អ្នកសារព័ត៌មានចង់ឲ្យរដ្ឋាភិបាលកែប្រែចំណុចខ្លះស្ដីពីសិទ្ធិទទួលព័ត៌មាន

អ្នកសារព័ត៌មានមួយក្រុមមកពីតាមបណ្ដាខេត្ដចំនួន៦ ចង់ឲ្យ​រដ្ឋា​ភិបាលកែប្រែនិងលុបចេញនូវចំណុច​ខ្លះនៃ​ច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដោយអះអាងថា សេចក្ដីព្រៀងច្បាប់នេះហាក់​បង្ហាញ​ភាព​មិន​ច្បាស់លាស់និងរិតត្បិតសេរីភាពសារព័ត៌មាន។

ការទទូចបែបនេះ ពួកគេបានធ្វើឡើងជាថ្មីម្ដងទៀត នៅក្នុងវេទិកាពិភាក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ ស្ដីពីសេចក្ដីព្រាងច្បាប់សិទ្ធិ​ទទួលព័ត៌មាន នៅខេត្ដសៀមរាប នាល្ងាចថ្ងៃទី១៩ខែធ្នូនេះ ដែលរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ខណៈដែល​ការ​ស្នើលើកមុនៗ មិនទាន់មានការកែប្រែនៅ​ឡើយ។

ក្រុមអ្នកសារព័ត៌មានទាំងនោះ មកពីខេត្ដសៀមរាប ខេត្ដព្រះវិហារ ខេត្ដកំពង់ចាម ខេត្ដបន្ទាយ​មាន​ជ័យ ខេត្ដកំពង់ធំ និងខេត្ដឧត្ដរមានជ័យ ជាង៣០នាក់​ ដែលជាអ្នកធ្វើការនៅតាម​ទូរទស្សន៍​ កាសែត និងគេហទំព័រជាដើម។

ពួកគាត់បានលើកឡើងស្រដៀងគ្នាថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នៅជំពូក​ទី៤ មាត្រា​​២០ ស្ដីពីព័ត៌មានសម្ងាត់ មិន​បានបញ្ជាក់និងឲ្យនិយមន័យឲ្យបានច្បាស់លាស់ ថាអ្វីទៅជា​ព័ត៌មាន​សម្ងាត់។ ពួក​គេ​អះ​​អាងថា សេចក្ដីព្រាងនេះ ហាក់ដូចបិទបាំង​នូវព័ត៌មាននិងរិតត្បិតសេរីភាព​សារព័ត៌​មាន។ ជាមួយគ្នានោះដែរ នៅជំពូកទី៧ ពីមាត្រា២៦ដល់មាត្រា២៨ នៅក្នុងសេចក្ដីព្រាង​ច្បាប់នោះ ពួកគេថាបានដាក់សម្ពាធឲ្យមានគ្រោះ​ថ្នាក់ដល់អ្នកសារព័ត៌មាននិងពលរដ្ឋ នៅពេល​ស្នើសុំ​ព័ត៌​មាន​​ពីស្ថា​ប័នណាមួយ។ ពួកគេលើកឡើងថា៖ “ចឹងពួកខ្ញុំចង់ឲ្យបញ្ជាក់ពីចំណុចទី១ថា តើអ្វីខ្លះ​ដែលធ្វើឲ្បប៉ះពាល់ដល់សន្ដិសុខជាតិអ្វីខ្លះដែលប៉ះពាល់ដល់សន្ដិសុខសាធារណៈ មាត្រា២៦ក៏ខ្ញុំអត់ទទួ​លយកដែរព្រោះឆាឆៅ។ ឆាឆៅយ៉ាងម៉េច ចង់និយាយថាអ្នកទៅ​សុំ​មន្ដ្រី​សាធារណៈ វាចំហធំពេក ​ជួនកាល​គ្រាន់តែយើងទៅអង្គុយសុំព័ត៌មាន គេថាយើងទៅឆាឆៅគេដែរ គេអាចទាញចូលសរសេរអត់ច្បាស់លាស់ទេ​បើកចំហធំពេក អ្នកច្បាប់ងាយទាញនរណាម្នាក់ឲ្យធ្លាក់រណ្ដៅ“។

ប្រធានគម្រោងសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានពីអង្គការ UNESCO លោក ឆាយ សុផល មាន​ប្រសាសន៍ថា​ ច្បាប់សិទ្ធិទទួលព័ត៌មាននេះមានចំណុចខ្លះមិនបានពន្យល់ឲ្យបានច្បាស់លាស់។ លោកបន្ដថា៖ “ចំណុចខ្លះខាងខ្ញុំក៏បានតវ៉ាដែរ ជាពិសេសមាត្រា​១៥និងមាត្រាដែលអ្នកទាំងអស់គ្នានិយាយថាពីការរំខានឆាឆៅ យើងកំពុងតស៊ូមតិជាមួយក្រសួងព័ត៌មានដែរពីបញ្ហាហ្នឹង បើមិនទាមទារគេអាចបកស្រាយខុសហើយមាត្រា២០ក៏យើងតស៊ូមតិដែរ យើងឲ្យពន្យល់​ឲ្យបានច្បាស់ថាស្អីគេជាព័ត៌មានសម្ងាត់ បើមិនចឹងទេស្ងាត់“។

​ទោះជាយ៉ាងណា ប្រធានផ្នែកអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ លោក ណុប វី មានប្រសាសន៍ថា ក្រសួងព័ត៌មាននិងក្រុមបច្ចេកទេស UNESCO ត្រូវដាក់​បញ្ចូលនូវគំ​និត​យោបល់​ឬការ​​ព្រួយ​បារម្ភផ្សេងរបស់ភាគីពាក់ព័ន្ធ ​យកទៅពិចារណា ដើម្បីឲ្យសេ​ចក្ដីព្រាង​ច្បាប់នេះឆ្លើយតប តាម​តម្រូវការប្រើប្រាស់​ជាក់ស្ដែង។​ លោកបន្ដថា៖ “ចឹង៦​ជំពួក៣៦មាត្រា​នេះ ខាង​ក្រុមការងារ​បច្ចេកទេសក្រសួងព័ត៌មានអង្គការយូនិស្កូចាំបាច់ត្រូវតែមានការចូលរួមដាក់បញ្ចូល​នូវគំនិតយោបល់ឬការព្រួយបារម្ភផ្សេងៗ“។

បើតាមសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ មានចំនួន៩ជំពូក ៣៦មាត្រា ដែល​គ្រោង​នឹង​​បញ្ចប់​នៅឆ្នាំ២០១៧ ​ខណៈដែលអ្នកសារព័ត៌មានកំ​ពុងព្រួយបារម្ភពីច្បាប់នេះថា រិតបន្ដឹង​លើពី​សេរីភា​ពបញ្ចេញសារព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ