លោក កឹម សុខា៖ យើងមិនត្រូវធ្វើតាមអារម្មណ៍ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពេលដឹកនាំ​ប្រជុំ​នៅទីស្តីការគណបក្ស​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ(រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខា​)

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុង​ត្រូវបាន​ទម្លាយ​​រឿង​អាស្រូវ​ស្នេហា​ នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​សរសេរនៅលើហ្វេសប៊ុក​របស់​លោកថា”​យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និង​ត្រូវប្រកាន់​ខ្ជាប់នូវឃ្លាថា”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។​

លោក កឹម សុខា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ដឹកនាំ​កិច្ច​ប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង២៥ រាជធានី-ខេត្ត ដែល​ធ្វើ​ឡើង​នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ។

លោក កឹម សុខា បាន​សរសេរ​នៅ​​លើហ្វេសប៊ុក​របស់​លោកថា​៖ “ក្នុងកិច្ចប្រជុំនេះ ខ្ញុំបានបញ្ជាក់ទៅថ្នាក់ដឹកនាំទាំងអស់ថាដូចដែលខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយើង ជាច្រើនដងមកហើយ។ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហរ រឹងមាំរបស់យើង តាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺ យើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត”។ លោក​បន្ត​ថា​គណបក្ស​មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ហើយ​ថា​គណបក្ស​កំពុងដើរតាមផ្លូវត្រូវនិង​កំពុង​តែរួបរួមគ្នាយ៉ាងរឹងមាំ។​

លោក កឹម សុខា បញ្ជាក់​ថា៖ដូច្នេះ អ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះគឺ យើងត្រូវតែធ្វើទៅតាមគោល​ដៅ តាមផែនការយុទ្ធសាស្រ្ដរបស់យើងតែប៉ុណ្ណោះ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”

គួរបញ្ជាក់​ថា​នៅពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកជា​បន្តបន្ទាប់​ថា​ លោក កឹម សុខា ​មានស្នេហាលួចលាក់ជាមួយស្រីក្មេងម្នាក់។ សំឡេង​សន្ទនា​ដែលស្រដៀង​នឹង​សំឡេង​កឹម សុខា​ ត្រូវបានផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​។​

នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុន​បោះ​ឆ្នោត​​ឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថា ជា​ប្រ​ពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ ​កាលនោះ​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែង​វាយប្រហារចំ​ៗ​ទៅលើលោក កឹម សុខា ចំពោះករណីនោះ។

រហូត​មក​ដល់​ពេលនេះ លោក កឹម សុខា មិន​ទាន់​ចេញមុខ​បក​ស្រាយ​ថា​តើ​សំឡេង​ដែល​ត្រូវបានផ្សព្វ​ផ្សាយ​​តាមហ្វេសប៊ុក​ជា​សំឡេ​ង​របស់​លោក​ឬយ៉ាងណា។

វីអូឌី​បាន​ព្យាយាម​ទាក់ទង​លោក កឹម សុខា ជា​បន្តបន្ទាប់​រហូត​មកដល់ថ្ងៃនេះ តែ​ទាន់អាច​សុំការ​បក​ស្រាយ​នៅឡើយទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ