បទយកការណ៍៖ ពលរដ្ឋមួយចំនួន​បារម្ភពីសុវត្ថិភាពក្នុងការនិយាយតាមទូរស័ព្ទ

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

សុវត្ថិភាព​និង​សិទ្ធិឯកជន​ត្រូវ​បានប្រជា​ពលរដ្ឋជាពិសេស​​យុវជនមួយចំនួនយកទៅធ្វើ​ជា​ប្រធានបទជជែកគ្នា​យ៉ាង “​ក្តៅគគុក​” នៅតាមហាងកាហ្វេ សាលារៀន និង​ទីសាធារណៈ។

យ៉ាងណាមិញគេ​សង្កេតឃើញ​ថា​​ជិត​មួយខែ​មក​នេះខ្សែអាត់សំឡេង​សន្ទនាគ្នាជាឯកជននោះត្រូវ​បាន​គេ​អះអាងថាជា​របស់​លោក កឹម សុខា សន្ទនាគ្នាជាមួយគូស្នេហ៍ឈ្មោះ ខុម ចាន់តារាទី ហៅ ស្រីមុំ។ ខ្សែអាត់សំឡេង​នោះត្រូវ​បានអ្នក​លេងហ្វេសប៊ុក​យកទៅ​បង្ហោះលើបណ្តាញ​សង្គម​ជាហូរហែ រហូតដល់បុគ្គល​​​ខ្លះដែលគេ​ដឹង​ថាគំាទ្រ​រដ្ឋាភិបាលបាន​​យកទៅបកស្រាយ​​លើប្រព័ន្ធផ្សព្វ​ផ្សាយ​មួយចំនួន​ និង​ដាក់ពាក្យ​បណ្តឹង​ទៅតុលាការនិង​អង្គភាពប្រឆំាង​អំពើពុក​រលួយ​ជាបន្តបន្ទាប់​ទៀត​​ផ​ង​។

ក្រោយពីសង្កេតឃើញបញ្ហា​ចម្រូង​ចម្រាស់នេះធ្វើឲ្យ​ប្រជាពលរដ្ឋជាពិសេស​ក្រុមយុវជមួយចំនួនបង្ហាញ​ពី​ការ​ព្រួយបារម្ភនៅពេល​ពួកគេជជែកគ្នាពីនេះពីនោះជាពិសេសរឿង​សម្ងាត់ឬអាថ៌កំបំាង​របស់ខ្លួនតាមប្រព័ន្ធទូរស័ព្ទ ហើយ​ត្រូវ​បាន​ក្រុមហ៊ុនឬបុគ្គលណាមួយលួច​ថតនិង​បញ្ចេញខ្សែអាត់សំឡេង​នោះទៅខាងក្រៅដោយ​ពុំបាន​សុំសិទ្ធិពីអ្នកសន្ទនា​មុន​នឹង​យក​ទៅផ្សព្វ​ផ្សាយ​ជា​សាធារណៈ​។

ឈរនៅក្បែរច្រកចូលសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញនិស្សិត ចាន់ សុម៉ាលី បាន​រៀ​បរាប់ប្រាប់​​អ្នក​យកព័ត៌មាន​VODថាកញ្ញាមិន​ចាប់អារម្មណ៍ថាក្រុមហ៊ុន​ទូរស័ព្ទឬបុគ្គលណាមួយអាច​​ថត​សំឡេង​ដែលពួកគេ​កំពុង​និយាយ​ទុក​បាន​នោះ​ទេ។ ប៉ុន្តែកញ្ញាថាក្រោយការបញ្ចេញការសន្ទនាដែលជាគេអះអាងថាជាសំឡេង​លោក កឹម សុខា ជាមួយស្រីម្នាក់នោះក៏ធ្វើឲ្យ​គាត់​កាត់បន្ថយនិយាយសម្ងាត់ឬរឿង​សំខាន់ៗជាច្រើនតាមទូរស័ព្ទ​។ កញ្ញាបន្តថា៖ “នឹងអាចប្រយ័ត្នជាងមុនហើយព្រោះអីឃើញតែគេ គេអាចយករបស់យើងទៅផ្សព្វផ្សាយបន្ដបានចឹងដល់ពេលនិយាយអីក៏លែងហ៊ានដូចមុនដែរ ព្រោះអត់ដឹងថាគេអាចយកសំឡេងយើងអារឿងអាថ៌កំបាំងបស់យើងយកទៅផ្សាយបានពីមុនយើងអត់ដែលធ្លាប់បានដឹងថាចឹង ដល់លូវដល់ពេលឃើញគេយកបានចឹងយើងមានការភ័យព្រួយបារម្ភដែរ ហើយក៏មិនហ៊ាននិយាយអីដូចមុនទៀតដែរខ្លាចគេយកថតសំឡេងថតអីយកបានយកទៅបន្ដផ្សាយបន្ដអីចឹង”។

អង្គុយ​នៅហាងការហ្វេមួយកន្លែងស្ថិតនៅម្តុំគិរីរម្យរាជធានីភ្នំពេញយុវជន​លោក សុង សំណាង​ មានប្រសាសន៍ប្រហាក់ប្រហែល​​និងនិស្សិតខាង​លើដែរ។ លោកថាបើសិនជាក្រុមហ៊ុនឬបុគ្គលណាមួយលួច​ថតសំឡេង​​សន្ទនាជាមួយមិត្តភ័ក្តិ ក្រុម​ការងារ និង​រឿង​សម្ងាត់ក្នុង​គ្រួសារ​​យកទៅផ្សព្វផ្សាយសាធារណៈនោះដោយគ្មានការអនុញ្ញាតគឺធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គល។ លោកបន្តថា៖ “អាហ្នឹងព្រួយបារម្ភដែរហ្នឹងបើការសំងាត់របស់យើងហើយយកផ្សាយយកអីចឹងព្រួយបារម្ភដែរ អាហ្នឹងគួរមានការអនុញ្ញាតពីខ្ញុំដែលអ្នកនិយាយហ្នឹងឲ្យថតឲ្យនិយាយបានអាចនិយាយបាន បើខ្ញុំអត់មានឲ្យថតឲ្យនិយាយផង ហើយដល់យកទៅនិយាយចឹងវាប៉ះពាល់ដែរហ្នឹង”។

បើតាមមន្រ្តីរដ្ឋាភិបាលគិតត្រឹមឆ្នាំ២០១៤ចំនួនអ្នកប្រើប្រាស់ស៊ីមប្រព័ន្ធទូរស័ព្ទមានជាង២០លានស៊ីម។

បុគ្គលិកក្រុមហ៊ុនឯកជនលោក មាស សក្កដា​ បង្ហាញទស្សនៈថាគាត់​មិន​មាន​ការព្រួយបារម្ភពីសុវត្ថិភាពនិង​សិទ្ធិឯកជន​នៅពេល​និយាយ​រឿងសម្ងាត់​តាមទូរស័ព្ទនោះទេដោយអះអាងថាលោក​មិនដែលនិយាយ​ប៉ះពាល់សិទ្ធិឯករបស់​បុគ្គលណាមួយឡើយ។ យ៉ាងណាក៏ដោយលោកថា លោកមិន​ជំទាស់នឹង​ការ​បញ្ចេញខ្សែអាត់សំឡេង​សន្ទនារបស់បុគ្គលណាមួយទេ ប៉ុន្តែលោកថាមុន​នឹងក្រុមហ៊ុនឬបុគ្គលណាមួយបញ្ចេញខ្សែអាត់​លុះត្រា​តែ​មាន​ការ​អនុញ្ញាតពីម្ចាស់សំឡេងឬករណីមានការ​ស្នើសុំ​ពីសមត្ថកិច្ចនៅពេល​​រកឃើញថាការសន្ទនានោះពាក់ព័ន្ធនឹង​ការ​ប្រព្រឹត្តបទល្មើសណាមួយ។

យ៉ាងណាក៏ដោយ​VODបានទាក់ទងទៅក្រុមហ៊ុនទូរស័ព្ទមួយចំនួន​ដូចជា​ក្រុមហ៊ុន​មិត្តហ្វូននិងក្រុមហ៊ុន​សែលខាតដើម្បីសុំឲ្យ​​ជួយបំភ្លឺជុំវិញករណីនេះដែរ ប៉ុន្តែមិនទាន់មានការ​ឆ្លើយតបនៅឡើយ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​លោក ណៃ វ៉ង់ដា ស្នើទៅអាជ្ញាធរ​ត្រូវ​តាមដាន​និង​ឃ្លំាមើលក្រុមហ៊ុនទូរស័ព្ទដែលលួចបញ្ចេញសំឡេងសន្ទនាសំងាត់ដើម្បីកុំឲ្យប៉ះពាល់សិទ្ធិឯកជនដើម្បីស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ លោកថាការ​លួច​ថត​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​ដោយ​គ្មាន​ការ​អនុញ្ញាតដែល​ជា​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​ជា​សិទ្ធិ​ឯកជន​របស់​បុគ្គលឬ​របស់​ស្ថាប័ន​​ណា​មួយ។ លោកមានប្រសាសន៍ថា៖ “ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋហ្នឹងជារឿងត្រឹមត្រូវហើយសូម្បីតែយើងការងាររបស់យើងដែលជាក្រុមការងារធ្វើការលើរឿងសិទ្ធមនុស្សសេរីភាពផ្សេងៗក៏មានការព្រួយបារម្ភពីរឿងបញ្ហាខ្សែអាត់សំឡេងហ្នឹងដែរ ហើយធ្វើឲ្យយើងមានការបារម្ភក្នុងការប្រាស្រ័យទាក់ទងក្នុងការងារផ្សេងៗដែលយើងហៅថាជារឿងរសើប​ រឿងបញ្ហាសិទ្ធមនុស្ស រំលោភសិទ្ធមនុស្សអីហ្នឹងជារឿងរសើបរំលោភដីធ្លីអីហ្នឹង ហើយរឿងទាំងអស់នេះគឺវាមិនស្របនឹងច្បាប់ ហើយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ យើងហៅថាសិទ្ធហើយព័ត៌មានសំងាត់របស់បុគ្គលនីមួយៗ”។

​​លោក ណៃវ៉ង់ដា ស្នើទៅក្រុមហ៊ុន​ទូរស័ព្ទទំាងអស់ត្រូវ​ជួយរក្សា​ការ​សម្ងាត់ដល់អតិថិជនដើម្បី​ឲ្យ​ពួកគេ​ជឿទុក​ចិត្តនិង​បន្ត​ប្រើប្រាស់សេវាកម្ម​ទូរស័ព្ទក្រុមហ៊ុន​បាន​យូរអង្វែង។

លោកមេធាវី សុក សំអឿន បានបញ្ជាក់ថាការលួចថតសំឡេងអ្នកដទៃដោយគ្មានការអនុញ្ញាតពីសាម៉ីខ្លួនឬតុលាការទេជាបទល្មើសព្រហ្មទណ្ឌ។​

មាត្រា៣០១ នៃ​ក្រមព្រហ្មទណ្ឌ​ មានខ្លឹមសារ​ថាអំពើ​ស្ដាប់ឬ​ថត​សម្ដីដែល​និយាយ​ជា​ឯកជនឬ​ជា​ការសម្ងាត់​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​បុគ្គល​ដែល​មាន​ការ​ពាក់ព័ន្ធ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ខែទៅ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី១​សែន​រៀលទៅ ២​លាន​រៀល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ