បណ្ដាប្រទេសទាំង១០របស់សមាគមអាស៊ាន កាលពីថ្ងៃម្សិលមិញ បានសម្រេចថា នឹងផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសភូមា ដោយសង្កត់ធ្ងន់ថា ជំនួយនឹងត្រូវបែងចែកទៅដល់មនុស្សទាំងឡាយដែលទទួលរងផលប៉ះពាល់នៅក្នុងរដ្ឋរ៉ាក់ឃី ស្ថិតនៅភាគខាងជើងភូមា។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia។
ថ្លែងក្រោយជំនួបបិទទ្វារជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ឡេ ឡុងមិញ បាននិយាយថា៖ “យើងចាំបាច់ត្រូវតែជួយភូមាយកឈ្នះលើឧបសគ្គនេះ”។
លោកបន្តថា វាគឺជាទឹកចិត្តសាមគ្គីភាព ការរួបរួមគ្នា និងការឯកភាពទៅលើតម្រូវការជួយដល់ភូមាជម្នះលើស្ថានការណ៍នៅរដ្ឋរ៉ាក់ឃីន ហើយថា អាស៊ាននឹងបន្តពិភាក្សាពីរបៀបជួយដល់ប្រទេសនេះ។
ក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះនៅលើហ្វេសប៊ុក ក្រសួងការបរទេសភូមា បាននិយាយថា រដ្ឋមន្ត្រីការបរទេសភូមា អ្នកស្រី អ៊ុងសាន ស៊ូជី បានសង្ខេបអំពីស្ថានភាពវិវត្តន៍ថ្មីៗនៅរដ្ឋរ៉ាក់ឃីនបន្ទាប់ពីការវាយប្រហារថ្ងៃទី៩ ខែតុលាកន្លងមក ទៅដល់សមភាគីរបស់អ្នកស្រី។
ភូមាបានអំពាវនាវឲ្យមានកិច្ចប្រជុំនេះ ដោយចង់ផ្ដល់ព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានេះ ក្នុងនោះមានការផ្ដល់ជំនួយមនុស្សធម៌ផងដែរ៕