គ្នា ទាល់​តែ​ទៅ​ចូល​ព្រៃ​ច្បាំង​គ្នា។ អីចឹង​តាំង​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​៩៣​មក ទោះបី​ជា​មាន​រឿង ខ្លះ អំពើ​ហិង្សា​ខ្លះ ប៉ុន្តែ យើង​បាន​រៀន​សូត្រ​យក​ការ​បោះ​ឆ្នោត​ហ្នឹង​ជា​មូលដ្ឋាន ដើម្បី​ដណ្ដើម​អំណាច​គ្នា។ ​នៅ​ពេល​ណា​ដណ្ដើម​អំណាច​គ្នា​​មិន​ទៅ​តាម​ការ​បោះ​ឆ្នោត​មួយ​ដោយ​ត្រឹម​ត្រូវ​ ដែល​ជា​ហេតុផល​នៃ​ការ​កើត​ឡើង​នៃ​សង្គ្រាម និង​ការ​បះ​បោរ”។

សម្រាប់​លោក គល់ បញ្ញា ដែល​ជា​អ្នក​តាម​ដាន​លើ​កិច្ច្​ការ​បោះ​ឆ្នោត​​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​មិន​ភ្ញាក់​ផ្អើល​នោះ​ឡើយ​ចំពោះ​សារ​គំរាម​កំហែង ឬ​សារ​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​មេដឹកនាំ​នយោបាយ​ខ្មែរ ដោយ​លោក​ថា នោះ​គ្រាន់​តែ​ជា​អារម្មណ៍​របស់​អ្នក​នយោបាយ​ខ្មែរ។ លោក​អះ​អាង​ទៀត​ថា ​រឿង​បែប​នេះ​ក៏​បាន​កើត​ឡើង​នៅ​សូម្បី​តែ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​បិតា​លទ្ធិ​ប្រជាធិបតេយ្យ។

​លោក គល់ បញ្ញា បន្ត​ថា៖ “ជា​សារ​នៃ​អារម្មណ៍​របស់​គាត់ ព្រោះ​អ្នក​នយោបាយ​ភាគច្រើ​ន​ឃោសនា​នយោបាយ​ដោយ​ប្រើ​អារម្មណ៍ អារម្មណ៍​ខឹង អារម្មណ៍​សប្បាយ​ចិត្ត ប៉ុន្តែ ប្រហែល​នៅ​មិន​ទាន់​ជាសារ​ឃោសនា​នយោបាយ​របៀប​យុទ្ធសាស្ត្រ​​នៅ​ឡើយ​ទេ ប៉ុន្តែ​ អារម្មណ៍​មិន​ទៅ​ប៉ះ​ពាល់​អីនឹង​ដំណើរការ​ទេ គ្រាន់​តែ​ជា​អារម្មណ៍​ទេ។ មេដឹកនាំ​គណបក្ស​នយោបាយ ភាគច្រើន​ពួកគាត់​ផ្ញើ​សាររបៀប​ប្រើ​អារម្មណ៍​ខ្លួន​ឯង មិន​មែន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​ច្រើន​ក៏​អីចឹង​ដែរ សូម្បីតែ​នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​អីចឹង​ដែរ សារ​ប្រើ​អារម្មណ៍​ជា​របៀប​បំផិត​បំភ័យ ការ​ធ្វើ​ឲ្យ​ថប់​អារម្មណ៍ទៅ​ដល់​អ្នក​បោះ​ឆ្នោត។ វាមិន​មែន​ជា​យុទ្ធសាស្ត្រ ហើយ​មិន​មែន​ជា​ទស្សន​យូរ​អង្វែង​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ”។

ប៉ុន្តែ លោក គល់ បញ្ញា បាន​ជំរុញ​ទៅ​ក្រុម​មេដឹកនាំ​គណបក្ស​នយោបាយ​នៅ​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​ឥរិយាបថ​នយោបាយ​របស់​ពួកគេ ដោយ​ងាក​ទៅ​ផ្ដោត​លើ​ការងារ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ដែល​លោក​ថា វា​ប្រសើរ​ជាង​ការ​ផ្ញើសារ​គំរាម​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​តឹង​តែង​ចំពោះ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​ជាតិ។

លោក បញ្ញា ថ្លែង​ថា​៖ “ការ​ឃោសនា​នយោបាយ បើអ្នក​នយោបាយ​ទាំង​អស់ ខិត​ខំ​បង្ហាញ​សារ​ឃោសនា​នយោបាយ​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត នោះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ បើទោះ​បី​ជា​ថា វា​មិន​សូវ​បាន​​ផល​ប្រយោជន៍​ទាក់​ទាញ​សន្លឹក​ឆ្នោត​ប្រជា​ពលរដ្ឋ​ខ្លាំង​ណាស់​ណា​ដូច​ការ​ឃោសនា​បែប​អវិជ្ជមាន​ហ្នឹង​ក៏​ដោយ ប៉ុន្តែ គួរ​តែ​ខិត​ខំ​ងាក​មក​របៀប​ឃោសនាបែប​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត កុំ​ឲ្យ​ពួកគាត់​ថប់​អារម្មណ៍ ភ័យ​ខ្លាច​អី អាហ្នឹង​កាន់​តែ​ល្អ​ប្រសើរ”។

ចំណែក​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ លោក អំ សំអាត ដែល​ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ បាន​មើល​ឃើញ​ថា សារ​ព្រមាន​ទៅ​វិញ​ទៅ​មក​របស់​អ្នក​នយោបាយ​ខ្មែរ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពីភាព​មិន​ទាន់​ចាស់​ទុំ​របស់​ពួកគេ។ ចំពោះ​ការ​ព្រមាន​អំពី​អំពើ​ហិង្សា ឬ​សង្គ្រាម​នៅ​ក្រោយ​ការ​ឈ្នះ ឬ​ចាញ់​ឆ្នោត​នោះ លោក សំអាត បញ្ជាក់​ថា នោះ​វា​​មិន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​អនុវត្ត​យន្តការ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ឯ​វិមាន​សន្តិភាព ហើយ​លោក សម រង្ស៊ី​ ប្រកាស​មិន​សង​សឹក ឬ​គុំ​គួន​ទៅ​លើ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ​ឡើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា​៖ “មេដឹកនាំ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ព្រោះ​សម្ដី​ពួកគាត់​សុទ្ធ​តែ​មាន​អត្ថន័យ អីចឹង​សម្ដី​មួយ​មាត់ៗ ត្រូវ​តែ​មាន​ន័យ​គ្រប់​គ្រាន់ ត្រូវ​តែ​មាន​ការ​ពិចារណាខ្ពង់​ខ្ពស់។ ប្រសិន​បើ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ ឬ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋភិត​ភ័យ អាហ្នឹង​វា​ជា​រឿង​មួយ​មិន​ល្អ។ ខ្ញុំ​លើក​ឧទាហរណ៍​ដូចជា ការ​លើក​ឡើង​ថា បើ​គណបក្ស​មួយ​ចាញ់​ឆ្នោត សង្គ្រាម​មួយ​នឹង​កើត​ឡើង អាហ្នឹង​ក៏​ជាការធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ភិត​ភ័យ។​ ហើយយុទ្ធសាស្ត្រ​នៃ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បើ​សិន​ជា​ថ្ងៃ​ក្រោយ​ទៅ អាហ្នឹង​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ​ឆ្នោត លោក​ថា​ធ្វើ​យ៉ាង​ម៉េចៗ អាហ្នឹងវា​ជា​រឿង​សិទ្ធិ ប៉ុន្តែ ជា​គោលការណ៍​លទ្ធិ​ប្រជាធិតេយ្យ ការ​ចូល​កាន់ និង​ការ​ផ្ទេរ​អំណាច ត្រូវ​ធ្វើ​ដោយ​សន្តិវិធី មិន​អាច​ធ្វើ​កើត​សង្គ្រាម ឬ​ក៏​ផ្ទុះ​នូវ​អំពើ​ហិង្សាណា​មួយ​ទេ។ អាហ្នឹង​វា​មិន​មែន​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ អ្នក​នយោបាយ​ខ្មែរ​មិន​គួរ​គុំគួន​ ត្រី​ឡើង​ទឹក​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​នោះ​ទេ។ អាហ្នឹង​គួរ​តែ​បំបាត់​អា​វប្បធម៌​ហ្នឹង​ចោល អីចឹង​យើង​រួម​គ្នា​គិត​អំពី​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋជា​ធំ”។

ទោះជាយ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មិន​ទាន់​អាច​ទស្សន៍​ទាយ​ដឹង​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​នាពេល​ខាង​មុខ​នោះ​ឡើយ ដោយ​ត្រូវ​រង់ចាំ​មើល​ថា តើ​គណបក្ស​ប្រឆាំង​មាន​យុទ្ធសាស្ត្រ​អាច​ដណ្ដើម​ជ័យ​ជម្នះ​ពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ​ឬ​យ៉ាង? ហើយ​រង់ចាំ​មើល​ថា តើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តវិធី​ទៅ​ក្រុម​បក្ស​ប្រឆាំង​ដែរ​ឬ​យ៉ាង​ណា? ចំណោទ​ទាំង​អស់​នេះ មាន​តែ​រង់ចាំ​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ដែល​សម្រេច​ពី​ជោគ​វាសនា​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ក៏​ដូចជា​ជោគ​វាសនា​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ផង​ដែរ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required