មេដឹក​នាំ​តួកគីនិង​អ៊ឺរ៉ុ​ប​​ប្រជុំ​បន្ទាន់​​ដោះស្រាយ​វិបត្តិ​ជន​ភៀសខ្លួន​

(រូបភាពពី BBC)

មេដឹកនាំប្រទេស​តួកគី និងសហភាពអឺរ៉ុបបានប្រមូល​ផ្ដុំ​​គ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្រាប់កិច្ចប្រជុំកំពូលជាបន្ទាន់មួយស្តីពីការដោះស្រាយវិបត្តិជនភៀសខ្លួនដែលអាក្រក់បំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក​។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ​រាយការណ៍​ថា សហភាពអឺរ៉ុបបាន​សន្យាផ្ដល់​ប្រាក់​៣​ពាន់​លាន​អ៊ឺរ៉ូ (៣,៣​ពាន់​លានដុល្លារ) ទៅឲ្យ​ប្រទេសតួកគីសម្រាប់​ការ​ផ្ដល់ការ​ស្នាក់​នៅ​ដល់​ជនចំណាកស្រុកទាំង​នោះ និង​បញ្ឈប់លំហូរចូល​របស់​ពួកគេ​។

កាលពីឆ្នាំមុន ជនភៀសខ្លួន​ជាងមួយលាននាក់បានចូលទៅសហភាពអឺរ៉ុបដោយខុសច្បាប់តាមទូកដោយ​ភាគច្រើននៃ​ពួក​គេ​ធ្វើ​ដំណើរ​ចេញ​ពីប្រទេសតួកទៅកាន់ប្រទេសក្រិក។

ជនភៀស​ខ្លួន​ប្រមាណ​១៣ ០០០នាក់​បានជាប់គាំងនៅតាមព្រំដែនរបស់ប្រទេសក្រិក ដោយ​សារ​បណ្ដា​ប្រទេស​​នៅ​ក្នុង​សហភាព​អ៊ឺរ៉ុប​បាន​រឹត​បន្តឹង​ការ​ឆ្លង​ដែន​ទៅ​កាន់​ទឹក​ដី​របស់​ខ្លួន​។

អង្គការណាតូកំពុងពង្រីកបេសកកម្មរបស់កងនាវាចររបស់​ខ្លួនប្រឆាំងនឹងការរត់ពន្ធមនុស្ស​នៅសមុទ្រ Aegean ដើម្បីគ្របដណ្តប់ដល់​ទឹកដីតួកគី និងក្រិក ហើយក៏​នឹងបង្កើនកិច្ចសហប្រតិបត្ដិការរបស់ខ្លួនជាមួយទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប Frontex នៅក្នុងតំបន់នេះ​ផងដែរ​។

ជន​ចំណាកស្រុកដែល​ភាគ​ជាច្រើនភៀសខ្លួនចេញពីតំបន់សង្រ្គាមនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់នៅ​តែ​បន្ត ធ្វើដំណើរប្រកប​ដោយ​គ្រោះ​ថ្នាក់​ពីប្រទេសតួកគីទៅកាន់​កោះខាងក្រៅនៃ​ប្រទេសក្រិក។

វិបត្តិ​នៃ​ជន​ភៀស​ខ្លួន​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​ជាថ្មីម្តងទៀតកាលពីថ្ងៃអាទិត្យ នៅពេលដែលទូកមួយ​បានលិច​បណ្ដាល​ឲ្យ​មនុស្ស​២៥​នាក់​ស្លាប់​​។

អង្គការ​ទេសន្តប្រវេសន៍អន្តរជាតិ​បាន​រាយការណ៍​ថា យ៉ាង​តិច​ជន​ចំណាក​ស្រុក​៣២១​បាន​លង់​ទឹក​ស្លាប់​នៅ​ចន្លោះ​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ពេល​ពួក​គេ​ព្យាយាមធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រិក​៕

ប្រភព​៖ BBC

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ