របាយការណ៍៖ បញ្ហា​សុខភាពនិង​សុវត្ថិភាព​កម្ម​ករនៅ​តែជាបញ្ហាប្រឈមក្នុងវិស័យកាត់ដេរ

កម្មកររោងចក្រ

ក្រុម​ប្រឹក្សានៃ​គម្រោង​រោង​ចក្រ​ល្អនៅ​កម្ពុជា លើក​ឡើង​ថាបញ្ហា​សុខភាព និង​សុត្ថិភាព​កម្មករ ​មិន​ត្រូវ​បាន​ស្ថាប័នពាក់​ព័ន្ធ​នៅ​កម្ពុជា​ យក​ចិត្ត​ទុក​ដាក់​បាន​ពេញ​លេញ​នៅឡើយ​ទេ ខណៈ​ពួកគេ​ជម្រុញ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ករណី​នេះ។

គម្រោង​រោងចក្រ​ល្អ ឬ Better Factories ​គឺ​ជា​គម្រោង ​ដែល​ជម្រុញ​ឲ្យ​មាន​លក្ខខណ្ឌការ​ងារ​មួយ ​ដែលសម​រម្យ​ ដើម្បី​ឲ្យ​មាន​ភាព​រី​ក​ចម្រើនខាង​វិស័យ​ការ​ងារ និង​ការ​កសាង​សេដ្ឋ​កិច្ច​មួយ​ដែល​មាន​ភាព​រស់​រវើក។

ក្នុង​សេចក្តី​ថ្លែង​ការណ៍ «ស្តីពីលក្ខខណ្ឌការងារនៅក្នុងឧស្សាហកម្មការងារកាត់ដេរនៅកម្ពុជា» ​ដែល​វី​អូ​ឌី ​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ គណៈ​កម្មការ​ប្រឹក្សា​គម្រោង​រោងចក្រ​ល្អ​នៅកម្ពុជា លើក​ឡើង​ថា​ កម្ពុជា​មាន​​ការ​កែ​លម្អ​ច្រើន ​ពី​លក្ខខណ្ឌការងារ​​របស់​ខ្លួន ក៏​ប៉ុន្តែ បញ្ហា​សុខភាព និង​សុវត្តិភាព​កម្មករ​មិនត្រូវ​បាន​​កែ​លម្អ​បាន​ល្អ​ប្រសើ​រនៅ​ឡើយ​ទេ ដោយ​ពួកគេ​ជម្រុញ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ពិនិត្យ​ឡើង​វិញ​លើករណី​នេះ។

ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​នោះ​បញ្ជាក់​ថា៖ «យើងបានកត់សំគាល់ផងដែរថា​​ បញ្ហាផ្សេងទៀតក៏តម្រូវឲ្យមានការយកចិត្តទុកដាក់ជាថ្មីឡើងវិញ ដូចជាការត្រៀមក្នុងពេលមានអាសន្ន និងបញ្ហាសុខភាព និងសុវត្ថិភាពការងារ ដូចជាការគ្រប់គ្រងសារធាតុគីមី និងការការពារខ្លួន»

អគ្គ​លេខា​ធិការ​រងនៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា GMAC លោក កាំង ម៉ូលីកា បាន​ទទួល​ស្គាល់​ពី​កង្វះ​ខាត​នេះ​ ដោយភាគី​សមាគម​នឹង​មាន​វិធាន​ការ​ចំពោះ​សមាជិក​ខ្លួន ​ដើម្បី​កែ​លម្អ​ពី​បញ្ហា​នេះ។

លោក​ថា៖ «វាពាក់​ព័ន្ធ​ទៅ​នឹ​ងការ​អប់​រំ​ណែ​នាំអំពី​ក្របខ័ណ្ឌ​ច្បាប់ ហើយ​ទីពីរ​គឺ​មាន​ការ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​តែ​ម្តងទាក់​ទង​ទៅ​នឹង​សុវត្ថិភាព និង​សុខភាព​នៅ​កន្លែង​ធ្វើ​ការ​ងារ​ហ្នឹងដែល​មាន​វគ្គ​បណ្តុះ​បណ្តាល ដែល​ខាង​យើ​ង​ក៏​រៀប​ចំ​ហើយ​និង​ដៃ​គូរ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ក៏​នឹង​រៀប​ចំ​ដែរ»។

អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​លោក ហេង​ សួរ​ មានប្រសាសន៍​ថាអ្វីដែល​មាន​ក្នុង​របាយការណ៍​នោះជា​ការ​វាយ​តម្លៃ​យឺត​ជាង​ការ​វត្តន៍​នៃ​នយោបាយ​របស់​រដ្ឋាភិបាល ទោះ​ជា​យ៉ាង​ណា​លោក​ថា​បញ្ហា​នេះ ​ក៏​គួរ​តែ​មាន​ការ​កែ​លំអរ​បន្ថែម​ផង​ដែរ។

លោក​ថា​៖​ «តាម​រយៈ​បេឡា​ជា​តិ​របប​សន្តិសុខ​សង្គមនេះ​គឺ​បាន ដាក់​នូវ​ផែន​ការ​សកម្ម​ភាព​ថ្មី​ៗ​ជា​ច្រើន​ថែម​ទៀត ដើម្បី​ពង្រឹង​នូវ​សុវត្ថិភាពនិងសុខមាល​ភាព​របស់​បងប្អូន​កម្ម​ករ​និយោជិត​របស់​យើង។ ជា​ក់​ស្តែ​ងដូច​ជា​គោល​នយោបាយ​ដែល​សម្តេច​តេជោ​បាន​ឧបត្ដម្ភ ជូន​ចំពោះ​ស្ត្រី​ដែល​ឆ្លង​ទន្លេ អនុញ្ញាតឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចេញ​មុន​ម៉ោង ហើយ​ណែ​នាំ​ឲ្យ​មាន​គ្លី​និចព្រម​ទាំង​ការ​សង្គ្រោះ​បឋម​នានា​នៅ​តាម​រោង​ចក្រនេះ ក៏​វា​បាន​ដោះស្រាយ​នូវ​អ្វីដែល​ជា កង្វល់​មួយ​ចំនួន​ដែល​រោង​ចក្រ​មួយ​ចំនួន​មាន​ការ​ខ្វះ​ខាតនាពេល​កន្លង​មក»។

ចំពោះប្រធាន​សហភាព​ការ​ងារ​កម្ពុជា​លោក អាត់ ធន់ យល់​ថា បញ្ហា​សុវត្ថិភាពនិង​សុខភាព​របស់​កម្ម​ករ​នៅ​តែ​ចោទជា​បញ្ហា​ដដែល​ ដែលនេះ​​បណ្តាល​មក​ពី​ការកា​រគ្រប់​គ្រង​រោង​ចក្រ​នៅ​កម្ពុជា​មិន​ទាន់​ត្រឹម​ត្រូវ ដែល​វា​បាន​ជះ​ផល​អវិជ្ជមាន​ជាច្រើន​ដល់កម្ម​ករ​ ក៏​ដូច​ជា​បរិស្ថាន។ លោក​បន្ថែម​ថា ​បើ​បញ្ហា​នេះ ​នៅ​តែ​បន្ត ​វា​អាច​ជះ​ឥទ្ធិពល​អាក្រក់ដល់​វិស័យ​ឧស្សា​ហកម្ម​នៅ​កម្ពុជា។

លោក​ថា​ «អ្នក​ដែលធ្វើ​កា​រផ្ទាល់​ហ្នឹង​ អាច​មាន​ជំងឺ​បះពាល់​សុខភាព ជំងឺ​វិជ្ជាជីវៈ ឬ​អាចស្លាប់​ដោយ​ជំងឺ​ ឬ​ដោយ​ពេល​មាន​អាសន្ន បើ​សិន​មិន​មាន​កា​រៀប​ចំ​តាម​បច្ចេក​ទេស​ហ្នឹង។ ហើ​យ​បើ​សិន​ជា​បញ្ហា​ហ្នឹង​ច្រើន ​វា​អាច​ឈាន​ដល់​ផល​បះពាល់ ​នៃ​វិស័យ​ឧស្សាហកម្ម​! នៅពេល​ដែល​មាន​បញ្ហា​ច្រើន​ យើង​ឃើញ​មាន​ការ​ព្រួយ​បារម្ភ​ទៅ វា​មិន​អាច​ធ្វើ​ការ​បាន​ល្អ»។

លោក​ឲ្យ​ជា​យោ​បល់​ថា រដ្ឋាភិបាល​គួរ​តែ​ចុះពិនិត្យ​ឡើង​វិញ​ពី​ក្រុម​ហ៊ុន​រោង​ចក្រ​ណា​ដែល​មាន​បញ្ហា ហើយជៀស​វាង​មាន​ការ​ត្រូវ​រ៉ូវគ្នា​រវាង​អ្នក​ចុះ​ពិនិត្យ និងម្ចាស់​រោង​ចក្រ។ ដោយឡែក ចំពោះបរិយាកាសនៅ​រោង​ចក្រ​ លោកថា ​​គួរ​បើ​ទ្វារ​រោង​ចក្រ​ឲ្យ​មាន​ខ្យល់​អាកាស​ ចេញចូល​ពេញ​លេញ ហើយ​អាច​ជាច្រក​សុវត្ថិភាព ពេល​មាន​អាសន្ន។

​បេឡាជាតិ​របប​សន្តិសុខ​សង្គម ​ឲ្យដឹង​ថា បច្ចុប្បន្ន បុគ្គលិក និយោជិក កម្មករ កម្មការិនី ដែល​រង​គ្រោះ​ថ្នាក់​ការងារ ​មាន​ចំនួន​ ១៣៥ ៩១៤ នាក់ ហើយ អ្នក បាន​ទទួល​សំណង​ពី ​ប.ស.ស ក្នុង​នោះ​កម្មករ-កម្មការិនី គ្រោះថ្នាក់ពេលធ្វើដំណើរ មានចំនួន ៣៦ ៧២២នាក់ គ្រោះថ្នាក់នៅកន្លែងធ្វើការ ៩៩ ១៥៣នាក់ និងជំងឺវិជ្ជាជីវៈ ៣៩នាក់ ដែលបាន​ទទួល​អត្ថ​ប្រយោជ​ន៍ពី ប.ស.ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ