បក្សប្រឆាំងប្រជុំរៀបចំនិងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្រ្ត​ខ្លួន​នៅ​សប្ដាហ៍ក្រោយ

ប្រធានស្ដីទីគណបក្សសង្គោះជាតិលោក កឹម សុខា ឲ្យដឹងថា តំណាងរាស្រ្តទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិនឹងប្រជុំគ្នានៅថ្ងៃទី២២ ខែមីនា ដើម្បីរៀបចំ និងអនុម័តវិធានផ្ទៃក្នុងសម្រាប់តំណាងរាស្ត្របក្សនេះ ដោយអះអាងថា ដើម្បីពង្រឹងតួនាទីភារកិច្ច និងប្រសិទ្ធិភាពរបស់អ្នកតំណាងរាស្ត្រ។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍អនឡាញរបស់គណបក្សសង្គ្រោះជាតិដែលមានឈ្មោះថា «៧នាទីជាមួយថ្នាក់ដឹកនាំ» លោក កឹម សុខា បានមានប្រសាសន៍ថា បន្ទាប់ពីបានជួបប្រជុំគណៈកម្មការអចិន្ត្រយ៍របស់គណបក្សដែលធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនរួចមក គណបក្សបានកំណត់យកថ្ងៃទី២២ ខែមីនា ដើម្បីអនុម័តវិធានផ្ទៃក្នុងរបស់ខ្លួន មុននឹងគណបក្សនេះធ្វើសន្និបាតក្រុមប្រឹក្សាជាតិនៅថ្ងៃទី២៦ ខែមីនា។ លោកថា វិធាននេះជាការពង្រឹងតួនាទីភារកិច្ចរបស់អ្នកតំណាងរាស្ត្រ ដើម្បីធានាឲ្យមានប្រសិទ្ធិភាពក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ “វិធានផ្ទៃក្នុងគឺជាធម្មនុញ្ញ ជាច្បាប់របស់ក្រុមតំណាងរាស្ត្រ៥៥នាក់ហ្នឹង របស់សង្គ្រោះជាតិហ្នឹង តើខ្លួនត្រូវធ្វើអីខ្លះ? អញ្ចឹងយើងត្រូវជជែកគ្នាមុន”

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមថា វិធានផ្ទៃក្នុងនេះជាក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រង បែងចែក និងបង្កើនប្រសិទ្ធភាពក្នុងការធ្វើការងាររបស់គណបក្ស។ លោកបន្តថា ដោយសារតែគណបក្សមានការងារដែលត្រូវធ្វើច្រើន និងត្រូវការបទពិសោធន៍ ហេតុដូច្នេះហើយទើបវិធានផ្ទៃក្នុងនេះទើបតែលេចឡើងនៅពេលនេះ។

លោកបន្ថែមថា៖ “ ហើយបើយើងពិនិត្យឃើញថាមានការខ្វះខាតកន្លែងណាយើងធ្វើវិសោធនកម្មបន្តបន្ទាប់ចឹងទៅទៀតទៅណា បើធម្មតាស្ថាប័នរបស់គណបក្សនោះវាមានច្រើនស្ថាប័ន ហេតុដូច្នេះស្ថាប័នយើងឃើញតំណាងរាស្ត្រយើងមានច្រើនដល់៥៥រូបហើយ អញ្ចឹងយើងត្រូវមានក្របខ័ណ្ឌច្បាប់ វិធានផ្ទៃក្នុងអីដើម្បីគ្រប់គ្រងឲ្យបានល្អ”

បើតាមលោក យឹម សុវណ្ណ វិធានផ្ទៃក្នុងនេះត្រូវបានព្រាងរួចរាល់អស់ហើយ រង់ចាំតែការពិនិត្យ និងអនុម័តពីសមាជិកទាំង៥៥រូបរបស់ខ្លួនតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ