មន្ត្រីរាជការថាក្រសួងមហាផ្ទៃដាក់កំហិតឲ្យបង់ថវិកាផ្ទាល់ខ្លួនដើម្បីពង្រឹងបក្សកាន់អំណាច

មន្ត្រីរាជការធ្វើការនៅក្រសួងមហាផ្ទៃរិះគន់​ថាក្រសួងនេះបាន​ដាក់កំហិតឲ្យ​មន្ត្រីមួយចំនួន​ត្រូវ​ចូល​រួម​បរិច្ចាក​ថវិកាផ្ទាល់ខ្លួន​រាប់ម៉ឺនរៀលសម្រាប់​យកទៅពង្រឹងគណបក្សកាន់អំណាច​នៅតាមមូល​ដ្ឋាន​។

មន្ត្រីម្នាក់ដែលអះអាងថាធ្វើការក្នុង​នាយកដ្ឋានមួយនៅក្រសួងមហាផ្ទៃសុំមិនបញ្ចេញឈ្មោះបានឲ្យ​ដឹង​ថារដ្ឋមន្ត្រីក្រសួងម​ហា​ផ្ទៃបានជួបប្រជុំជាមួយប្រធាននាយកដ្ឋាន​ជិត៣០នាក់នៅក្នុង​ក្រសួងនេះដោយដាក់កំហិតចាប់ពីមន្ត្រីធម្មតារហូតដល់ថ្នាក់​​នាយករងនាយកដ្ឋាន​​ត្រូវ​ចូល​រួម​បរិច្ចាក​ថវិកាផ្ទាល់ខ្លួនចាប់ពី១ម៉ឺនរៀលដល់​៨ម៉ឺនរៀលជារៀង​រាល់ខែ​ដោយគិតពីខែមីនា​នេះទៅ​​​ដោយអះអាងថាដើម្បី​ទុក​ឲ្យ​ប្រធាននាយកដ្ឋាន​ឬហៅថាប្រធានក្រុមការងារយកទៅចំណាយសម្រាប់ថ្លៃធ្វើដំណើរ ម្ហូប អាហារ​ និងស្នាក់នៅពេល​​ចុះជួយ​ពង្រឹងគណបក្ស​ប្រជាជនកម្ពុជាក្នុងមូលដ្ឋាន​ទូទំាងរាជធានី-ខេត្តរហូតដល់​ចប់​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ មន្ត្រីរូបនោះចាត់ទុកថានេះជាការ​ដាក់កំហិតឲ្យពួកគេ​បរិច្ចាកថវិកានឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់មន្ត្រីរាជការ។

លោកនិយាយថា៖ “ខ្ញុំវាមិនសូវសប្បាយចិត្ត​ទេ​បងប្អូនខ្លះគាត់សប្បាយ​ចិត្តទៅ​មាន​បងប្អូនខ្លះគាត់មិនសូវ​សប្បាយចិត្តទេព្រោះ​ការ​ចំណាយ​លុយ​ទៅលើការងា​រ​បក្ស​នេះជាកំលាំងអព្យាក្រិតរបស់រដ្ឋាភិបាល យើង​មិនមែនជាកំលាំងរបស់បក្សទេព្រោះ​បក្ស​ណាឈ្នះយើងក៏ជាអ្នកការពារប្រទេស​ជាមួយការទទួលខុសត្រូវ​ប្រជាពលរដ្ឋដែរ​”

ប្រភពដដែលបញ្ជាក់ថាបើមន្ត្រីរូបណាមិនព្រមបរិច្ចាកថវិកាតាមការតម្រូវនោះទេគឺមន្រ្តីរូបនោះនឹង​ត្រូវ​បានគេដាក់ក្នុងបញ្ជីខ្មៅ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថាក្រសួង​មិនមានគោលការណ៍ដាក់កំហិតឲ្យមន្ត្រីរាជការនៅក្នុង​​ក្រសួង​បរិច្ចាកថវិកាយកទៅចុះពង្រឹងគណបក្ស​នោះទេ​​។ ប៉ុន្តែលោកថារាល់ការ​បរិច្ចាកថវិការបស់មន្ត្រីរាជការមួយចំនួន​ ធ្វើតាមលក្ខន្តិកៈគណបក្ស​ដែលតម្រូវ​ឲ្យ​សមាជិក​និង​អ្នកគំាទ្រគណបក្ស​ទំាងអស់​ធ្វើ​ដោយស្ម័គ្រចិត្ត។ លោកបន្តថា៖ អត់ទេក្រសួងអត់មានណែនាំ ប៉ុន្តែទន្ទឹមនៅក្នុងលក្ខន្តិកៈបក្សមើលទៅ​គេថាសមាជិកបក្សនីមួយៗមានកាតព្វកិច្ចដើម្បី​បង់វិភាគ​ទានជូនបក្ស​សមាជិកគណបក្ស​ប្រជាជន​ វិភាគទានតាមស្ម័គ្រចិត្តមិនមែន២០ដុល្លារ​ទេអ្នក​ខ្លះបង់​ច្រើនជាងហ្នឹង​ទៀតមិនមែន​ប៉ុណ្ណឹងទេ”។

លោក ខៀវ សុភ័គ ចោទមន្ត្រីដែលរាយការណ៍ព័ត៌មានមក​VODថាជាមន្ត្រីបន្លំខ្លួនធ្វើការជាមួយគណបក្ស​ប្រជាជន ប៉ុន្តែទៅគំាទ្រគណបក្ស​ប្រឆំាង​ទៅវិញ។

នាយកប្រតិបត្តិ​​អង្គការ​ឃ្លាំមើលការ​បោះ​ឆ្នោត​មួយ​ហៅកាត់ថាខុម​ហ្រ្វែល​លោក គល់ បញ្ញា យល់ថាបើក្រសួងមហាផ្ទៃប្រ​មូល​ថ​វិកាពីមន្ត្រីទំាងនោះជាលក្ខណៈផ្ទាល់ខ្លួនដោយធ្វើ​​នៅក្រៅអង្គភាពមិនខុសច្បាប់ទេ។ ផ្ទុយទៅវិញលោកថាបើសិនជាក្រសួង​មហាផ្ទៃរៀប​ចំឲ្យមានក្រុមអង្គការ​ចាត់តំាងបក្ស​នៅក្នុងក្រសួង​​ប្រមូល​ថវិកាពីមន្ត្រីទៅបម្រើការងារបក្សនោះគឺជាការរំលោភច្បាប់​។ លោកបន្ថែមថា៖ នៅក្នុងក្រសួងមហាផ្ទៃមិនអាច​រៀប​ចំអង្គការចាត់តំាងបក្ស​នៅក្នុង​ក្រសួងនៅក្នុងមន្ទីរហ្នឹងបានទេបក្សអីហ្នឹង​ធ្វើអីធ្វើនៅខាងក្រៅទៅហើយសមាជិកគេទៅបង់ៗនៅក្រៅរឿង​System​នៅខា​ងក្រៅមិនអាច​រៀបចំនៅក្នុង​​នាមនៃក្រសួង​មហាផ្ទៃអត់​បានទេអាហ្នឹង​រំ​លោភច្បាប់ហើយច្បាប់​គណបក្សមាត្រា​១៥”។

ប្រភពមិនបញ្ចេញឈ្មោះឲ្យដឹងទៀតថានៅក្រសួងមហាផ្ទៃ​មាន​មន្ត្រីរាជការ​ចន្លោះពី៥ទៅ៧ម៉ឺននាក់​។ ប៉ុន្តែអ្នកនាំពាក្យក្រសួង​មហាផ្ទៃលោក ខៀវ សុភ័គ បដិសេធមិនប្រាប់ពីចំនួនពិតនៃមន្រ្តីទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ