ចិនផ្តល់សម្ភារៈឲ្យ គ.ជ.ប គិតជាទឹកប្រាក់ជាង១១លានដុល្លារ

រដ្ឋាភិបាលចិនបាន​ផ្តល់ជំនួយជាសម្ភារៈសរុបជាទឹកប្រាក់ជាង១១លានដុល្លាអាមេរិកឲ្យទៅគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​​កាត់​ថា គ.ជ.ប សម្រាប់យកទៅបំរើឲ្យការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ​នេះ​។

សម្ភារៈដែលចិនផ្តល់ឲ្យនោះរួមមាន រថយន្ត​ប្រភេទ​ចម្រុះ​ចំនួន៤៤គ្រឿង​ ម៉ូតូ២៩គ្រឿង កេសស​ម្រាប់​ដាក់​សម្ភារ​ចំនួន២៤០០កេស វិទ្យុទាក់ទង២៤០០គ្រឿង កុំព្យូទ័រលើតុនិង​យួរ​ដៃ​ចំនួន​៨០​គ្រឿ​ង ទូរទស្សន៍១០គ្រឿង ​តុ ​កៅអី ​និងសម្ភារៈមួយ​ចំនួនទៀត ​។

បន្ទាប់ពីកម្មវិធីប្រគល់សម្ភារៈនៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ ឯកអគ្គរដ្ឋទូតចិនប្រចំាកម្ពុជា លោក ស្យុង ប៉ បានថ្លែងប្រាប់អ្នកសារ​ព័ត៌មាន​តាម​រយៈ​អ្នក​បក​ប្រែ​ថា «មានតែការបោះឆ្នោតដ៏ត្រឹមត្រូវ ប្រកបដោយតម្លាភាព ទើបធ្វើ​ឲ្យប្រទេស​កម្ពុជា​មាន​សន្តិភាព»។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានថ្លែងថា ក្រោយពីទទួលបានសម្ភារៈដែលចិនផ្តល់ឲ្យនេះថា គ.ជ.ប នឹងយកសំភារៈទាំងនេះទៅប្រើប្រាស់សម្រាប់បំរើឲ្យការបោះឆ្នោត​ឲ្យចំគោលដៅ ដោយថា ដើម្បីលទ្ធផលបោះ​ឆ្នោតនា​ពេលខាងមុខ គ្រប់ភាគីនៃគណបក្សនយោបាយដែលចូលរួមប្រគួតប្រជែងទំាងអស់​ទទួលយក​បា​នទំា​ងអស់គ្នា។

ចាប់ពីបោះឆ្នោតឆ្នាំ១៩៩៨ រដ្ឋាភិបាលចិនបានជួយដល់ គ.ជ.ប នូវ​រថយន្តម៉ាកហ្ស៊ីប២៧គ្រឿង។ ឆ្នាំ២០០៣ផ្តល់​នូវសម្ភារៈការិយាល័យ១២ប្រភេទ និងឆ្នាំ២០០៧ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ចិនជួយជាសម្ភារៈការិយាល័យចំនួន២៧ប្រភេទ ខណៈឆ្នាំ២០១៦ ខែតុលា កន្លងទៅនេះ រដ្ឋាភិបាលចិនក៏បានផ្តល់ជំនួយជាសម្ភារៈដល់ គ.ជ.ប ចំនួន១០មុខម្តងរួចមកហើយ។ ជំនួយទាំងនោះ រួមមាន ម៉ាស៊ីនភ្លើង ១៧០គ្រឿង កុំព្យូទ័រ ៥៥គ្រឿង កុំព្យូទ័រយួរដៃ ៣០គ្រឿង ម៉ាស៊ីនព្រីន ៥៥គ្រឿង មាស៊ីនព្រីនខូល័រ ២០គ្រឿង ម៉ាស៊ីន​ស្កែន ៤០គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ ៣៧គ្រឿង ផ្ទាំងក្រណាត់បញ្ចាំងស្លាយ ៣៧គ្រឿង ម៉ាស៊ីនហ្វូតូកូពី ២គ្រឿង និង​ឧបករណ៍​បំពង​សំឡេង ៨គ្រឿង។

គួរបញ្ជាក់ថា ចាប់តាំងពីដំណើរការងារដំបូងរបស់ខ្លួន គ.ជ.ប ពឹង​ផ្អែកយ៉ាងខ្លាំងលើជំនួយបច្ចេកទេស​និងសម្ភារៈបានមកពីសហភាពអឺរ៉ុប​និ ងជប៉ុន​ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ