នាយក​រដ្ឋមន្រ្តី​​រិះគន់​សារព័ត៌មាន​និង​អ្នក​នយោបាយ​ថានិយាយ​មិនពិត​ពីកម្ពុជា​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាន់អំណាច​ជា​នាយករដ្ឋមន្រ្តីជាង​៣១ឆ្នាំ​ ត្រូវបាន​សារព័ត៌មានបរទេស​ ហៅ​ថា​ជាបុរសខ្លាំង(រូបថតដោយស៊ុន ណារិន​)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​កម្ពុជាពិត​និង​កម្ពុជា​លើ​បណ្តាញ​សារ​ព័ត៌មាន​ខុស​គ្នា ដោយ​លោក​បាន​រិះគន់សារព័ត៌មាន​និង​អ្នក​នយោបាយ​មួយ​ចំនួនថា​សរសេរនិង​និយាយ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះកម្ពុជា។​​ ​

លោកនាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​នៅ​ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅ​អាកា​ស​យាន្តដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាន​ថ្លែង​ថារដ្ឋាភិបាល​បាន​អភិវឌ្ឍ​ប្រទេស​ជា​បន្តបន្ទាប់ រហូត​ដល់​មាន​ការ​ពង្រីកព្រលាន​យន្ត​ហោះ ​ដើម្បី​ទទួលភ្ញៀវទេសចរណ៍។ លោក​បន្ត​ថា​នេះ​ជា​កម្ពុជា​ពិត​ មិន​មែន​​នៅលើសារព័ត៌មាននោះទេ។ លោក​បាន​រិះគន់​​អ្នក​នយោបាយ​និង​សារព័ត៌មាន​មួយចំនួន​ ដែល​លោក​​ថា​​​និយាយ​អាក្រក់ពីកម្ពុជា​ខុសពីការពិត។

លោក​មានប្រសាសន៍ថា៖ ប៉ុន្តែ​នេះ​ដោយ​សារ​វាជាកម្ពុជា​ពិត ទើប​ខ្ញុំ​និយាយ​លេង​​សើច​។ បើ​សិន​ជា​កម្ពុជា​លើ​ទំព័រ​លើ​​សារព័ត៌មាន គឺ​យើង​គ្មាន​ឱកាសនឹង​លេងសើចទេ ព្រោះ​វា​ជា​ឋាននរក​លោកិយ​របស់​​អ្នក​នយោបាយ​ខ្លះដែល​​ដើរ​សំអុយ​កេរ្តិ៍ឈ្មោះ​កម្ពុជា ស្រប​​នឹង​សារព័ត៌មានដែល​​មិន​សុចរិតភាព​ តែ​ហ្នឹង​​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់គេទេ”។​

លោកនាយករដ្ឋមន្រ្តី​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​បុគ្គលិកទាំងអស់​ដែល​បម្រើការនៅព្រលានយន្តហោះ​ភ្នំពេញ ធ្វើ​ការ​ងារ​ឲ្យ​បានល្អ ដើម្បី​ទាក់ទាញភ្ញៀវទេសចរណ៍​មក​ទស្សនាកម្ពុជា​។​

កម្ពុជា​​ត្រូវ​បាន​ជន​បរទេស​ស្គាល់​ថា​ឆ្លង​កាត់​របប​សម្លាប់​រង្គាលប៉ុលពត​និងដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែលគេហៅថា​បុរសខ្លាំង។ លោក ហ៊ុន សែន​ បានកាន់​អំណាចជា​នាយក​រដ្ឋមន្រ្តី​ជាង​៣០ឆ្នាំមកហើយ។​

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។

កន្លងទៅ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ហៅ​ការដឹកនាំ​របស់​លោក​ ហ៊ុន សែន បែប​កុម្មុយនីស្តនិង​រិះគន់ថា​​មិន​មាន​ការគោរព​សិទ្ធិមនុស្សនិង​ដើរតាមលទ្ធិ​ប្រជាធិបតេយ្យ​។ បញ្ហារំលោភ​សិទ្ធិមនុស្ស​ ការ​បណ្តេញចេញ បញ្ហា​ដីធ្លី ឃាត​កម្មលើ​សកម្មជន ការបំបិទសិទ្ធិសេរីភាពអ្នកនយោ​បាយ​ ​សកម្មជន​បក្ស​ប្រឆាំង និង​អំពើ​​ពុករលួយ ត្រូវបាន​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​នៅលើទំព័រកាសែត​ទាំង​ក្នុងស្រុក​និងអន្តរជាតិមួយចំនួន។​​

អ្នកជំនាញខាងអភិបាលកិច្ចនិងលទ្ធិប្រជាធិបតេយ្យ លោក ចាន់ វិបុល មានប្រសាសន៍ថាអ្នកនយោ​បាយមួយចំ​នួននិងសារព័ត៌មាន បានលើកឡើងពីតម្រូវការរបស់សង្គមនិងចំណុចខ្វះខាតរបស់រដ្ឋាភិបាល ក្នុងបំណងជំរុញឲ្យរដ្ឋាភិបាលបំពេញការងាររបស់ខ្លួនបានកាន់តែប្រសើរ។ លោក​បន្ត​ថា​អ្វីដែលសារព័ត៌មាននិងអ្នកនយោបាយមួយចំនួនលើកឡើងសុទ្ធជាអ្វីដែលបាន​កើតឡើងនៅកម្ពុជា។

លោកបន្ថែមថា៖ “ខ្ញុំគិតថាការរិះគន់ទាំងអស់នោះមិនមែនជាកំហុសទេគឺជារឿងដែលប្រសើរ ប្រសិនបើប្រតិ​កម្មរបស់លោកនាយករដ្ឋមន្ត្រីថាការចោទប្រកាន់ហ្នឹងមិនត្រឹមត្រូវទេ។ ខ្ញុំគិតថាប្រតិកម្មហ្នឹងមិនអាចទទួលយកបានទេ ក្នុងក្រមខណ្ឌមួយប្រសិនលោកចង់ធានាឲ្យសង្គមមានការវិវត្តទៅមុខទៀត”

លោក ចាន់ វិបុល ដែលមានបទពិសោធន៍បម្រើការក្នុងអង្គការមិនមែនរដ្ឋាភិបាល​នៅប្រទេសស្វីសចំនួន១ឆ្នាំឲ្យដឹងដែរថាជនបរទេសបានស្គាល់កម្ពុជាតាមរយៈប្រាសាទអង្គរវត្ត របបប៉ុល ពតនិងការទន្ទ្រានផ្នែកសេដ្ឋកិច្ចពីប្រទេសជិតខាងជាដើម។ លោកថាជនបរទេសនៅមិនទាន់ឲ្យតម្លៃលើសមត្ថភាពប្រជាពលរដ្ឋខ្មែរឲ្យបានពេញលេញនៅឡើយ ដោយលោថាសូម្បីតែនៅក្នុងអង្គការក្រៅរដ្ឋាភិបាលក៏ជនបរទេសមិនសូវឲ្យតម្លៃមិនលើសមត្ថភាពជនជាតិខ្មែរដែលបម្រើការងារក្នុងស្ថាប័នជាមួយគ្នា ដូចដែលគេជឿលើជនបរទេ​សនោះ​ទេ៕​ ដោយ ទូច សុខា និង​ស៊ុន ណារិន 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ