សកម្មជន​កូរ៉េខាងត្បូង​បង្ហោះ​ខិត​ប័ណ្ណ​ប្រឆាំង​ទីក្រុង​ព្យុង​យ៉ាងជាថ្មី​​រាប់​ម៉ឺន​សន្លឹកចូល​ទៅ​កូរ៉េ​ខាង​ជើង​

ខិតប័ណ្ណ​ប្រឆាំងនឹងក្រុងព្យុងយ៉ាង (រូបភាពពី AFP)

សកម្មជនកូរ៉េខាងត្បូងនៅ​ថ្ងៃ​ចន្ទនេះ​បានបង្ហោះ​ខិតប័ណ្ណ​ប្រឆាំងនឹងក្រុងព្យុងយ៉ាងរាប់ម៉ឺន​សន្លឹកចូលទៅក្នុងប្រទេសកូរ៉េខាងជើងជាលើកទីពីរក្នុងពេលបីថ្ងៃ ចំពេលមានភាពតានតឹងផ្នែកយោធានៅឧបទ្វីបបែងចែកជាពីរនេះកំពុង​កើន​ឡើង​។

សារព័ត៌មាន​ Channel News Asia បាន​រាយការណ៍ថា សកម្មជនអភិរក្ស ដែល​រួម​មាន​ទាំង​​អ្នក​រត់​ចេញ​ពី​កូរ៉េខាងជើងជាច្រើនផងដែរ​ បានប្រើបាឡុង​ឧស្ម័ន ដើម្បីបង្ហោះ​ខិត្តប័ណ្ណ១០០ ០០០ សន្លឹក​រិះគន់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន រំលង​​ព្រំដែនដែល​យាមកាម​ដោយ​យោធាយ៉ាងច្រើនសន្ធឹកសន្ធាប់​។

កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ដដែល​នេះ​ដែល​ហៅ​ខ្លួន​ឯង​ យុទ្ធជនសម្រាប់កូរ៉េខាងជើងសេរី​ បានចាប់ផ្តើមបង្ហោះ​ខិតប័ណ្ណ​៥០ ០០០ សន្លឹក ដើម្បីប្រារព្ធខួបនៃការលិចនាវាចម្បាំងកូរ៉េខាងត្បូងមួយគ្រឿងនៅក្នុងឆ្នាំ២០១០​។ ក្រុងសេអ៊ូលបានស្តីបន្ទោសថា នាវាមុជទឹកមួយ​កូរ៉េខាងជើងជា​អ្នក​ធ្វើ​ឲ្យ​នាវា​ចម្បាំង​នោះ​លិច បើទោះបីក្រុងព្យុងយ៉ាងតែងតែបានបដិសេធថា​មិន​មាន​ការពាក់ព័ន្ធណាមួយឡើយ។

ក្រុមនេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា៖ “​យើងគ្រោងនឹងបង្ហោះ​ខិតប័ណ្ណ ១០​លាន​សន្លឹក​ក្នុង​រយៈពេល​បីខែ ដោយ​បាន​ថ្កោល​ទោស​ការសាកល្បងនុយក្លេអ៊ែរថ្មីបំផុតរបស់កូរ៉េខាងជើង ហើយបានជំរុញឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរនេះ​”។

ការ​បង្ហោះ​ខិតប័ណ្ណ​នេះ​បាន​ធ្វើឲ្យ​ទី​ក្រុងព្យុងយ៉ាងមាន​ការ​ខឹង​សម្បា ដោយ​បានគំរាមជា​ញឹកញាប់​ពី​ធ្វើ​ការ​តបត​វិញ​ដោយ​យោធាប្រឆាំងនឹងក្រុម​សកម្មជន​។ កាល​ពី​ខែតុលា ឆ្នាំ២០១៤ ឆ្មាំការពារ​ព្រំដែនរបស់​កូរ៉េខាងជើងបានព្យាយាមបាញ់ទម្លាក់បណ្ដា​បាឡុង​ដែល​ត្រូវ​បាន​បង្ហោះ​ឡើង ដែលបង្កឱ្យមានការបាញ់តគ្នារយៈ​ពេល​ខ្លី​​នៅ​តាម​ព្រំដែន​។

ភាពតានតឹងនៅឧបទ្វីបកូរ៉េបាន​កើនឡើង​ខ្ពស់ចាប់តាំងពីការកូរ៉េ​ខាងត្បូងបានចាប់​ផ្ដើម​ធ្វើសមយុទ្ធកងទ័ពរួមគ្នាប្រចាំឆ្នាំជាមួយនឹងសហរដ្ឋអាមេរិកនៅខែមីនា​នេះ​។ កូរ៉េខាងជើងបានចេញផ្សាយ​ការគំរាមកំហែងជា​បន្ត​បន្ទាប់​នៅសប្តាហ៍ថ្មី​ៗ​នេះ រួមបញ្ចូលទាំងការព្រមាននៃការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន។ ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបានធ្វើសមយុទ្ធរួមគ្នា​ទ្រង់ទ្រាយធំនេះ​ឲ្យ​កាន់​តែ​ធំ​ជាង​មុន​នៅឆ្នាំនេះ ជា​ការឆ្លើយតបនឹង​ការបាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែររបស់កូរ៉េខាងជើងកាល​ពី​ខែមករា និងការបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយក្នុង​ខែ​កុម្ភៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ