ក្រសួង​អប់​រំគ្រោង​បង្កើត​បណ្ណាល័យ​នៅ​តាម​សាលានិង​សហគមន៍បន្ថែម​ទៀតដើម្បី​លើកកម្ពស់​​ការ​អាន

ការតាមពិពរណ៌សៀវភៅនៅសាកលវិទ្យាភូមិន្ទភ្នំពេញ ដើម្បីអបអរទិវាជាតិអំណាន ១១មីនា

រដ្ឋមន្រ្តីក្រ​សួង​អប់​រំ យុវជន និង​កីឡានិង​ដៃ​គូអភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​គ្រោងរៀប​ចំឲ្យមាន​បណ្ណា​ល័យនិង​បន្ទប់​អាន​បន្ថែមនៅ​តាម​សាលារៀននិង​សហគមន៍​ ដោយ​ថា​ដើម្បី​ជំរុញ​ឲ្យ​ប្រ​ជាជន​កម្ពុជាមាន​ទម្លាប់អានសៀវភៅដូច​ទៅ​នឹង​ប្រ​ជាជន​នៅ​បណ្តាប្រ​ទេស​អភិវឌ្ឍន៍នានា។

រដ្ឋមន្ត្រី​ក្រ​សួងអប់​រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ថ្លែង​ក្នុង​វេទិកាជាតិអំណានលើកទី១​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញនៅថ្ងៃសុក្រនេះ​ថាតាម​ការ​ស្រាវជ្រាវ ប្រ​ជា​ពល​រដ្ឋ​កម្ពុជាមិន​ទាន់​មានទម្លាប់​ល្អក្នុង​ការ​អាន​សៀវភៅនោះ​ទេ ​ផ្ទុយពី​ប្រ​ជា​ពល​រដ្ឋរបស់​ប្រ​ទេស​រីកចម្រើន​នានា។

ដើម្បី​ជំរុញឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជាមានទម្លាប់​ល្អ​ក្នុងការ​អាន​សៀវ​ភៅ លោក ហង់ ជួន​ ណារ៉ុន ថា​ក្រសួង​រៀប​ចំឲ្យ​មាន​ការ​ផ្សព្វផ្សាយនិង​បំផុសចលនាអាន​នៅតាម​សាលារៀននិង​សហគមន៍ ដោយ​លោកបញ្ជាក់​ថា​​ក្រ​សួងនិង​ដៃគូអភិវឌ្ឍន៍មួយចំនួន សហការគ្នា​បង្កើនការ​តែងនិពន្ធសៀវភៅសម្រាប់​សិក្សានុសិស្ស ការ​បង្កើត​បណ្ណាល័យនៅ​តាមសាលារៀននិង​សហគមន៍​ជាដើម។

លោកបន្ថែមថា៖ លើកទឹក​ចិត្ត សហការជាមួយ​ដៃគូផ្សេងទៀតឲ្យមាន​បណ្ណាល័យ រៀប​ចំស្តង់ដារបណ្ណាល័យ បោះពុម្ពសៀវភៅឲ្យបាន​ច្រើន​ យើងអំពាវនាវ​ឲ្យ​សប្បុរសជន​ចូល​រួម​ចំណែកផងដែរ​រៀប​ចំហការជាមួយ​ដៃគូជាតិ​អន្តរជាតិ អង្គការសង្គមស៊ីវិល ដើម្បី​រៀប​ចំបណ្ណាល័យ​សៀវភៅនិងរៀប​ចំពេល​១ម៉ោង​ដើម្បី​ឲ្យសិស្សអាន”

ទន្ទឹម​នឹង​ផែន​ការ​បង្កើតបណ្ណាល័យ​នេះ លោក ហង់ ជួន ណារ៉ុន ថា​ចាប់ពី​ឆ្នាំ​២០១៧​តទៅ​ក្រ​សួង​ក៏​រៀប​ចំឲ្យ​មាន​ការ​ប្រ​ឡង​ប្រ​ណាំងការ​អាន ការនិទាន​រឿងនិង​ការ​តែងនិពន្ធផងដែរ ដោយ​លោក​ថា​ដើម្បី​បណ្តុះ​ការ​អាននិង​វប្បធម៌​អាន​។

តំណាងអង្គការយូណេស្កូប្រ​ចាំកម្ពុជា លោក​ស្រី  អាន ឡឺម៉ែត្រ មាន​ប្រ​សាសន៍​ក្នុង​ទិវាជាតិអំណានថា​ ក្មេងជំទង់និង​ស្រ្តី​វ័យ​ក្មេង​ប្រ​ហែល​ជា​១៧៥លាន​នាក់​នៅ​លើ​​ពិភព​លោក​មិន​អាចអាន​អក្សរបាន។ ​លោក​ស្រី​ថាដោយ​សារតែ​ឃើញ​បញ្ហា​នេះ ទើប​អង្គការយូណេស្កូខិតខំជួយ​ជំរុញ​ឲ្យ​ក្មេងៗអាចចេះអាន​បាន។ លោក​ស្រី​បន្តថាអក្ខរ​កម្ម​ជួយ​ឲ្យ​មនុស្ស​មាន​មធ្យោបាយបង្កើន​ចំណេះដឹងនិង​ព្រឹង​ស្មារតី​របស់​ខ្លួន​បាន​តាម​​​រយៈការ​អាន។

កញ្ញា ប្រាជ្ញ កញ្ចនា ​និស្សិត​ឆ្នាំ​ទី៣ផ្នែក​អក្សរសាស្រ្តខ្មែរនៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញមានប្រ​សាសន៍​ថាការ​អាន​ធ្វើ​ឲ្យ​កញ្ញាបានដឹង​ពី​ស្ថាន​ភាព​សង្គម​របស់​ប្រ​ទេស​កម្ពុជាក៏ដូច​ជា​ប្រ​ទេស​ដទៃ។ កញ្ញា​ថា កញ្ញា​​ចំណាយពេល​ប្រ​ហែល៣​ម៉ោង​ក្នុងមួយ​ថ្ងៃសម្រាប់​ការ​អាន​សៀវភៅ ពាក់ព័ន្ធ​នឹង​ប្រ​វត្តិសាស្រ្តនិង​អក្សរសាស្រ្ត។ កញ្ញាបន្ថែមថា៖ ការអាន​អាចឲ្យ​យើងមាន​ភាពជឿន​លឿន​ច្រើននិង​ខ្ញុំ​គិតថាការអាន​ធ្វើ​ឲ្យ​ខ្ញុំ​ជោគ​ជ័យ​ក្នុងជីវិត​ផង​ដែរ…ជោគជ័យ​ថា​បើ​ខ្ញុំ​បាន​អាន​ច្រើន​ខ្ញុំ​និង​ដឹង​ពី​សង្គម​ក្នុងស្រុកនិង​ក្រៅ​ស្រុក”។​

គួរបញ្ជាក់ថារដ្ឋាភិបាល​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ចេញ​អនុក្រឹត្យមួយ​ស្តីពី​ទិវាជាតិ​អំណាននិង​អនុញ្ញាតឲ្យ​ក្រ​សួង​អប់រំ​រៀប​ចំទិវានេះ​ចាប់ពី​ឆ្នាំ២០១៦នេះ​តទៅ ដោយ​កំណត់​យក​ថ្ងៃទី​១១ ខែ​មីនា ជា​ថ្ងៃសម្រាប់​រៀបចំពិធីនេះ។ លោក ហង់ ជួន​ ណារ៉ុន ឲ្យ​ដឹងថារដ្ឋា​ភិបាល​រើស​យក​ថ្ងៃទៅ​១១ មីនា ដើម្បី​រៀបចំ​ពិធីនេះ ដោយ​សារតែ​ថ្ងៃនេះជា​ថ្ងៃកំណើត​របស់​សម្តេចព្រះ​សង្ឃរាជ​ជួន ណាត ដែល​ជាអ្នក​ជួយ​រៀប​រៀង​ឲ្យ​មាន​វចនានុក្រម​ខ្មែរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ