លោក អូបាម៉ា ចាប់​ផ្ដើម​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​គុយបា

(រូបភាពពី AFP)

ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​គុយបា ដើម្បី​បំពេញ​ទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេស​នេះ និងជួបពិភាក្សា​ជាមួយមេដឹកនាំប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។

បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​រាយការណ៍​ថា លោក បារ៉ាក់ អូបាម៉ា បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​គុយបា ដោយ​ទទួល​បាន​ការ​ស្វាគមន៍​ពី​រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez។

ក្នុងដំណើរ​ទស្សនកិច្ច​នេះ លោក អូបាម៉ា នឹង​ជួប​ជាមួយ​ប្រធានាធិបតីគុយបាលោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) ដោយអ្នក​ទាំង​ពីរ​នឹង​ពិភាក្សាពី​បញ្ហា​​​ពាណិជ្ជកម្ម និង​​កំណែ​ទម្រង់​នយោបាយ​។ ទោះយ៉ាងណា លោក អូបាម៉ា នឹង​មិន​ជួប​ជាមួយ​មេដឹក​នាំ​បដិវត្តន៍​ដែល​ចូលនិវត្តន៍​លោក ហ្វ៊ីដែល កាស្ត្រូ នោះ​ទេ​។

លោក អូបាម៉ា គឺជាប្រធានាធិបតីអាមេរិកកាន់តំណែង​ដំបូងគេ​ដែល​ទៅ​ទស្សនកិច្ច​នៅ​ប្រទេសគុយបា ចាប់តាំងពីប្រទេស​នេះ​ឆ្លង​ការ​ធ្វើ​បដិវត្តន៍​ក្នុង​ឆ្នាំ ១៩៥៩​ ដែលបានទម្លាក់​រដ្ឋាភិបាល​គាំទ្រអាមេរិក និង​នាំ​ឲ្យ​មាន​ការ​ប្រទូសរ៉ាយអស់រយៈពេល​ច្រើន​ទស្សវត្ស​។

ថ្លែងនៅស្ថានទូតអាមេរិកដែល​ត្រូវ​បាន​បើកទ្វារឡើងវិញនៅទីក្រុង​ហាវ៉ាណា លោកបានហៅដំណើរទស្សនកិច្ចនេះ “ជាប្រវត្តិសាស្រ្ត“។ លោក អូបាម៉ា និង​ក្រុមគ្រួសារ​បាន​ចំណាយ​ពេល​ដើរ​ទស្សនា​ទីក្រុងឡាហាវ៉ា​ ជាមួយ​នឹង​ការ​រឹតបន្តឹង​សន្តិសុខ​យ៉ាង​ខ្លាំង​ ហើយ​លោកក៏​គ្រោង​នឹង​ស្នាក់​នៅ​ក្នុងទីក្រុងចំណាស់​នេះ​ផងដែរ​។

គួរ​បញ្ជាក់​ថា កាល​ពី​ខែកក្កដា​ ឆ្នាំ​២០១៥ ​សហរដ្ឋអាមេរិក និង​គុយបា​បាន​ប្រកាស​បើក​ស្ថានទូត​ជាមួយគ្នា​ឡើងវិញ នៅ​រដ្ឋធានី​នីមួយ​នៃ​ប្រទេស​ទាំង​ពីរដែល​ជា​ការភ្ជាប់​ទំនាក់​ទំនង​ការទូត បន្ទាប់​ពី​ផ្ដាច់ការ​ទាក់ទង​ជាង​៥០​ឆ្នាំ​មកហើយ​នេះ ។​

​ប្រទេស​អតីត​សត្រូវ​នៃ​សង្គ្រាមត្រជាក់​ទាំងពីរ​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​នៃ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា គឺ​បន្ទាប់ពី​លោក​អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក​បាន​ជួប​កំពូល​ជាមួយ​មេដឹកនាំ​គុយបា រ៉ា​អូ​ល​កា​ត្រូ កាលពី​ខែ​មេសា ឆ្នាំ​២០១៥​។​

​​អ្នកសង្កេតការណ៍​ខ្លះ​យល់ថា ការ​ដែល​ប្រទេស​សង្គមនិយម​មួយ​ក្លាយជា​មិត្ត​របស់​អាមេរិកគឺជា​ការ កាត់​បន្ថយ​ឥទ្ធិពល​មួយទៀតរបស់​ប្រទេស​មហាអំណាច​រុស្ស៊ី ដែល​កាលពី​សម័យ​សង្គ្រាមត្រជាក់ គុយបា​ជា​ឧបករណ៍​មួយ​របស់​អតីត​សហភាពសូវៀត ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ