សាលា​​ក្នុង​រដ្ឋ​ចំនួន​២​នៅ​ម៉ាឡេស៊ីបិទ​ទ្វារ​២​ថ្ងៃ​ដោយសារ​រលក​កម្ដៅស្ងួត​

(រូបភាពពី AFP)

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ម៉ាឡេស៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សាលា​នៅភាគ​ខាងជើង​​ក្នុង​រដ្ឋ ​Kedah និង​ Perlis នឹង​បិទ​ទ្វារ​ចំនួន​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​ស្អែក​ និង​ថ្ងៃ​ពុធ​ ដោយ​សារ​តែ​រលក​កម្ដៅ​ស្ងួត​។

កាសែត The Star របស់ម៉ាឡេស៊ី​បាន​ចុះ​ផ្សាយ​ថា រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​លោក Seri Mahdzir Khalid បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានថា នៅ​ថ្ងៃពុធ​ក្រសួង​នឹង​សម្រេច​ចិត្ត​ម្ដង​ទៀត​​ថា​តើ​​សាលា​នឹង​នៅ​តែ​បន្ត​បិទ​ទ្វារ​ទៀត​ឬ​យ៉ាង​ណា​ ដោយលោក​ថា ប្រសិន​បើ​សីតុណ្ហភាព​ឡើង​លើស​ពី​៣៩​អង់សាសេ​៣​ថ្ងៃ​ជាប់​គ្នា នោះ​សាលានឹង​នៅ​តែ​បន្ត​បិទ​។

ប្រទេស​ម៉ាឡេស៊ី​កំពុង​ជួប​ប្រទះ​បញ្ហា​អាកាសធាតុ​ក្ដីហើយ​ស្ងួត ដោយ​នាយកដ្ឋាន​ឧតុនិយម​បាន​ព្យាករណ៍​ថា ស្ថានភាព​នេះ​នឹងនៅ​តែ​បន្ត​រហូត​ដល់​​ខែ​ឧសភា ឬ​មិថុនា​ខាង​មុខ។

យោងតាម​សារព័ត៌មាន Channel News Asia លោក​ Seri Mahdzir Khalid បាន​មាន​ប្រសាសន៍​​ថា ទោះបី​ជា​មាន​ក្ដី​បាម្ភថា សិស្ស​សាលា​នឹង​ខកខាន​ថ្នាក់​រៀន​របស់​ពួក​គេ​ក៏ដោយ ក៏​ឪពុក​ម្ដាយ​ជា​ច្រើន​គឺ​ចង់​ឲ្យ​កូន​របស់​ពួកគេ​ស្ថិត​ក្នុង​សីតុណ្ហភាព​ត្រជាក់​នៅ​ផ្ទះ​ជា​ជាង​ចេញ​​ក្រៅ​ដើម្បី​ទៅ​រៀន​។

កាល​ពី​សប្ដាហ៍​មុន រដ្ឋ​មន្ត្រី​ក្រសយង​ធនធាន​ធម្មជាតិ និង​បរិស្ថាន​បាន​ប្រកាស​ពី​គោលការណ៍​ណែនាំ​ថា សាលា​អាច​បិទ​ទ្វារ​បាន​ប្រសិន​បើ​សីតុណ្ហភាព​ឡើង​លើស​៣៧​អង់សាសេ​ក្នុង​រយៈ​ពេល​ច្រើន​ជាង​៧២​ម៉ោង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ