រដ្ឋាភិបាល​ចាត់​តាំង​​មន្ត្រី​ជិត​១០០នាក់​ឲ្យ​សរសេរ​របាយការណ៍​សិទ្ធិ​មនុស្ស​ដាក់​ទៅ UN

រដ្ឋាភិបាល​កម្ពុជា​ បាន​ចាត់​តាំង​មន្ត្រី​ជិត ១០០​នាក់ ឲ្យ​សរសេរ​របាយការណ៍​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្រាប់​បង្ហាញ​ទៅ​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​គ្មាន​ជំនឿ​ថា របាយការណ៍​នោះ នឹង​ឆ្លុះ​បញ្ចាំង​ពីស្ថានភាព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នោះ​ឡើយ។

ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដែល​មាន​សមាភាព​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធសរុប​ចំនួន ​៨០នាក់ និង​​ដឹក​នាំ​ដោយ​ប្រធាន​គណៈកម្មការធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក កែវ រ៉េមី។

យោង​តាម​សេចក្ដី​សម្រេច​នោះ ក្រុម​ការងារ​មួយ​នេះ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​​សរសេរ​របាយការណ៍​​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សម្រាប់​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដែល​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​ការងារ​នោះ មាន​ប្រសាសន៍​ថា ការ​បង្កើត​នេះបាន​ជួយ​សម្រួល​​ការ​លំ​បាក​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ ដោយ​ថា ​កាលពី​កន្លង​មក ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ​មាន​ការ​លំបាកក្នុង​ការ​រៀប​ចំ​ឯក​សារ ​​ដោយ​​ពុំ​ទាន់​មាន​ក្រុម​ការ​ងារ​អន្តរក្រសួង​ចូល​រួម​ក្នុង​ការ​រៀប​ចំ​របាយការណ៍នេះ។ លោក​បញ្ជាក់​បន្ថែម​ថា របាយការណ៍​ដែល​នឹង​ដាក់​ទៅ​កាន់​ អ.ស.ប. នោះ​ គឺជា​របាយ​ការ​ណ៍​បញ្ជាក់​ពី​ការចូល​រួម​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ការពារសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​

លោក​បន្ថែម​ថា​៖ «ពីព្រោះ​ថា ​រដ្ឋាភិបាល​មាន​កាតាព្វកិច្ច​​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​ច្បាប់​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស​ទៅ​តាម​ស្តង់ដារសិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ ហើយ​រដ្ឋាភិបាល​គាត់​មាន​គោល​នយោបាយ​មួយ​​ត្រូវ​តែ​អនុវត្តន៍ គឺ​គោល​នយោបាយ​ និង​ច្បាប់​ដែល​បាន​ដាក់​ចេញ​ទាំង​អស់​នោះ​ ដើម្បីគោរព​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ។ អញ្ចឹង​គឺ​យើង​សរសេរ​ទាំង​គោល​នយោបាយច្បាប់ ក៏​ដូច​ជា​ការ​អនុវត្ត​ជា​ក់​ស្តែ​ង​ទាក់​ទង​នឹង​ការ​អនុវត្តច្បាប់​ និង​គោល​នយោបាយ​ទាំង​អស់​នោះ​ដែរពាក់​ព័ន្ធ​នឹង​វិស័យ​សិទ្ធិ​មនុស្ស»។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក ​ស៊ឹង សែនករុណា គ្មាន​ជំនឿ​ថា របាយការណ៍​ដែល​គ្រោង​សរសេរ​ឡើង​ដោយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នោះ នឹង​ឆ្លុះ​បញ្ចាំង​ពីរ​ការ​ពិត​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ដោយ​លោក​ថា របាយការណ៍​របស់​រដ្ឋាភិបាល​ភាគ​ច្រើន​ ជា​របាយការណ៍​ដែល​ដោះ​សារ​។

លោក​ថា៖ «យើង​ជា​សង្គម​ស៊ីវិល​ ចង់​ឲ្យ​ការ​ធ្វើ​របាយការណ៍​ណាមួយ​ គឺ​ឆ្លុះ​បញ្ចាំ​ពីការ​ពិត ពីព្រោះ​ថា ​របាយការណ៍​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​មាន​ការ​ជឿ​ជាក់​ទេ​។ នៅ​ក្នុង​លំ​ដាប់​អន្តរជាតិ​បែប​នេះ​ យើង​គួរ​តែ​ធ្វើ​របាយការណ៍​មួយ​ដែល​មាន​គុណភាព​ ហើយ​ភាព​ច្បាស់​លាស់ ដើម្បី​ឆ្លុះ​បញ្ជាំង​ពី​រឿង​ពិត ​ហើយ​យើង​បន្ត​ដើម្បី​រក​ដំណោះ​ស្រាយ ជា​ជាង​យើង​ធ្វើ​របាយការណ៍​មួយ​ដែល​គ្រាន់​តែ​បកស្រាយ ហើយ​កើត​រឿង​នៅ​ដដែល​ៗ ហើយ​បញ្ហា​របស់សង្គម​ជាតិ ជាពិសេស​ទៅ​លើ​ករណី​សង្គម​នេះ គឺ​ជា​បញ្ហា​មួយ​ដែល​អន្តរជាតិ​សម្លឹង​មើល​កម្ពុជា​»។

នាយិកា​​អង្គការសីល​ការ​លោកស្រី ធីតា ឃឹះ យល់​ថា​ របាយការណ៍​សិទ្ធិ​មនុស្ស​​របស់​រដ្ឋាភិបាល​ដាក់​ទៅ​អង្គការ​សហ​ប្រជាជាតិ​នោះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​​ពុំ​មាន​ការ​ចូល​រួម​ពី​ភាគី​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ហើយ​ថា របាយការណ៍​នោះមិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា​នោះ​ឡើយ។

លោក​ស្រីមាន​ប្រសាសន៍​​ថា៖ «តាម​ធម្ម​តា​ រដ្ឋាភិបាល​គាត់​ធ្វើ​អញ្ចឹង​​ឯង។ នេះ​ជា​រឿង​មួយ​ដែល​គាត់​ធ្វើ​ពី​ដើមមក​ គឺ​គាត់​ការពារ​ខ្លួន។ នៅពេល​ណា​ដែល​យើង​មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​​នឹង​ប្រជាពល​រដ្ឋពីស្ថាន​ភាព​នៅ​ក្នុ​ងប្រទេស​ ហើយ​យើង​ទទួល​ស្គាល់​នូវ​កា​រ​ខ្វះ​ខាត យើង​នឹង​រកឃើញ​នូវ​កន្លែង​ដែល​យើង​ត្រូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង»។

កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ា​រី​ស បាន​កំណត់​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​បន្ត​ឃ្លាំ​មើ​ល​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បន្ទាប់​ពី​សម័យ​អន្តរកាល ហើយ​បច្ចប្បន្ន​ មុខងារ​នេះ កំពុង​បំពេញ​ដោយ​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ។

មាត្រា​៣១ នៃ​រដ្ឋ​ធម្មនុញ្ញកម្ពុជា​ចែង​ថា ព្រះ​រាជាណាចក្រ​កម្ពុជា​ ទទួល​ស្គាល់ និង​គោរពសិទ្ធិ​មនុស្ស ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជា​ជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។

សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស បាន​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ បញ្ជូន​របាយការណ៍​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​សមាជិក ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​តាម​ពេល​កំណត់ និង​តាម​ការ​ស្នើ​សុំ​ពី​ក្រុម​ការងារ​សិទ្ធិ​មនុស្ស​អង្គការ​សកល​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ