និស្សិត​ប្តឹង​កញ្ញាស្រីមុំពី​បទឆបោក ​ក្រោយ​នាង​បដិសេធរឿង​អាស្រូ​វស្នេហាជាមួយលោក កឹម សុខា

ទំព័រហ្វេសប៊ុក​របស់និស្សិត​ ឈ្មោះ ស្រី ចំរើន

និស្សិតមួយ​ក្រុម​ដែល​​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម​ សុខា បកស្រាយ​​​រឿង​ខ្សែអាត់​​សំឡេងសាសងស្នេហា​ជាមួយ​ស្រីកំណាន់ បាន​ដាក់ពាក្យ​ប្តឹង​នារីម្នាក់នោះ​ពី​បទឆ​បោក បន្ទាប់ពី​នាងដិសេធថា​ខ្សែអាត់សំឡេង​នោះ​មិន​មែនជា​សំឡេងរបស់​នាង។

និស្សិត​​មួយ​ក្រុមដែល​មាន​លោក ស្រី ចំរើន ជា​តំណាង នៅ​រសៀល​ថ្ងៃ​សុក្រនេះបាន​ធ្វើ​សន្និសីទសារព័ត៌​មាន​មួយដើម្បី​​បង្ហាញ​ថា​សំឡេង​ក្នុង​ខ្សែអាត់នោះ​ពិត​ជា​សំឡេង​សាសងស្នេហារវាងកញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រី​មុំនិង​លោក កឹម សុខា។​

ក្រោយពី​ការធ្វើសន្និសីទសារព័ត៌មាន​នេះ លោក ស្រី ចំរើន ជា​តំណាងក្រុមនិស្សិត​បាន​បញ្ចេញពាក្យ​បណ្តឹង​មួយ​ ដោយ​ប្តឹង​កញ្ញាស្រីមុំ ពី​បទ​ឆបោក បន្ទាប់​ពីស្រីមុំ​បាន​អះអាងជាសាធារណៈ​ថា​សំឡេង​ក្នុង​ខ្សែ​អាត់នោះ​មិន​មែនជាសំឡេង​របស់​នាងនិង​ថា​នាងមិន​មែន​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា។

ក្នុងពាក្យ​បណ្តឹងនោះ លោក ស្រី​ ចំរើន សរសេរ​​ថា៖ “សុំ​ប្តឹងពី​បទឆបោក​ លើ​ឈ្មោះខុម ចាន់ដារ៉ាទី ហៅស្រីមុំ អាយុ២៥ឆ្នាំ…”។ ក្នុង​ពាក្យ​បណ្តឹងដដែល លោក ស្រី ចំរើន បាន​រៀប​រាប់​ថាតាម​កា​រស្រាវជ្រាវភស្តុតាងនិង​សាក្សីបញ្ជាក់ថាសំឡេងនោះជា​សំឡេង​របស់​កញ្ញាស្រីមុំពិតមែន។ លោកក៏​បាន​ស្នើ​ឲ្យ​តុលាការ​ចាត់វិធាន​ការ​កញ្ញាស្រីមុំ​តាម​ផ្លូវ​ច្បាប់។​

លោក ស្រី ចំរើន ប្រាប់វីអូឌី(VOD)នៅរសៀលថ្ងៃសុក្រតាមទូរស័ព្ទថាការដាក់ពាក្យបណ្តឹងនេះដោយសាតែកញ្ញស្រីមុំបានដិសេធថាសំឡេងក្នុងខ្សែអាត់នោះជាសំឡេងរបស់នាង ដោយលោកថានេះជាករណីឆបោក។ លោកបន្តថាលោក កឹម សុខា ជាអ្នកនយោបាយជាន់ខ្ពស់មួយរូបហើយថារឿងអាស្រូវរបស់លោក កឹម សុខា ធ្វើឲ្យប៉ះពាល់ដល់យុវជន។

លោកបន្ថែមថា៖ “គឺលោក កឹម សុខា មិនមែនជាបុគ្គលឯកជន បុគ្គលសាមញ្ញទូទៅដូចជាមនុស្សធម្មតាទេ គាត់គឺជាតំណាងរាស្រ្ត ដូច្នេះផលប៉ះពាល់ដល់សង្គមជាតិយើងទាំងមូល ក៏ដូចជាផ្នត់គំនិតប៉ះពាល់ដល់ពួកខ្ញុំជាយុវជន គឺពួកខ្ញុំមិនអាចទទួលយកបានពីអ្វីដែលគាត់ជាមេដឹកនាំគ្មានទំនួលខុសត្រូវ មិនឆ្លើយតបទៅអ្វីដែលពួកខ្ញុំបានស្នើសុំទេ”

ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាករណីបណ្តឹងរបស់ក្រុមនិស្សិតនេះ លោកពិនិត្យឃើញថាមិនមានធាតុផ្សុំនៃបទល្មើសដែលអាចដាក់ពាក្យបណ្តឹងបានទេ។ លោកបន្ថែមថា៖ “អាហ្នឹងខ្ញុំមិនដើរតួនាទីជំនួសតុលាការទេ ប៉ុន្តែបើសិនជាគ្មានបទល្មើស គ្មានធាតុផ្សុំ ក៏តុលាការមិនអាចចាត់ការបាទទេ…ដូចខ្ញុំនិយាយអ៊ីចឹងបទហ្នឹងមិនជាប់ពាក់ព័ន្ធនឹងបទឆបោក វាអត់មានចំណុចណាជាប់ពាក់ព័ន្ធនឹងរឿងឆបោកសោះ”

1914652_1668083310118272_3020868359057545769_nគួរបញ្ជាក់ថានៅព្រឹកថ្ងៃ​សុក្រនេះ កញ្ញា​​ស្រីមុំបានចូលឆ្លើយបំភ្លឺ​នៅ​នាយកដ្ឋានប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហា​​ផ្ទៃ ទាក់ទងនឹង​​ពាក្យ​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីនៅលើ​បណ្តាញសង្គមហ្វេស​ប៊ុក។ កញ្ញា ធី សុវណ្ណថា បាន​ដាក់ពាក្យ​ប្តឹង​ចង់​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ពីសំឡេង​សន្ទនា​ស្នេហា ដោយ​ថា​ចំណែកមួយ​នៃ​ការ​សន្ទនា​មានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង​។

ក្រោយពីការបំភ្លឺរយៈពេលជាង​៣ម៉ោង កញ្ញា ស្រីមុំ បានលើកឡើង​ថា​នាងត្រូវបានសួរឲ្យ​បញ្ជាក់ថាតើ​សំឡេង​ដែលត្រូវបានគេទម្លាយតាមហ្វេសប៊ុកនោះ ជាសំឡេង​របស់នាង​ឬ​យ៉ាងណា។ កញ្ញា​បានឆ្លើយ​ថា​​នោះមិនមែនជាសំឡេង​របស់​កញ្ញានោះទេ។ កញ្ញាក៏បាន​បដិសេធថា​កញ្ញាមិនមានទំនាក់ទំនងស្នេហា​ជាមួយ​លោក កឹម សុខា នោះទេ គ្រាន់តែ​ធ្លាប់ស្គាល់គ្នា ដោយ​ថា​លោក កឹម សុខា ជាភ្ញៀវកាត់សក់នៅហាងមួយក្នុងរាជធានីភ្នំពេញ ដែលនាង​ធ្វើការជាអ្នកកាត់ក្រចកនិងលាបថ្នាំសក់នៅទីនោះ​។​

គួរបញ្ជាក់​ថា​នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុន​បោះ​ឆ្នោត​​ឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថា ជា​ប្រ​ពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ ​កាលនោះ​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែង​វាយប្រហារចំ​ៗ​ទៅលើលោក កឹម សុខា ចំពោះករណីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ