តុលាការខេត្តបាត់ដំបងកាត់ទោស​​ព្រះ​សង្ឃបង្ហាញកាំភ្លើងជ័រឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ

អតីតព្រះសង្ឃ ហន សុផាន្នី (រូបភាពពីហ្វេសប៊ុក)

សាលាដំបូងខេត្តបាត់ដំបង កាលពីម្សិលមិញនេះ សម្រេចផ្ដន្ទាទោសអតីត​​ព្រះ​សង្ឃព្រះនាម ហន សុផាន្នី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល២​ឆ្នាំ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីព្រះសង្ឃអង្គនោះ បានបង្ហោះ​រូប​ថត​កាំភ្លើងមួយដើម នៅលើគណនីហ្វេសប៊ុក ដែលគេថាកាំភ្លើងនោះជាកាំភ្លើងជ័រ។

កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៧ អាជ្ញាធរខេត្តបាត់ដំបង បានចាប់ផ្សឹក ហើយវាយខ្នោះអតីត​​ព្រះ​សង្ឃព្រះនាម ហន សុផាន្នី ដែលគង់នៅវត្តដំរីស ខេត្តបាត់ដំបង ដោយ​ចោទ​ប្រកាន់​ចំនួន២​បទល្មើស គឺបទ​ប្រើ​ប្រាស់​​អាវុធ​ខុសច្បាប់ និងញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែតុលាការ បានទម្លាក់ចោលបទចោទប្រកាន់រឿង ​ប្រើ​ប្រាស់​​អាវុធ​ខុសច្បាប់ វិញ។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោកស្រី ទៀង សំបូរ មានប្រសាសន៍ថា ពិតជាមានការផ្តន្ទាទោសអតីតព្រះសង្ឃមួយអង្គពិតប្រាកដមែន ប៉ុន្តែសុំមិនបញ្ជាក់ព័ត៌មានលម្អិតបន្ថែមនោះទេ។

មេធាវីការពារក្ដីឲ្យអតីត​​ព្រះ​សង្ឃព្រះនាម ហន សុផាន្នី លោក ជូង ជូងី សុំមិនធ្វើអត្ថាធិប្បាយ ចំពោះរឿងនេះ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ​ដើម្បី​យុត្តិធម៌​សង្គមនៅខេត្ត​បាត់ដំបង ព្រះតេជគុណ ឡុញ សុខជា មានថេរដីកាបន្តថា កាលពីម្សិលមិញ តុលាការខេត្តបាត់ដំបង បានកាត់ទោសឲ្យ​​ព្រះ​សង្ឃព្រះនាម ហន សុផាន្នី ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយបច្ចុប្បន្ន ព្រះអង្គត្រូវបានតុលាការយកទៅដាក់ពន្ធនាគារខេត្តបាត់ដំបង។

ព្រះតេជគុណ ចាត់ទុកការសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ ដោយសារ ក្នុងពេលសវនាការកន្លងមក តុលាការ មិនបានបង្ហាញភស្តុតាងអ្វីក្រៅពីកាំភ្លើងជ័រ និងកាំបិត​ដែលព្រះអង្គមកលេង បន្ទាប់ពីត្រៃព្រៃនៅវត្តនោះទេ។ បន្ថែមពីនេះ ព្រះតេជគុណ ឡុញ សុខជា យល់ថា ការសម្រេចតុលាការនេះ អាចជាប់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។

ព្រះតេជគុណថេរដីកាថា៖ «មិនឃើញមានតុលាការបង្ហាញមានភស្តុតាង ​តើព្រះអង្គ ហន សុផាន្នី ញុះញង់អ្នកណាឲ្យប្រព្រឹត្តបទឧក្រិដ្ឋ វាអាចកើតឡើងជាប្រភេទបទឧក្រិដ្ឋអ្វីខ្លះ? វាអាចមានផលប៉ះពាល់អ្វីខ្លះដល់សង្គម? វាមានភាពវឹកវរដែល ឬទេ អត់ឃើញមានបង្ហាញទេ​ គេគ្រាន់តែលើកយកមកដូចជា កាំភ្លើងជ័រ ដូចជា រូបថតដែលលោកលេងកាំភ្លើងកាំភ្លើងជ័រហ្នឹង ហើយដាវ កាំបិតដែលលោកយកទៅត្រៃឈើដែលនៅជុំវិញវត្ត តាមការណែនាំដឹកព្រះសង្ឃនៅក្នុងវត្តឲ្យទៅត្រៃព្រៃ!»។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំខេត្ត​បាត់ដំបង លោក ហេង សាយហុង សម្ដែងការសោកស្ដាយ ដោយលោកចាត់ទុកការសម្រេចរបស់តុលាការនោះ ថាជារឿងអយុត្តធម៌។ លោកបន្តថា ​កន្លងមក អតីត​​ព្រះ​សង្ឃព្រះនាម ហន សុផាន្នី តែង​តែចូលរួម​ជួយ​កិច្ចការងារ​សង្គម​ជា​ច្រើន ដូចជា​ ការ​ថែរក្សា​ធនធាន​ធម្មជាតិជាពិសេស​ព្រៃឈើ ការ​លើក​កម្ពស់​សិទ្ធិមនុស្សនិង​យុត្តិធម៌​នៅក្នុងសង្គម​ជាដើម។

លោកថា៖ «ការម្ដែងមតិជាឯកជនអញ្ចឹងមិនទាន់ជាការចូលប្រព្រឹត្តបទល្មើស ក៏ដូចជា ការចូលរួមប្រព្រឹត្តល្មើស ជាមនុស្សដែលអស្ចារ្យទេ។ គាត់ជាបុគ្គលម្នាក់ដែលជាមនុស្សសាមញ្ញ​ ហើយចង់បញ្ចេញអារម្មណ៍ បញ្ចេញមតិផ្ទាល់ខ្លួនតាមសាធារណជនអញ្ចឹង។ ខ្ញុំគិតថា វាគ្មានអន្តរាយអី គ្មានអីជាកំភ្លៅ សម្រាប់ការចាប់អារម្មណ៍ របស់មហាជនក៏ដូចប្រជាពលរដ្ឋទូទាំងប្រទេសទេ»។

លោកបន្តថា​ ប្រសិនបើព្រះសង្ឃ ហន សុផាន្នី មានកំហុសពិតមែន អាជ្ញាធរអាច​ហៅទៅអប់រំ គឺគ្រប់​គ្រាន់ហើយ មិនចាំបាច់ដាក់ទោស ដូចជាប់ពន្ធនាគារនោះទេ​។

បើតាមព្រះតេជគុណ ឡុញ សុខជា​ ព្រះអង្គ ហន សុផាន្នី មានវ័យ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ហើយកន្លងមក ព្រះអង្គជា សង្ឃដែលសកម្មក្នុងការចូលរួមធ្វើការងារសង្គម តាមរយៈការតស៊ូមតិ ដូចជា​ការពារព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ដីធ្លី និងចូលរួមឃ្លាំមើលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។

ព្រះតេជគុណ មានថេរដីកាបន្តថា ព្រះអង្គនឹងស្នើមេធាវី ដើម្បី​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ